ចក្រភពអង់គ្លេសមានជំហរខុសគ្នាទាំងស្រុងពីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការផ្តល់អាវុធទៅឱ្យប្រទេសអ៊ីស្រាអ៊ែល

0
459

បរទេស ៖ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោកDavid Cameronថ្លែងថាការហាមឃាត់មិនឱ្យអង់គ្លេសនាំអាវុធទៅអ៊ីស្រាអ៊ែល នឹងកាន់តែពង្រឹងកម្លាំងក្រុមហាម៉ាស់ ហើយចក្រភពអង់គ្លេសមានជំហរខុសគ្នាទាំងស្រុងពីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការផ្តល់អាវុធទៅឱ្យប្រទេសអ៊ីស្រាអ៊ែល។

លោក David Cameron(ដេវីត កាំមេរូន) រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលើកឡើងនៅថ្ងៃអាទិត្យថា ការបញ្ឈប់ការលក់អាវុធរបស់ចក្រភពអង់គ្លេសទៅឱ្យប្រទេសអ៊ីស្រាអ៊ែល ប្រសិនបើអ៊ីស្រាអ៊ែលវាយលុយចូលទីក្រុងRafah(រ៉ាហ្វា)នៅតំបន់ហ្គាហ្សានោះ នឹងក្លាយជាការពង្រឹងកម្លាំងក្រុមហាម៉ាសទៅវិញតែប៉ុណ្ណោះ។

មន្ត្រីអ៊ីស្រាអ៊ែល បានបញ្ជាឱ្យពលរដ្ឋប៉ាលេស្ទីនកាន់តែច្រើនឡើងត្រូវជម្លៀសចេញពីទីក្រុងរ៉ាហ្វា(នៅថ្ងៃសៅរ៍) ដែលនេះជាសញ្ញាបង្ហាញថា អ៊ីស្រាអ៊ែល នឹងនៅតែបន្តអនុវត្តន៍ផែនការវាយប្រហារដីគោក បើទោះជាមានការគំរាមកំហែងពីប្រធានាធិបតីអាមេរិកលោកJoe Biden ថានឹងឈប់ផ្គត់ផ្គង់អាវុធឱ្យអ៊ីស្រាអ៊ែលក៏ដោយ។

រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោកCameron ថ្លែងថា លោកមិនគាំទ្រការវាយប្រហារចូលទីក្រុងRafah(រ៉ាហ្វា)ឡើយ ប្រសិនបើគ្មានផែនការការពារពលរដ្ឋស៊ីវិលរាប់ពាន់ម៉ឺននាក់ដែលកំពុងជ្រកកោននៅទីក្រុងមួយនេះ។

រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសរូបនេះបន្តថា «ប៉ុន្តែ ចក្រភពអង់គ្លេសមានជំហរខុសគ្នាទាំងស្រុងពីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការផ្តល់អាវុធទៅឱ្យប្រទេសអ៊ីស្រាអ៊ែល»។ លោកកត់សម្គាល់ថា អាវុធអ៊ីស្រាអ៊ែលតិចជាង១ភាគរយដែលយកពីប្រទេសអង់គ្លេស បានស្ថិតនៅក្រោមប្រព័ន្ធអាជ្ញាប័ណ្ណដ៏តឹងរឹងរួចជាស្រេចទៅហើយ៕

 

Facebook Comments
Loading...