សិក្ខាសិលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦ របស់សង្កាត់ និងខណ្ឌបឹងកេងកង

0
384

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលាខណ្ឌបឹងកេងកង បានរៀបចំសិក្ខាសិលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ សង្កាត់ ២០២៤-២០២៦ ដើម្បីផ្សព្វផ្សាយពី គំរោងសកម្មភាព សម្រាប់សង្កាត់ ខណ្ឌ អនុវត្តបន្តនៅឆ្នាំបន្តបន្ទាប់ខាងមុខនេះ។ ពិធីនេះធ្វើឡើងក្រោមវត្តមាន លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងលោកគឹម ឈុនអ៊ូ ប្រ​ធា​ន​ក្រុមប្រឹក្សាខណ្ឌ និងមានការចូលរួមពី មន្រ្តីផែនការរាជធានីភ្នំពេញ ប្រធាននិងអនុប្រ​ធានមន្ទីរ អង្គការនិងសប្បុរសជន ចៅសង្កាត់និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀតផងដែរ។

លោក សុខ សម្បត្តិ បានថ្លែងឲ្យដឹងថា សិក្ខាសិលាសមាហរណកម្ម កម្មវិធីវិនិយោគសង្កាត់ នៅថ្នាក់ខណ្ឌនិងកម្មវិធីវិនិយោគបីឆ្នាំរំកិល ខណ្ឌ២០២៤-២០២៦ នាពេលនេះ ជាការរួមចំណែកដ៏សំខាន់ ដើម្បីគាំទ្រនូវ គម្រោងសកម្មភាព ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

លោកអភិបាលបានបន្តថា ការរៀបចំសិក្ខាសិលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគ ដើម្បីផ្សព្វផ្សាយពីគំរោងសកម្មភាព ក្នុងកម្មវិធីវិនយោគសង្កាត់ ខណ្ឌ២០២៣ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ និងស្នើរសុំការគាំទ្រពីមន្ទីជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដែលចាប់អារម្មណ៍លើគម្រោងស្នើឡើងរបស់ សង្កាត់ និងខណ្ឌ ទោះបីតិចក្តីច្រើនក្តី។

លោកបានបន្តទៀតថា លទ្ធផលនៃការអនុវត្តគម្រោង កម្មវិធីវិនិយោគបីឆ្នាំ រំកិលខណ្ឌ ដែលបានគាំទ្រ ក្នុងសិក្ខាសាលាសមាហរណកម្ម២០២៤-២០២៦ ទទួលបានការគាំទ្រចំនួន១០០គម្រោង ស្មើនឹង៩២% ដែលក្នុងនោះរួមមាន៖ ផ្នែកសេដ្ឋកិច្ចចំនួន១៤គម្រោង ផ្នែកសង្គមកិច្ចមានចំនួន៤៩គម្រោង ផ្នែកធនធានធម្មជាតិ និងបរិស្ថានចំនួន១៧ ផ្នែករដ្ឋបាល និងសន្តិសុខមានចំនួន២០គម្រោង។ ចំណែកលទ្ធផលនៃការគាំទ្រគម្រោងសង្កាត់ទាំង៧ ទទួលបានការគាំទ្រចំនួន៣០៨គម្រោង ស្មើនឹង១០៦% ដែលក្នុងនោះរួមមាន៖ ផ្នែកអាជីវកម្មចំនួន៤គម្រោង ផ្នែកអប់រំចំនួន១២គម្រោង ផ្នែកសុខភាពមានចំនួន៥៦គម្រោង ផ្នែកភាពងាយរងគ្រោះមានចំនួន៦គម្រោង ផ្នែកបរិស្ថានមានចំនួន២៧គម្រោង ផ្នែករដ្ឋបាលនិងសន្តិសុខមានចំនួន២០៣គម្រោង។

ដោយឡែកលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានស្នើស្ថាប័ន និងអ្នកពាក់ព័ន្ធ ក្នុងមូលដ្ឋាន បន្តយកចិត្តទុកដាក់ និងគាំទ្របន្ថែមទៀត ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសបំពេញឱ្យបានល្អនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលរង បញ្ជាក់ថា ខណ្ឌ សង្កាត់ រៀបចំគម្រោងផែនការអភិវឌ្ឍន៍ទទួលបានជោគជ័យ ក៏ដោយសារតែមានការ ចូលរួមនិងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរជំនាញ អង្គការ ផ្នែកឯកជន និងដៃគូរអភិវឌ្ឍន៍នានា។ ជាមួយគ្នានោះ លោកក៏បានផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់អនុវត្តបន្ត ក្នុងគម្រោងផែនការខាងមុខ ដូចជា ស្នើឱ្យពិនិត្យលទ្ធភាព ទៅលើគម្រោងណា ដែលគួរគាំទ្រដល់ថ្នាក់ ខណ្ឌ និងសង្កាត់ ក្រៅពីនេះក៏ស្នើ ដល់គ្រប់វិស័យ ដែលបានសន្យា បន្តគាំទ្រគម្រោងនានា ដោយបញ្ចូលទៅក្នុងផែនការប្រ ចាំឆ្នាំ២០២៤​ របស់ខ្លួន ហើយខិតខំអនុវត្តឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ទៅតាមផែនការគ្រោងទុក។ មួយវិញទៀត ស្នើឱ្យសង្កាត់ ខណ្ឌ ត្រួតពិនិត្យឱ្យបានល្អិតល្អន់រាល់គម្រោងដែលបានសន្យា បើធ្វើមិនបាន ត្រូវសួរនាំ ដើម្បីឱ្យដឹងពីមូលហេតុច្បាស់លាស់ និងរាយការមកថ្នាក់លើជាបន្តបន្ទាប់ ដើម្បីប្រមូលព័ត៌មាន សម្រាប់បញ្ជូន នឹងផ្តល់ព័ត៌មាន ទៅអភិបាលរាជធានីភ្នំពេញបានជ្រាបបន្ត៕

Facebook Comments
Loading...