លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន ត្រូវបានសមាជិកព្រឹទ្ធសភាចំនួន៤០រូប ដាក់ញត្តិទៅតុលាការធម្មនុញ្ញ ឱ្យបណ្តេញចេញពីតំណែង

0
430

បរទេស ៖ សមាជិកព្រឹទ្ធសភាចាំផ្ទះចំនួន៤០រូប បានដាក់ញត្តិទៅតុលាការធម្មនុញ្ញរបស់ប្រទេសថៃ ឱ្យបណ្តេញលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ចេញពីតំណែងកាលពីថ្ងៃទី១៧ ខែឧសភា ជុំវិញការតែងតាំងលោក ភីឈីត មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជារដ្ឋមន្ត្រី ដែលពួកគេបានចាត់ទុកថា បំពានរដ្ឋធម្មនុញ្ញ។

សមាជិកព្រឹទ្ធសភាបានជំទាស់នឹងការតែងតាំងលោក ភីឈីត ឈឿនបាន (Pichit Chuenban) ដែលជាអតីតមេធាវី ជារដ្ឋមន្ត្រីនៅការិយាល័យរបស់លោក សេដ្ឋា កាលពីខែមុន ក្នុងអំឡុងការរុះរើគណៈរដ្ឋមន្ត្រី។ លោក ភីឈីត ត្រូវបានជាប់ពន្ធនាគាររយៈពេលប្រាំមួយខែក្នុងឆ្នាំ ២០០៨ ពីបទមើលងាយតុលាការបន្ទាប់ពីការចោទប្រកាន់ថាបានប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការចំនួន ២ លានបាត (៥៥ ២១៨ ដុល្លារ) លាក់នៅក្នុងថង់គ្រឿងទេសមួយ។ អាជ្ញា​បណ្ណ​ច្បាប់​របស់​លោក​ត្រូវ​បាន​ក្រុម​ប្រឹក្សា​មេធាវី​នៃ​ប្រទេស​ថៃ​ព្យួរ​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ។

សមាជិកព្រឹទ្ធសភាបានលើកឡើងថា ពួកគេកំពុងស្វែងរកសេចក្តីសម្រេចរបស់តុលាការថាតើលោក ភីឈីត មានសុចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញដើម្បីកាន់តំណែងជារដ្ឋមន្ត្រី និងថាតើលោក សេរីរដ្ឋា បានបំពានច្បាប់ដោយការតែងតាំងដែរឬទេ។ ជុំវិញបញ្ហានេះ ព្រឹទ្ធសមាជិក លោក ឌឺរេគ្រីដ ជេនក្រងថាំ (Derekrid Janekrongtham) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖«លោក ភីឈីត មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជារដ្ឋមន្ត្រី ប៉ុន្តែនាយករដ្ឋមន្ត្រីនៅតែតែងតាំងគាត់សម្រាប់តំណែងនេះ»។  លោកបន្ត​ថា​៖«​ចំណាត់​ការ​របស់​នាយក​រដ្ឋមន្ត្រី​អាច​នឹង​បំពាន​លើច្បាប់​ផង​ដែរ»។

អ្នករិះគន់រាជរដ្ឋាភិបាលបញ្ចេញមតិថា លោក ភីឈីត ត្រូវបានតែងតាំងក្នុងគណៈរដ្ឋមន្ត្រី ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់គាត់ជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានត្រឡប់មកប្រទេសថៃកាលពីឆ្នាំមុន បន្ទាប់ពីបាននិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេល ១៥ ឆ្នាំ។ លោកថាក់ស៊ីននៅតែមានឥទ្ធិពលនយោបាយយ៉ាងច្រើនលើសលប់លើរដ្ឋាភិបាល។

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក ឆៃ វ៉ាចារ៉ុង (Chai Wacharonke) បានច្រានចោលការចោទប្រកាន់របស់សមាជិកព្រឹទ្ធសភា ហើយបាននិយាយថា៖«រដ្ឋាភិបាលបានពិនិត្យយ៉ាងប្រុងប្រយ័ត្ននូវគុណវុឌ្ឍិរបស់លោក ភីឈីត ។​ ក្រុមអ្នកច្បាប់របស់យើងបញ្ជាក់ថាការតែងតាំងនេះគឺស្របច្បាប់ និងមិនមានបញ្ហាជាមួយនឹងគុណវុឌ្ឍិរបស់គាត់»។ គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភាចំនួន ៤០ រូប ដែលអាណត្តិបានបញ្ចប់កាលពីដើមខែនេះ ប៉ុន្តែនៅតែបំពេញតួនាទីរហូតដល់ដំណើរការជ្រើសរើសថ្មីត្រូវបានបញ្ចប់ក្នុងខែកក្កដា គឺជាផ្នែកនៃសភាជាន់ខ្ពស់ដែលត្រូវបានតែងតាំងដែលត្រូវបានណែនាំដោយយោធា នៅពេលដែលយោធាបានផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ប្រទេសថៃបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤៕

Facebook Comments
Loading...