សម្ដេចធិបតី ហ៊ុន ម៉ាណែត ! រាជរដ្ឋាភិបាលបានកំណត់យកប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា

0
226

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងការអញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី៧​ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា ស្របតាមនិន្នាការតំបន់ និងសកលលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ ហើយដែលមិនទាន់ចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឱ្យបានឆាប់ចំពោះក្រសួង-ស្ថាប័នដែលបានចូលរួមរួចហើយ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារឱ្យបានប្រកបដោយ គុណភាព និង ប្រសិទ្ធភាពខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយ ជាតិ ត្រូវតាមដាន និងវាយតម្លៃការអនុវត្ត ព្រមទាំងបន្តកែលម្អ និងពង្រីកមុខងារប្រព័ន្ធ ក៏ដូចជាពង្រីកការតភ្ជាប់ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ដើម្បីបន្តឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ធុរជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត​ បានថ្លែងថា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានខិតខំធ្វើទំនើបកម្មជាច្រើលើ ការងារសំខាន់ៗរបស់ខ្លួន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ម្យ៉ាងដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់ខ្លួន និងម្យ៉ាងទៀត ក្នុងគោលបំណងជំរុញកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងពង្រីកវិសាលភាពទីផ្សារ និងកាលានុវត្តភាពសេដ្ឋកិច្ចសម្រាប់កម្ពុជា តាមរយៈការកាត់បន្ថយនីតិវិធីរដ្ឋបាល និងចំណាយលើសេវាសាធារណៈ ជាពិសេសការបង្កើតប្រសិទ្ធភាពនៃប្រព័ន្ធប្រតិបត្តិការនៃវិស័យឯកជន។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ស្របតាមនិន្នាការតំបន់ និងសកលលោក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកបច្ចេកវិទ្យា​ ជាពិសេសបច្ចេកវិទ្យាឌីជីថល គឺជាកាតាលីករគន្លឹះមួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ សម្ដេច ថា ជាក់ស្ដែង រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាមួយនឹងចក្ខុវិស័យកសាងសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ជំរុញការចាប់យក និងការធ្វើបដិវត្តកម្មឌីជីថល នៅគ្រប់ស្ថាប័នរដ្ឋ និងឯកជន។

បន្ថែមពីលើនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏លើកឡើងដែរថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានបន្ថែមបច្ចេកវិទ្យា ជាអាទិភាពថ្មីមួយ សម្រាប់ការឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤ និងការបដិវត្តកម្មឌីជីថល ក៏ដូចជាការឆ្លើយតបតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជា ប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

 

Facebook Comments
Loading...