ជាប់ខ្នោះម្នាក់ របស់កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោយគេចខ្លួន២ថ្ងៃដោយសារលួចម៉ូតូសម្រេច១គ្រឿង នៅខណ្ឌដូនពេញ

0
314

(ភ្នំពេញ)៖ សេចក្ដីរាយការណ៌ ដែលបណ្ដាញអង្គភាពសារព័ត៌មាន CSN NEWS ទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសអំពើលួច (លួចម៉ូតូសម្រេច១គ្រឿង) ក្រោយពីកម្លាំងការិយាល័យជុំនាញ ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះកាលពីរ២ថ្ងៃមុន (ករណីបាត់ម៉ូតូ១គ្រឿង) ។

ប្រតិបត្តិការតាមស្រាវជ្រាវរយ:ពេល២ថ្ងៃ ក្នុងការតាមបង្ក្រាបជនសង្ស័យម្នាក់នេះ របស់កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់តាមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ក្រោមការសម្របសម្រួលដោយតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅចំណុចសូរិយាម៉ល ផ្លូវលេខ៥១ សងា្កត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នាវេលាម៉ោង១៧៖៣០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ជនសង្ស័យក្នុងករណីលួចម៉ូតូសម្រេច១គ្រឿង ដែលសមត្ថកិច្ចតាមស្រាវជ្រាវបង្ក្រាបបានឈ្មោះ លី សុខបញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលជាន់ទី៤  ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ថៃ សីហៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដេគ័រ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្រាប់សម្ភារដែលជនរងគ្រោះបាត់បង់ គឺម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ឡើងសេរីឆ្នាំ២០២៣ និងទៅជាពណ៌ខៀវ ដែលមានលេខតួ ៣២១០២៨ និងលេខម៉ាស៊ីន ៣២១០២២ ពាក់ផ្លាកលេខភ្នំពេញ ១GB-៧៥៧៣។

លោកវរសេនីយ៍ទោ ម៉ម សាវន បានបញ្ជាក់ទៀតថា នៅក្នុងករណីលួចម៉ូតូនេះ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានដើរចេញពីផ្ទះជួលជាន់ទី៤  ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា ហើយសំដៅ ក្នុងការធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។

ជនសង្ស័យបានឆ្លើយសារភាពទៀតថា លុះដល់វេលាម៉ោងកើតហេតុរូបគេ (លី សុខបញ្ញា) បានដើរដល់ចំណុចកើតហេតុ ហើយក៏បានឃើញម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌ស ឡើងសេរីទៅជា ពណ៌ខៀវ ឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ ១GB-៧៥៧៣ ចតទុកដោយមានកូនសោរម៉ូតូជាប់នៅ និងកុងតាក់ម៉ូតូជាស្រេច ស្របពេលទ្វារធំរបស់ក្រសួង ដែលនៅខាងមុខចំហរដោយមិនមានចាក់សោរឡើយ និងស្ថិតក្នុងស្ថានភាពស្ងាត់ពុំមានមនុស្ស ទើបសម្រេចដើរចូលទៅធ្វើសកម្មភាពលួចយកម៉ូតូនោះបានសម្រេច រួចហើយជិះគេចខ្លួនបាត់តែម្តង ប្រព្រឹត្តនៅចំណុចក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ភូមិ៩ ផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង១២៖១០នាទីកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

ទោះបីយ៉ាងណា ក្រោយឆ្លើយសារភាពពីសកម្មភាពប្រព្រឹត្តលួចម៉ូតូ១គ្រឿងបានសម្រេច ជនសង្ស័យឈ្មោះ លី សុខបញ្ញា ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនិតិវិធី៕

Facebook Comments
Loading...