រមណីយដ្ឋានអង្គរ រកចំណូលបានជិត៣៨លានដុល្លារ ក្នុងឆ្នាំ២០២៣កន្លងមកនេះ

0
277

ភ្នំពេញ ៖ បើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរដែលជាអ្នកគ្រប់គ្រងចំណូលពីការលក់បណ្ណ ឬសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល១២ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបានសរុបជិត៣៨លានដុល្លារអាមេរិក។

របាយការណ៍គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ មានទេសចរបរទេសសរុប ៧៩៨ ០៦៩នាក់ បានចូលទិញ សំបុត្រទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ កើនឡើង ១៧៧,៧៣ភាគរយធៀបនឹងឆ្នាំ២០២២។ ចំនួននេះគិតជាថវិកា ស្មើនឹង ៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក ស្មើនឹងជាង២០០ភាគរយធៀបនឹងឆ្នាំ២០២២។

គ្រឹះស្ថានអង្គរក៏បានរាយការណ៍ពីការលក់សំបុត្រនៅប្រាសាទកោះកែរផងដែរ ដែលសរុបទាំង ១២ខែ ឆ្នាំ២០២៣ បានចំនួន ២២២ ០៩០ដុល្លារ លើអ្នកទេសចរបរទេស ១៤ ៨០៦នាក់។ ចំណែកនៅតំបន់ចុងឃ្នៀស ភ្នំក្រោម រកចំណូលពីការលក់សំបុត្រទូកបានចំនួន ៥៦៤ ៦៧១ដុល្លារ។

ជាមួយគ្នានេះដែរ ថវិកាដែលបានឧបត្ថម្ភចូលនិធិគន្ធបុប្ផារយៈពេល១២ខែ ឆ្នាំ២០២៣ សរុបមានចំនួន ១ ៥៩៦ ១៣៨ដុល្លារអាមេរិក។

Facebook Comments
Loading...