ក្រុមហ៊ុនមួយបានបង្ហាញ ក្តីសង្ឃឹម អំពីថ្នាំគ្រាប់ ដំបូង សម្រាប់ ជំងឺគ្រុនឈាម នៅក្នុង ការសាកល្បង លើមនុស្សហើយ

0
251

បរទេស ៖ ​បើ​យោង​តាម​ទិន្នន័យ​ដែល​បាន​បង្ហាញ​ដោយ​ក្រុមហ៊ុន​កាលពី​ថ្ងៃ​សុក្រ ទី​២០ ខែតុលា​ បានឲ្យដឹងថា ថ្នាំ​គ្រាប់​សម្រាប់​ជំងឺគ្រុនឈាម ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Johnson & Johnson ហាក់​ជួយ​ការពារ​ប្រឆាំងនឹង​ទម្រង់​នៃ​មេរោគ​នេះ​ចំពោះ​អ្នកជំងឺ​មួយចំនួន​នៅក្នុង​ការសាកល្បង​លើ​មនុស្ស​មួយ​ក្រុម​តូច​នៅ​សហរដ្ឋ​អាម៉េរិក។​

​     ក្រុមហ៊ុន​បាន​និយាយ​នៅ​មុន​ការធ្វើ​បទ​បង្ហាញ​នៃ​ទិន្នន័យ​នៅឯ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការ​សង្គម​វេជ្ជសាស្ត្រ​និង​អនាម័យ​ត្រូពិច​អាម៉េរិក​នៅ​ទីក្រុង​ឈី​កា​ហ្គោ ថា បច្ចុប្បន្ន​មិន​មាន​ការព្យាបាល​ជាក់លាក់​ណាមួយ​សម្រាប់​ជំងឺគ្រុនឈាម ដែល​ជា​ការគំរាមកំហែង​ខ្លាំង​នោះ​ទេ​។​

​លោក ម៉ានិច វ៉ាន់ លុក (Marnix Van Loock) ដែល​មើល​ការខុសត្រូវ​លើ​ការស្រាវជ្រាវ​អំពី​មេរោគ​នេះ​សម្រាប់​ក្រុមហ៊ុន Janssen របស់ J&J បាន​និយាយ​អំពី​ថ្នាំ​នេះ យ៉ាង​ដូច្នេះ​ថា “​វា​ជា​លើកដំបូង​មិន​ធ្លាប់​មាន​ដែល​បង្ហាញ​ពី​សកម្មភាព​ថ្នាំ​ប្រឆាំង​មេរោគ​លើ​ជំងឺគ្រុនឈាម​។​”

​នៅក្នុង​ការសាកល្បង​លើ​មនុស្ស អ្នកស្រាវជ្រាវ​បាន​បញ្ចេញ​ភ្នាក់ងារ​មេរោគ​ដោយ​ចេតនា​ឱ្យ​ប៉ះពាល់​ជាមួយ​អ្នកស្ម័គ្រចិត្ត​ដែល​មាន​សុខភាព​ល្អ ដើម្បី​សាកល្បង​វ៉ាក់សាំង ឬ​ការព្យាបាល ឬ យល់ដឹង​កាន់តែច្បាស់​អំពី​ជំងឺ​ដែល​ពួក​វា​បង្កឡើង​។​

​ជំងឺគ្រុនឈាម ខណៈ​ជារឿយៗ​មិន​មាន​រោគសញ្ញា ត្រូវបាន​គេ​ស្គាល់​ថា​ជា “​គ្រុនក្តៅ​បាក់ឆ្អឹង​” សម្រាប់​ភាព​ធ្ងន់ធ្ងរ​នៃ​ការឈឺចាប់​សន្លាក់ និង​ការ​កន្ត្រាក់​សាច់ដុំ ដែល​អ្នក​ជំងឺ​មួយ​ចំនួន​ជួបប្រទះ​។ លោក ជេរេ​មី ហ្វា​រ៉ា (Jeremy Farrar) ប្រធាន​អ្នកវិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពីដើម​ខែ​នេះ វា​ជា​ជំងឺ​រាតត្បាត​ជា​យូរណាស់​មកហើយ​នៅ​ទូទាំង​អាស៊ី​និង​អាម៉េរិក​ឡាទីន ដែល​បណ្តាល​ឱ្យ​មាន​ការ​ឆ្លង​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ និង​ការស្លាប់​រាប់ម៉ឺន​នាក់ ហើយ​ទំនងជា​នឹង​រីក​រាលដាល​បន្ថែមទៀត ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ​ធ្វើឱ្យ​តំបន់​ជាច្រើន​ទៀត​ទាក់ទាញ​មូស​ដែល​ចម្លង​មេរោគ​គ្រុនឈាម​។​

