អាគារសិក្សាមួយខ្នងមានតម្លៃជាង៨ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅសាលាបឋមសិក្សាទួលសាគរ

0
201

ភ្នំពេញ ៖ អគារសិក្សាមួយខ្នងមាន៥បន្ទប់ ស្ថិតនៅក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ សាងសង់ដោយ ឧបាសក អ៊ុង សាក់ និងឧបាសិកា មុត សាម៉េត ព្រះទាំងកូនចៅ រស់នៅ ភូមិដងគោម ឃុំកំពង់ អុស ស្រភេពញាឮ ខេត្តកណ្តាល ត្រូវបានរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០២៣ ក្រោមវត្តមានលោក ធឹម សំអាន អភិបាលនៃគណៈអភិបាល ខណ្ឌព្រែកព្នៅ។

បើតាមអ្នកតំណាងរបស់សប្បុរសជនលោកអ៊ុង សេរី បានឱ្យដឹងថា ដោយពិនិត្យពីភាពខ្វះខាត បន្ទប់រៀននៃសាលាបឋមសិក្សាទួលសាគរ និងរំលឹកអនុស្សាវរីយ៍ ដែលធ្លាប់បានបំពេញការងារ ជាលេខាបក្សនៅក្នុងសង្កាត់សំរោង កាលពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩០ផងនោះ ទើបឧបាសក អ៊ុង សាក់ និង ឧបាសិកា មុត សាម៉េត ព្រមទាំងកូនចៅ បានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីកសាងអគារសិក្សាថ្មីមួយនេះឡើង ជាការរួមចំណែកលើកស្ទួយ វិស័យអប់រំជាតិផង និងទុកជាស្នាដៃដល់កូនចៅ ប្រជាពលរដ្ឋ នៅភូមិសំរោងត្បូង ជាពិសេស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាទួលសាគរ បានសិក្សា រៀនសូត្រផង និងដើម្បីអនាគតជាតិរបស់រូបលោកទាំងទ្វេរផង។

អគារសិក្សាថ្មីនេះ បានចាប់ផ្តើមក្រុងពាលី បុកគ្រឹះកសាងឡើង ពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣ រហូតមកដល់ថ្ងៃទី ២៤ ខែធ្នូ សាងសង់រួចរាល់ អស់ទឹកប្រាក់សរុបចំនួន ៨៣១១៨ដុល្លា អគារនេះ សាងសង់អំពីបេតុង ប្រក់ក្បឿងមាន៥បន្ទប់ បំពាក់តុនិងកៅអីសិស្សសរុបចំនួន ១១០ តុគ្រូនិងកៅអីគ្រួសរុបចំនួន៥ និងបំពាក់ក្តារខៀនកញ្ចក់ចំនួន៥ផងដែរ។

នាឱកាសនោះដែរ លោក ធឹម សំអាន បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ចូលរួមថែរក្សា អគារសិក្សាដ៏ថ្មីសាឡាងមួយនេះ ទុកដូចជារបស់ផងខ្លួន ដើម្បីបម្រើដល់វិស័យអប់រំ នៅក្នុងតំបន់នេះ ឱ្យបានយូរអង្វែង ហើយត្រូវចាំថា ឧបាសក អ៊ុង សាក់ និង ឧបាសិកា មុត សាម៉េត ដែលបានចំណាយថវិកាដ៏ច្រើន សាងសង់អគារសិក្សានេះឡើងក៏ដើម្បីឲ្យក្មួយៗសិក្សានុសិស្សបានសិក្សារៀនសូត្ររួចផុតពីភាពអវិជ្ជា ក៏ដូចជាចូលរួមចំណែកលើក កម្ពស់ធនធានមនុស្សជាមួយ រាជរដ្ឋាភិបាល ដែលផ្ដោតលើវិស័យអប់រំជាអាទិភាព។

លោកអភិបាលបានរំលឹកផងដែរថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានគិតគូរយ៉ាងខ្លាំងអំពីធនធានមនុស្ស ដែលជាកត្តាជម្រុញឲ្យកម្ពុជា ក្លាយទៅជាប្រទេសអភិវឌ្ឍនាពេលដ៏ខ្លីខាងមុខ នេះ។ លោកក៏បានផ្តាំផ្ញើឱ្យក្មួយៗ សិស្សានុសិស្សនៅទីនេះ បន្តខិតខំប្រឹងប្រែងរៀនសូត្រក្រេប ជញ្ជក់យកចំណេះដឹងដើម្បីក្លាយទៅជាធនធានដ៏មានសក្ដានុពលរបស់ប្រទេសជាតិនាពេលអនាគត៕

Facebook Comments
Loading...