កំពង់ស្ពឺ ៖ កម្មករកម្មការរិនីរោងចក្រចំនួន៦នាក់បានរងរបួសធ្ងន់ និង២០រងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត១គ្រឿងម៉ាក SSONG YONG ACTYON និងរថយន្ដដឹកកម្មកររោងចក្រម៉ាក Hyundai Mighty ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៥៥នាទីយប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ ភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តដឹកកម្មករ រោងចក្រ ០១គ្រឿងម៉ាក Hyundai Mighty ពណ៌ស ផ្លាកលេខភ្នំពេញ 3E-1302 បើកបរដោយឈ្មោះ ពិន រុន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងញូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរដឹកកម្មកររោងចក្រ បានបើកបរដឹកកម្មករពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានទៅបុកជាមួយ រថយន្ត ០១គ្រឿងម៉ាក SSONG YONG ACTYON ពណ៌ស សេរីឆ្នាំ២០១៧ ផ្លាកលេខ 2BH-8660 បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។ ក្នុងហេតុការណ៍នេះមានកម្មករកម្មការរិនីចំនួន៦នាក់រងរបួសធ្ងន់ និង២០នាក់រងរបួសស្រាលក្រោយកើតហេតុត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
របាយការាណ៍បញ្ជាក់ថា មុនកើតហេតុ រថយន្ដដឹកកម្មកររោងចក្រម៉ាក Hyundai Mighty បានបើកបរដឹកកម្មករពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានទៅបុកជាមួយ រថយន្ត១គ្រឿងម៉ាក SSONG YONG ACTYON បណ្ដាលឲ្យខូចខាត រថយន្តស្ទើទាំងស្រុង និងរងរបួសធ្ងន់ស្រាល២៦នាក់តែម្តង។
បើតាមការឲ្យដឹងពីកម្មករកម្មការរិនីដែលជិះនៅលើរថយន្ដហើយរងរបួសបានបញ្ជាក់ថា មុនកើតហេតុគឺរថយន្ត SSONG YONG ACTYON បើករេចុះ រេឡើង ស្ទើរពេញផ្លូវ រួចក៍រេមកបុករថយន្តដឹកកម្មករពេញទំហឹងតែម្តង។
ក្រោយពីកើតហេតុ កម្មករកម្មការិនី ដែលរងរបួសត្រូវបានសមត្ថកិច្ចអាជ្ញាធរបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជនដែលជាដៃគូររបស់ ប ស ស ៕