លោកស្រីកែវ សុខពិសី ជំរុញឲ្យក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ ខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ពលរដ្ឋ ឲ្យបានល្អបន្ថែមទៀត

0
269

ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់ដំណែង ក្រុមប្រឹក្សា ខណ្ឌបឹងកេងកង អណត្តិទី៤ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ ខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ពលរដ្ឋ ចាប់ពីថ្ងៃប្រកាសចូលកាន់តំណែងនេះតទៅ។

ជាមួយគ្នានេះលោកស្រីអភិបាលរងរាជធានីភ្នំពេញ ក៍បានណែនាំដល់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ដែលទើបតែតំាងថ្មី ក្នុងអាណត្តិទី៤នេះ ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា និងគណ:អភិបាល មន្រ្តីរាជការ និងកងកំលាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ។ ជាពិសេសត្រូវបំពេញតួនាទី ជាស្ថាប័នបញ្ញត្តិ ដែលក្រសួងមហាផ្ទៃបានដាក់ចុះ យកមកអនុវត្តឱ្យបានត្រឹមត្រូវ ហើយក៏ត្រូវពិនិត្យឱ្យបានហ្មត់ចត់នូវច្រកចេញចូលតែមួយ ក្នុងខណ្ឌរបស់ខ្លួន ដើម្បីឱ្យបានដឹងច្បាស់ពីយន្តការដំណើរការ សេវាកម្មបំរើប្រជាជនបានល្អ ត្រឹមត្រូវស្របតាមគោលការណ៍ណែនាំ ក៏ដូចជាច្បាប់បានកំណត់ហើយឬនៅ?។

លោកស្រីអភិបាលរង បន្តថាជាងនេះទៅទៀត ក្រុមប្រឹក្សា ត្រូវពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន បម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងឱកាសនោះដែរ លោក សុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌបឹងកេងកង ក៏បានជម្រាបជូនពីវឌ្ឍនៈភាពនៃការដឹកនាំ ក្នុងមូលដ្ឋាន ក៏ដូចជាការលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួននាពេលកន្លងមក សំ​ដៅ​អភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយបតប ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរជាលំដាប់ ក្នុងនោះបានអនុវត្តនូវអភិក្រមទាំង៥ ក៏ដូចជាអនុវត្តនយោបាយភូមិឃុំមានសុវត្តិភាពបានយ៉ាងល្អប្រសើរផងដែរ។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខណ្ឌបឹងកេងកងនេះ លោក គឹម ឈុនអ៊ូ ត្រូវបានតែងតំាងជាប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បន្តក្នុងអាណត្តិទី៤ ដែលមានសមាជិកចំនួន១៦រូបផ្សេងទៀត៕

 

Facebook Comments
Loading...