ប្រធានក្រុមប្រឹក្សាខណ្ឌ កោតសរសើរ គណៈអភិបាលខណ្ឌបឹងកេងកង និងគ្រប់បណ្ដា អង្គភាពពាក់ព័ន្ធទាំងអស់ដែលអនុវត្តការងារបានល្អក្នុងបឹងកេងកង

0
292

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៩ អណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី៣០ខែមេសានេះ ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានសសើរដល់គណអភិបាលខណ្ឌ និងបណ្តាអង្គភាពពាក់ព័ន្ធដែលអនុវត្តការងារបានល្អនាពេលកន្លងមក ហើយក៍បានស្នើឲ្យរដ្ឋបាលខណ្ឌ យកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន ពិសេសក្នុងឱកាស បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី និង ក្រុមប្រឹក្សាខណ្ឌនាពេលខាងមុខ។

លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបានលើកឡើងថា ក្នុងខែមេសា កន្លងមកនេះ ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងខណ្ឌបឹងកេងកង មានលក្ខណៈល្អប្រសើរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានប្រព្រឹត្តិទៅយ៉ាងរលូន ប្រកបដោយភាពសប្បាយរីករាយ តែទោះជាយ៉ាងនេះក្ដី បានស្នើឲ្យរដ្ឋបាលខណ្ឌបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត លើបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ព្រោះថានៅក្នុងខែឧសភានេះកម្ពុជាយើងមានកម្មវិធីបុណ្យជាច្រើន ក្នុងនោះមានទិវាពលកម្មអន្ដរជាតិ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ពិធីបុណ្យវិសាខបូជា និង ព្រះរាជពិធី ច្រត់ព្រះនង្គ័ល ហើយ ពិសេសទៀតនោះ គឺយុទ្ធនាការឃោសនាបោះឆ្នោត និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌ រាជធានី ដែលទាមទារឲ្យរដ្ឋបាល ខណ្ឌ ត្រូវប្រឹងប្រែងការពារសន្ដិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក៏ដូចជាជូនគណបក្សនយោបាយដែលចូលរួមបោះឆ្នោត។

ក្នុងឱកាសនោះ លោក សុខ សម្បត្តិ អភិបាលណៃគណៈអភិបាលខណ្ឌបឹងកេងកង បានលើកឡើងថា ក្នុងកន្លងមក រដ្ឋបាលខណ្ឌ បឹងកេងកង បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈបរិស្ថានអនាម័យ ក្នុងមូលដ្ឋាន ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ស្ថានភាពសន្ដិសុខ មានលក្ខណៈល្អប្រសើរ ប្រជាពលរដ្ឋបានសម្ដែងនូវភាពសប្បាយរីករាយ បានធ្វើដំណើរទៅកន្លែងកំសាន្ដនាដែលអាជ្ញាធរបានរៀបចំ ដែលនេះ បាន ឆ្លុះបញ្ចាំង ពីការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់សន្ដិភាពដ៏ថ្លៃថ្លា។

ក្នុងឱកាសនោះដែរ លោក សុខ សម្បត្តិ បានណែនាំដល់កងកម្លាំងក្រោមឱវាទ ព្រមទាំង គណៈបញ្ជាការឯកភាពសង្កាត់ ត្រូវយកបន្ដចិត្តទុកដាក់ ថែរក្សាសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋាន ដោយចាត់ចែងកម្លាំង យាមកាម ប្រចាំការ នៅតាមទីតាំង គោលដៅ ឲ្យបានជាប់ជាប្រចាំ។ អនុវត្តការងារល្បាត នៅតាមតំបន់ដែលមានបញ្ហាប្រឈម ជម្រុញការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព ឲ្យបានខ្លាំងក្លា ព្រោះការងារនេះ គឺមានការប្រលងប្រណាំងដែលមានក្រុមការងារក្រក្រសួងមហាផ្ទៃ ជាអ្នកត្រួតពិនិត្យនិងវាយតម្លៃទៀតផង។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានកោតសរសើរ គណៈអភិបាលខណ្ឌ និងគ្រប់បណ្ដា អង្គភាពពាក់ព័ន្ធទាំងអស់ ដែលកន្លងមកនេះ បានយកចិត្តទុក ដាក់រួមសហការគ្នាក្នុងការ ការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អ។ ជាមួយនេះ សូមបន្ដ យកចិត្តទុកដាក់ លើកម្ពស់ស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីធ្វើឲ្យមូលដ្ឋាន មានសន្ដិសុខ សុវត្ថិភាពកាន់តែល្អប្រសើរ ពិសេសគឺក្នុងឱកាស យុទ្ធនាការឃោសនាបោះឆ្នោត និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌ រាជធានី  ដែលនឹងប្រព្រឹត្តិទៅ នៅក្នុងខែឧសភានេះ៕

Facebook Comments
Loading...