វត្តជេដ្ឋាឧត្តម ប្រារព្ធធ្វើពិធីបុណ្យវិសាខបូជា និងបំបួសកុលបុត្រមកពីទីជិតឆ្ងាយចំនួន៨អង្គ នាក់

0
586

ភ្នំពេញ ៖ វត្តជេដ្ឋាឧត្តម (ហៅវត្តគ្រួស) បានប្រារព្ធធ្វើពិធីបុណ្យវិសាខបូជា ដែលពុទ្ធសាសនិកទូទាំងប្រទេសកម្ពុជា និងពិភពលោក តែងប្រារព្ធឡើងរៀងរាល់ឆ្នាំ ក្នុងនោះនាថ្ងៃ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនិងថ្ងៃទី២២ ខែឧសាភ ឆ្នាំ២០២៤នេះ វត្តជេដ្ឋាឧត្តម ក៍បានធ្វើពិធីបំបួសកុលបុត្រមកពីទីជិតឆ្ងាយចំនួន៨អង្គ នាក់ ផងដែរ ដែលបួសជាសាមណេរចំនួន៥អង្គ បួសជាភិក្ខុចំនួន៣អង្គ។

ព្រះញាណវិសុទ្ធិវង្ស សាត វិបុល ព្រះរាជាគណៈថ្នាក់ចត្វា ព្រះវិន័យធរអនុគណខណ្ឌព្រែកព្នៅ មានថេរដីកាថា វត្តជេដ្ឋាឧត្តម មានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែក ពិធីបំបួសនេះធ្វើឡើងចំថ្ងៃវិសាខបូជាតែម្តង ដើម្បីឱ្យកូនខ្មែរឈ្វេងយល់ និងចូលរួមប្រារព្ធបុណ្យវិសាខបូជា ដែលពុទ្ធសាសនិកទូទាំងពិភពលោក តែងប្រារព្ធឡើងរៀងរាល់ឆ្នាំផង និងផ្តល់ឱកាសឱ្យពួកគាត់ចូលសាងផ្នួស ដើម្បីតបគុណចំពោះអ្នកមានគុណរបស់ខ្លួន មានមាតាបិតា អាណាព្យាបាល ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរបស់ប្រទេសជាតិផងដែរ។

ព្រះអង្គបន្តថា អ្នកបួសទាំងនេះ នឹងទទួលបានមេរៀនដោយការស្វាធ្យាយសូត្រធម៌នមស្សការ សមាទានសីល មេរៀន មាគ៌ាអភិវឌ្ឍជីវិត និងភាពជាអ្នកដឹកនាំល្អ មេរៀនពុទ្ធប្រវត្តិ និង ពិធីកម្មផ្សេងៗ មានពិធីបុណ្យវិសាខបូជាជាដើម។ ទន្ទឹមនេះត្រូវ ខិតខំប្រតិបត្តិខ្លួនជាមនុស្សល្អ៥យ៉ាង កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាពុទ្ធសាសនិកល្អ។

ព្រះញាណវិសុទ្ធិវង្ស សាត វិបុល បញ្ជាក់ថា ការបួសគឺជាការដាក់ចិត្តដាក់កាយមួយផ្នែកធំនៃជីវិតដែលមនុស្សជាច្រើនមិនងាយនឹងធ្វើបាន ពីព្រោះអ្នកបួសគឺជាអ្នកដែលមានសទ្ធាជឿទៅលើបុណ្យ បាប កម្មផល ជឿទៅលើសេចក្តីល្អ ហើយដាក់ចិត្តវៀរចាកការសប្បាយផ្សេងៗដែលឥតប្រយោជន៍ និងលះបង់ការចងកម្មពៀរជាមួយមនុស្សសត្វគ្រប់ប្រភេទ។

ព្រះអង្គបន្ថែមថា ការសាងផ្នួសបួសជាព្រះសង្ឃនេះជាប្រការល្អណាស់សម្រាប់កុលបុត្រគ្រប់រូបធ្វើការពិចារណាថា មនុស្សយើងទោះបីជាយើងមានអ្វីៗគ្រប់យ៉ាងក៏ដោយ ក៏មិនអាចខ្វះនូវព្រះធម៌បានដែរ គឺយើងត្រូវការព្រះធម៌ដើម្បីបដិបត្តិតាមគន្លងផ្លូវល្អ ព្រះធម៌គឺជាថ្នាំម្យ៉ាងដែលអាចជួយការពារទ្រព្យសម្បត្តិ មុខមាត់ តួនាទី កិត្តិយស និងសេចក្តីសុខរបស់យើងគ្រប់យ៉ាងតាំងពីបច្ចុប្បន្នរហូតទៅបរលោក។

​សូមបញ្ជាក់ថា វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា បាន​ចាត់ទុកជា​បុណ្យជាតិ​។ ជាងនេះទៀត ប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពី​ឆ្នាំ​១៩៩៩។

​ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។ ព្រឹត្តិការណ៍​ទាំងនោះ គឺ ការ​ប្រសូត ការ​ត្រាស់ដឹង ការចូល​និព្វាន​៕

 

Facebook Comments
Loading...