លោក សុខ សម្បត្តិ អំពាវនាវ ដល់សិស្សានុសិស្សទាំងអស់ខិតខំប្រឹង ប្រែងរៀនសូត្រកុំភ្លេចខ្លួនឲ្យសោះក្នុងឆ្នាំសិក្សាថ្មីនេះ

0
394

ភ្នំពេញ ៖ ថ្លែងសំណេះសំណាលក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យ ជាស៊ីម បឹងកេងកង ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ខែ ធ្នូនេះ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាល ខណ្ឌបឹងកេងកង បានអំពាវនាវ ដល់សិស្សានុ សិស្ស ទាំងអស់ ឲ្យខិតខំប្រឹង ប្រែងរៀនសូត្រកុំភ្លេច ខ្លួន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើ វិស័យអប់រំ និងមានការរឹតបន្តឹង ពេលប្រឡង ក្នុងដំណាក់កាលនេះ បើក្មួយៗមិនខិតខំរៀនសូត្រទេ ក្មួយៗមិនអាចមានឱកាស ប្រឡងជាប់ឡើយ។ ជាមួយនេះ ត្រូវស្ដាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូ ព្រោះគាត់គឺជាមាតា បិតាទី២ របស់ក្មួយៗ ជាអ្នកខិតខំអប់រំ បង្ហាត់បង្ហាញ ជួយឲ្យក្មួយបានចេះដឹង។

លោក អភិបាលខណ្ឌ បានលើកឡើងថាយុវវ័យគឺជាវ័យស្វែងរកចំណេះវិជ្ជា មានកាតព្វកិច្ចរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដូចនេះក្មួយៗ មិនត្រូវ គេចសាលា ឬទៅប្រព្រឹត្តអំពើអបាយ មុខផ្សេងៗនោះឡើយ ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង ភ្លេចការរៀនសូត្រ។ ការសេពគ្រឿងញៀន ការលេងល្បែងស៊ីសង គឺគ្មាន ទទួលបានផលប្រយោជន៍អ្វីឡើយ គឺមានតែ ធ្វើឲ្យខាតបង់ ពេលវេលា ប្រាក់កាស សុខភាព និង កិត្តិយស ដល់ខ្លួន ក្រុមគ្រួសារ និង សង្គមជាតិថែមទៀតផង។

លោកបន្តថា កូនល្អ សិស្សល្អត្រូវមានការភ្ញាក់រលឹក ចេះស្រវា ស្រទេញ ចាប់យកចំណេះដឹង, ជំនាញ វិជ្ជាជីវៈ សម្រាប់ជីវិតផ្ទាល់ខ្លួនឱ្យបាន ប្រកបដោយ ភាពថ្លៃថ្នូរ ជាពិសេស ត្រូវយល់ឲ្យបានច្បាស់ថា ចំណេះវិជ្ជាគឺជាទ្រព្យដ៏មានតម្លៃ, ជាទ្រព្យគាប់ប្រសើរពុំអាចចោលួច ឬ ឆក់យកបានឡើយ ប្រើច្រើនកាន់តែកើនឡើង និងអាច រួម ចំណែកកសាង និង អភិវឌ្ឍសង្គម លើកតម្កើងកិត្យានុភាពជាតិឱ្យ កាន់តែខ្ពស់ត្រដែត និង ចម្រើនរុងរឿងប្រកបដោយសុខដុមរមនា។

លោក អភិបាលខណ្ឌបានលើកឡើងទៀតថា ប្រទេសដែលសម្បូរធនធានមនុស្ស គឺជាប្រទេសដែលមានការអភិវឌ្ឍលឿន ទោះជាពុំមានសម្បត្តិធម្មជាតិ ច្រើនក្ដី ជាក់ស្ដែង ដូចជាប្រទេសសិង្ហបូរីជាដើម។ ឥឡូវនេះសាលា បានខិតមកដល់ជណ្ដើរផ្ទះរបស់យើងហើយ នេះគឺដោយសារការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដើម្បីជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យបានច្រើននិងសម្បូរបែប។

លោក សុខ សម្បត្តិ បានជំរុញឲ្យគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់  សូមចូលរួមទាំងអស់គ្នា រឹតបន្តឹងទាំងការបង្រៀន និងការរៀន ការគោរពវិន័យសាលា ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទាំងអស់ ខំប្រឹងរៀនសូត្រ មានចំណេះដឹង ពិតប្រាកដ ក្លាយជាទំពាំងស្នងឫស្សីជា សរសរទ្រូងរបស់ ប្រទេសជាតិ ទៅថ្ងៃអនាគត។ ដោយឡែក សម្រាប់ មាតា បិតា អាណាព្យាបាលសិស្ស ត្រូវ ផ្ដល់ឱកាស និងលទ្ធភាព ដល់កូនៗក្នុងការសិក្សារៀនសូត្រ និង រួមចំណែកក្នុងការការតាមដានកូនចៅរបស់ខ្លួនឲ្យបានជាប់លាប់ ហើយ អាណាព្យាបាល ត្រូវទំនាក់ទំនងជាមួយនាយកសាលា និងគ្រូទទួលបន្ទុកថ្នាក់ ឲ្យបានជិតស្និទ្ធ ដើម្បីរួមគ្នា តម្រង់ទិសឲ្យពួកគេដើរលើផ្លូវត្រូវ  ទើបសម្រេច បានជោគជ័យក្នុងការសិក្សា។

ជាមួយគ្នានេះ លោក អភិបាលខណ្ឌ ក៏បានឧបត្ថម្ភថវិកាចំនួន ១លាន រៀល ដល់វិទ្យាល័យ ជាស៊ីមបឹងកេងកង និងជូនដល់សិស្សឆ្លើយ សំនួរចំនួន ៣នាក់ក្នុងម្នាក់ថវិកាចំនួន៥ម៉ឺនរៀល ជូនសម្ភារៈសិក្សាដល់សិស្សពូកែ ដែលកំពុងសិក្សា នៅវិទ្យាល័យ ជាស៊ីមបឹងកេងកងផងដែរ៕

Facebook Comments
Loading...