គណបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកងផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសដល់មន្ត្រីថ្នាក់មូលដ្ឋាន

0
256

ភ្នំពេញ ៖ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៩-១០ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការ ចំនួនសរុប៣,៦០០នាក់ នៅពីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ដើម្បីឲ្យសេចក្តីសម្រេចខាងលើកាន់តែគ្របដណ្ដប់ថែមទៀតនោះ គណបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំបន្តផ្សព្វផ្សាយ ខ្លឹមសារនៃមហាសន្និបាត តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកា ថ្នាក់មូលដ្ឋានរបស់ខ្លួន ដើម្បីយកទៅអនុវត្តន៍ និងបន្តផ្សព្វផ្សាយដល់សមាជិកសមាជិកា ឲ្យកាន់តែយល់ជ្រួលជ្រាប ពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យ។

លោក សុខ សម្បត្តិ ប្រធានគណកម្មធិការគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង បានបង្ហាញពីជំហរដ៏មុះមុតរ បស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការការពារ អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិសេរីភាព ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូច ជាការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ នាំប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ជាមួយគ្នានោះ លោកប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង ក៏បានជម្រាបជូនអំពីខ្លឹមសារលំអិតទាំង៩ចំណុច ដែលមហាសន្និបាត បានសម្រេច ដើម្បីឲ្យថ្នាក់ដឹកនាំ សមាជិកសមាជិកា បានយល់កាន់តែជ្រូតជ្រាបថែមទៀតអំពីទស្សនៈវិស័យក្នុងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ការដឹកនាំប្រទេស របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍ តាមផែនការដែលបានកំណត់ទុក។

លោកប្រធានក៏បានជំរុញដល់ថ្នាក់ដឹកនាំមូលដ្ឋាន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រ គណបក្ស ប្រជាជនកម្ពុជាដឹកនាំប្រទេស ដើម្បីរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដូចអារិយៈប្រទេស នៅក្នុងតំបន់និងពិភពលោក។

ក្នុងនោះផងដែរលោក សុខ សម្បត្តិ ក៍បានជំរុញឲ្យប្រជាពលរដ្ឋទូទាំងអស់ បន្តគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះ ចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សំដៅការពារ ថែរក្សា ពួនជ្រុំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៥០ កម្ពុជាប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

លោកប្រធានបានរំលឹកទៀតថា មហាសន្និបាតបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលដ៏ខ្លីនៃការកាន់តំណែងរបស់ខ្លួន បានសម្រេចលទ្ធផលជាច្រើន ប្រកបដោយមោទនភាពក្នុងការថែរក្សាស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជន ជាពិសេសការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាព ទាំង៦៦ចំណុច និងវិធានការគន្លឹះទាំង៥ ចំណុចដែលផ្តោតលើការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, កាលើកកម្ពស់គុណភាព សេវាសុខាភិបាល, ការពង្រឹងការអនុវត្តគោលនយោ បាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

សូមជម្រាបផងដែរថា នៅព្រឹកដដែលនោះ លោក សុខ សម្បត្តិ និងថ្នាក់ដឹកនាំក៏បានជួបសំណេះសំណាល និងផ្ដល់ប័ណ្ណសរសើរដោយផ្ទាល់ ដល់ក្រុមយុវជននៃគណបក្សប្រជាជនកម្ពុជា ប្រចាំខណ្ឌបឹងកេងកង ជាច្រើនរូប ដើម្បីជាការលើកទឹកចិត្ត សម្រាប់កិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ក្នុងការកសាងកម្លាំងយុវជននៅក្នុងមូលដ្ឋាននាពេលកន្លងមក ក៏ដូចបន្តកិច្ចការនេះឲ្យកាន់តែមានប្រសិទ្ធភាពនាពេលខាងមុខ៕

Facebook Comments
Loading...