រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ! ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ អ្នកអាចក្លាយជាឃាតករគ្រប់វិនាទី

0
265

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឲ្យអ្នកជាដាច់ខាត ខណៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង១ ៥០០នាក់បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។

តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃ២៣ មករា លោកឧបនាយករដ្ឋមន្ត្រី ស សុខា គូសបញ្ជាក់ថា “ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឲ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឲ្យអ្នកជាដាច់ខាត”។

លោកឧបនាយករដ្ឋមន្ត្រីបន្ដថា បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ឬបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើននាក់ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ ទៅ ៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់ និងសំណងរដ្ឋប្បវេណី។

យ៉ាងណាក៏ដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខាក៏បានលើកឡើងពីករណីជាក់ស្ដែងថ្មីៗនេះក្នុងអាការៈស្រវឹងជោគ ជនបង្កបានបុករះបណ្ដាលឲ្យមានជនរងគ្រោះស្លាប់ដល់ទៅ៤នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។លោកថា រឿងហេតុនេះ ត្រូវបានសាធារណមតិកំពុងជជែកគ្នាយ៉ាងក្ដៅគគុកអំពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗ ដែលបណ្ដាលមកពីអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយគ្រឿងស្រវឹង បានក្លាយជាប្រធានបទធំមួយក្នុងចំណោមប្រធានបទសំខាន់ៗដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបិទសន្និបាតរបស់ក្រសួងព័ត៌មាន។ ជាមួយនឹងការសោកស្ដាយចំពោះរឿងហេតុដែលកើតឡើងថ្មីៗនេះ សម្ដេចនាយករដ្ឋមន្រ្តី បានណែនាំឲ្យរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះសម្តេចបញ្ជាលោកឧត្តមសេនីយ៍ឯក ស ថេត ត្រូវបង្កើនសកម្មភាពត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ផងដែរ។

ជាមួយគ្នានេះ សម្ដេចធិបតីនាយកដ្ឋមន្ត្រីក៏បានណែនាំដោយផ្ទាល់ និងប្រកបដោយភាពម៉ឺងម៉ាត់ឲ្យឃាត់ខ្លួន និងវាយខ្នោះជាបន្ទាន់ រាល់ជនណាដែលមានជាតិស្រវឹងក្នុងខ្លួន ហើយបើកបរបង្កគ្រោះថ្នាក់បណ្ដាលឲ្យអ្នកដទៃរងរបួស ឬស្លាប់ ខណៈក្រសួងមហាផ្ទៃក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានអ្នករងរបួស ឬស្លាប់៕

Facebook Comments
Loading...