លោក សុខ សម្បត្តិ ! យើងទាំងអស់គ្នា ទាំងកម្លាំងមានសមត្ថកិច្ចត្រូវកុំ៣ជាមួយគ្រឿងញៀន គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង

0
280

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង បានណែនាំដល់ កម្លាំងមានសមត្ថកិច្ចសង្កាត់ទាំង៧ និងកងកម្លាំងមានសមត្ថកិច្ចខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀតក្នុងការ អនុវត្ត គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ជាពិសេសបញ្ហា ទប់ស្កាត់ និងបង្ក្រាបសកម្មភាព គ្រឿងញៀន ដែលកំពង់តែធ្វើឲ្យមានការព្រួយបារម្ភនោះ ហើយត្រូវកុំ៣ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង។

លោកអភិបាលខណ្ឌបន្តថា សូមកុំប្រងើយកន្តើយឲ្យសោះ ចំពោះបញ្ហាគ្រឿងញៀន យើងទាំងអស់គ្នា ទាំងថ្នាក់ភូមិរហូត សង្កាត់ ខណ្ឌ ព្រមកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមទាំងអស់គ្នា ក្នុងនោះដែរបច្ចប្បន្នបើមន្ត្រី ឬកងកម្លាំងណាពាក់ព័ន្ធនិងគ្រឿងញៀនគឺត្រូវបញ្ឈប់ពីតួនាទីតែម្តង។ ព្រោះថាបើយើង មិនតឹងរ៉ឹងទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេ គ្រឿងញៀន វានិងរីករាលដាលពាសពេញ ក្នុងមូលដ្ឋាន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ។

ដើម្បីទប់ស្កាត់ បញ្ហានេះឲ្យមានប្រសិទ្ធភាព លោកអភិបាលខណ្ឌ បានបញ្ជាឲ្យ សង្កាត់ ទាំង៧ បង្កើតក្រុមការងារ ហើយកំណត់គោលដៅ ក្នុងមូលដ្ឋាន ឲ្យបានច្បាស់លាស់ ត្រូវមានរបបប្រជុំ១ខែម្ដង ឬច្រើនជាងនេះយោងទៅលើស្ថានភាពជាក់ស្ដែង ដើម្បីពិនិត្យ តាមដានវាយតម្លៃ និងចាត់វិធានការ ទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាព ចំពោះបញ្ហា គ្រឿងញៀន ទោះជាមិនបានបំបាត់ទាំងស្រុង ក៏ឲ្យបានកាត់បន្ថយជាបណ្ដើរៗ ដែរ។

លោក បានបញ្ជាក់ថា សម្រាប់ការងារណា ដែលមានទំហំធំ លើសពីសមត្ថភាពក្រុមការងារ ត្រូវរាយការមក គណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីខណ្ឌ មានវិធានការឆ្លើយតប និង ធ្វើកិច្ច អន្ដរាគមន៍ឲ្យបានទាន់ពេលវេលា។ ក្រៅពីការទប់ស្កាត់និង បង្ក្រាបក្មេងទំនើង និង គ្រឿងញៀន ក្រុមការងារ ក៏ត្រូវយកចិត្តទុកដាក់លើសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អផងដែរ ដូចជាផ្លូវណាយើងរៀបចំចិញ្ចើមផ្លូវបានស្អាតហើយកុំឲ្យអ្នកលក់ដូរវិលវិញឲ្យសោះ។

ជាចុងក្រោយលោក សុខ សម្បត្តិ បានណែនាំឲ្យសង្កាត់ ខណ្ឌ ត្រូវត្រួតពិនិត្យកាមេរ៉ាដែលបំពាក់តាមសង្កាត់ ខណ្ឌ សេវាអ៊ិនធើណេត កុំព្យូទ័រ កុំឲ្យមានការរអាក់រអួលឲ្យសោះ ក្នុងការបំរើប្រជាពលរដ្ឋដែលមកទទួលសេវាឲ្យបានទាន់ពេលវេលា៕

 

Facebook Comments
Loading...