សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ! ទិវាសន្តិភាពនៅកម្ពុជា គឺសម្រាប់ខ្មែរទាំងអស់គ្នា មិនមែនធ្វើឡើងសំរាប់តែត្រកូលហ៊ុនទេ

0
252

កោះកុង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង១ម៉ឺននាក់ នៅក្នុងស្រុកមណ្ដលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ទិវាសន្តិភាពនៅកម្ពុជា មិនមែនធ្វើឡើងសំរាប់តែត្រកូលហ៊ុនទេ គឺដើម្បីខ្មែរទាំងអស់គ្នា ដែលស្រលាញ់សន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានអ្នកខ្លះចេញមករិះគន់ថាថ្ងៃ ២៩ធ្នូ ជាការធ្វើដើម្បីត្រកូលហ៊ុន ។ សម្ដេច ថា យើងធ្វើដើម្បីខ្មែរទាំងអស់ ដែលបានផលពីសន្តិភាពទូទាំងប្រទេស ខណៈទិវាសន្តិភាពនៅកម្ពុជានេះ គឺជាផលសម្រាប់យើងទាំងអស់គ្នា របស់ប្រជាពលរដ្ឋទាំងអស់គ្នា សម្រាប់បច្ចុប្បន្ន និងអនាគត។

សម្តេចធិបតី បានបញ្ជាក់ថា ថ្ងៃ៩ វិច្ជិការ បុណ្យឯករាជជាតិ, ថ្ងៃ៧មករា ថ្ងៃកំណើតទី២ និងថ្ងៃ២៩ធ្នូ គឺដើម្បីរំលឹកដល់ខ្មែរឱ្យស្រលាញ់សន្តិភាព រាប់ពាន់ឆ្នាំទៅមុខទៀត គ្មានអ្វីខុសទេ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ខ្ញុំមានសំណួរថា តើខ្មែរក្រហមសម្លាប់មនុស្សទេ? ក្រោយពេលដែលមានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ខ្មែរក្រហមបានមកផ្តួល និងមិនបានសម្លាប់ពលរដ្ឋទៀតទេ ។ ដូច្នេះការរំដោះ៧ មករា ១៩៧៩ បានធ្វើឱ្យយើងមានអ្វីៗទាំងអស់ដល់សព្វថ្ងៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើថា “កុំយកនិន្នាការនយោបាយមកបកស្រាយប្រវត្តិសាស្រ្ត ត្រូវយកប្រវត្តិសាស្រ្តបកស្រាយប្រវត្តិសាស្រ្ត “។

សូមរំលឹកថា កាលពីថ្ងៃទី១ មករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា និងជាថ្ងៃឈប់សំរាកសាធារណៈ។

២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃ បុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺ ការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ ជាការរំលឹកដល់ការសម្រេចបាន នូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាពនិងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨៕

 

Facebook Comments
Loading...