ភ្នំពេញ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានផ្ដល់បណ្ណកម្មសិទ្ធដីធ្លីជូនដល់ប្រជាពលរដ្ឋ នៅភូមិកាន់ទ្រង់ និងភូមិត្រពាំងរនាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ប្រមាណជាង៨៧៦បណ្ណ បន្ទាប់ពីដំណើរចុះបញ្ជីរួចរាល់ជាស្ថាពរ។
បើតាមលោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យដែនដីនគររូបនីយកម្ម និងសំណង់ខណ្ឌព្រែកព្នៅ បានប្រាប់ឲ្យដឹងថា មន្ត្រីភូមិបាលខណ្ឌបានធ្វើការវាស់វែងចុះបញ្ជីជូនប្រជាពលរដ្ឋទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទាំងពេលភ្លៀង ទាំងថ្ងៃក្តៅមិនមានត្អូញត្អែរនោះទេ ព្រោះចង់ឲ្យបានលឿនដើម្បីបានបណ្ណជូនបងប្អូនប្រជាពលរដ្ឋយកទៅប្រើប្រាសតាមតម្រូវការក្នុងក្រុមគ្រួសារៀងៗខ្លួន។
លោកបន្តថា ក្នុងការយ៉ឺតយ៉ាវបន្តិចបន្តួច សូមបងប្អូនមានការយោគយល់ និងអធ្យាស្រ័យមិនមែនដោយសារមន្ត្រីជំនាញយើងទេ គឺបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចគាត់ខ្វះឯកសារគ្រប់គ្រាន់តែប៉ុណ្ណោះ បើបងប្អូនប្រជាពលរដ្ឋមានឯកសារគ្រប់គ្រាន់ហើយមន្ត្រីជំនាញយើងធ្វើជូនមិនឲ្យរងចាំយូនោះទេ។ ក្នុងនោះផងដែរលោកប្រធានភូមិបាលខណ្ឌ ក៍បានអំពាវនាវឱ្យ ប្រជាពលរដ្ឋដែលមានដីនៅក្នុងសង្កាត់ពន្សាំង មិនទាន់បានចុះបញ្ជី សូមមកចុះឈ្មោះឲ្យបានគ្រប់គ្នាដើម្បីឲ្យដំណើរការនៃការចុះបញ្ជីនេះ ប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋទាំងអស់គ្នា។
ចំណែកលោក ពៅ រតនៈ អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចប្បន្ននេះ ក្រុមការងារ បច្ចេកទេស ឬ ក្រុមវាល កំពុងយកចិត្តទុកដាក់ក្នុងការចុះទៅ ស្រង់ទិន្នន័យវាស់វែង កំណត់ព្រំដីជាបន្ដបន្ទាប់ ដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដីដោយសហការជាមួយមន្ដ្រីសង្កាត់និងមេភូមិ ដើម្បីជម្រុញការងារនេះ ឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ។ លោកបន្តថា ដីគឺជាអាយុជីវិត មានតែដី គ្មានបណ្ណ សម្គាល់ គឺមិនប្រសើរឡើយ នៅពេលនេះបងប្អូនមានបណ្ណសំគាល់ដីធ្លីរបស់ខ្លួនហើយ សូមបងប្អូនថែរក្សាវាឲ្យបានល្អ។
ដោយឡែកលោក ឆើម សេរីវឌ្ឍន៍ អភិបាលរងខណ្ឌព្រែកព្នៅមានប្រសាសន៍ថា បណ្ណកម្មសិទ្ធផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។ ប័ណ្ណនេះ បងប្អូនអាច យកទៅដាក់ធនាគារ ដើម្បីយកថវិកា មកប្រកបរបរអាជីវកម្មផ្សេងៗបានថែមទៀត។ ម្យ៉ាងទៀតវាមានសារៈសំខាន់ដល់ រដ្ឋព្រោះវា ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្របនិងគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូលចំណូលថវិកាជាតិនិងផ្តល់ លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការវិនិយោគលើកស្ទួយសេដ្ឋជាតិឲ្យបានកាន់តែប្រសើរ។
លោកបញ្ជាក់ថា ការសហកាជាមួយមន្ត្រីជំនាញបានល្អគឺដូចជួយខ្លួនឯង ជួយអ្នកដទៃដែលជាប់ព្រុំ ឆាប់បានបណ្ណទាំងអស់គ្នា។ ជាងនេះទៅទៀតមេភូមិ សូមកុំប៉ះពាល់ដីរួមឲ្យសោះ ត្រូវឈរឈ្មោះតំណាងឲ្យដីរួមដែលជាដីរបស់រដ្ឋចុះបញ្ជីឲ្យបានគ្រប់កន្លែង ដើម្បីទុកជាប្រយោជន៍រួមទាំងអស់គ្នា៕