​នៅក្នុង​ការសាកល្បង​ដែល​ធ្វើឡើង​ជាមួយ​សាលា​ជំនាញ​សុខភាព​សាធារណៈចន​ហប់​ឃី​ន​ប្ល៊ូ​ម​បឺ​ក (Johns Hopkins Bloomberg) អ្នកស្ម័គ្រចិត្ត ១០ នាក់​ត្រូវបាន​ផ្តល់​ថ្នាំ​គ្រាប់ J&J កម្រិត​ខ្ពស់ ៥ ថ្ងៃ​មុនពេល​ត្រូវ​បាន​ចាក់​ជាមួយនឹង​ប្រភេទ​ជំងឺគ្រុនឈាម​មួយ​។ ពួកគេ​បាន​បន្ត​លេបថ្នាំ​រយៈពេល ២១ ថ្ងៃ​ក្រោយមក​។​

​ប្រាំមួយ​នាក់​ក្នុងចំណោម​១០​នាក់​មិន​បាន​បង្ហាញ​មេរោគ​គ្រុនឈាម​ដែល​អាច​រកឃើញ​នៅក្នុង​ឈាម​របស់​ពួកគេ​ទេ បន្ទាប់ពី​បាន​ប៉ះពាល់​នឹង​ធាតុ​បង្ក​ជំងឺ ក៏​ដូចជា​មិន​មាន​សញ្ញា​ថា​ប្រព័ន្ធ​ភាពស៊ាំ​របស់​ពួកគេ​បាន​ឆ្លើយតប​ទៅ​នឹង​ការឆ្លង​មេរោគ​ទេ​ក្នុង​រយៈពេល ៨៥ ថ្ងៃ​នៃ​ការត្រួតពិនិត្យ​។​

​មនុស្ស​ប្រាំ​នាក់​នៅក្នុង​ក្រុម Placebo (​ក្រុម​ដែល​ពុំ​លេបថ្នាំ​ពិសោធន៍​) ដែល​ត្រូវបាន​ចាក់​មេរោគ​គ្រុនឈាម​ផង​ដែរ​នោះ សុទ្ធ​តែ​បង្ហាញ​ពី​មេរោគ​ដែល​អាច​រកឃើញ នៅពេល​ធ្វើតេស្តិ៍​។ អ្នកចូលរួម​ការសាកល្បង​បាន​ទទួល​ការថែទាំ​តាម​ស្តង់ដារ​ពី​អ្នកជំនាញ​វេជ្ជសាស្ត្រ​ក្នុងករណី​ចាំបាច់ ហើយ​មេរោគ​ដែល​បាន​ប្រើ​គឺ​ជា​កំណែ​ខ្សោយ​ដើម្បី​កាត់បន្ថយ​រោគសញ្ញា​។​

​ក្រុមហ៊ុន J&J បាន​និយាយថា ទិន្នន័យ​ដំបូង​ជា​វិជ្ជមាន​នេះ​គាំទ្រ​ដល់​ការសាកល្បង​ដំណាក់កាល​ទី​២ នៃ​ថ្នាំ​គ្រាប់​នេះ​ជា​បន្ត ដើម្បី​ការពារ​ជំងឺគ្រុនឈាម ៤ ប្រភេទ​ផ្សេង​គ្នា​នៅក្នុង​តថភាព​ពិភពលោក​ពិត ដែល​ជំងឺ​នេះ​បាន​ក្លាយជា​រឿង​ធម្មតា​។ ជំហាន​បន្ទាប់​នឹង​ធ្វើតេស្តិ៍​វា​ជា​វិធី​ព្យាបាល​វិញ​ម្តង​។​

​ថ្នាំ​នេះ​ដំណើរការ​ដោយ​ការទប់ស្កាត់​សកម្មភាព​នៃ​ប្រូតេអ៊ីន​មេរោគ​ចំនួន​ពីរ ដោយ​ទប់ស្កាត់​មេរោគ​កុំឱ្យ​ថតចម្លង​ខ្លួន​វា​បន្ថែម​។ J&J បាន​និយាយថា ថ្នាំ​នេះ​គឺ​អាច​ស៊ូទ្រាំ​បាន​សម្រាប់​អ្នកចូលរួម​សាកល្បង​ទាំងអស់​។​

​សំណួរ​សំខាន់​មួយ​សម្រាប់​ពេល​អនាគត​គឺ​ការធានា​ឱ្យបាន​នូវ​ការទទួល​បាន​ថ្នាំ​ថ្មី​នេះ ប្រសិនបើ​វា​មាន​ប្រសិទ្ធភាព​លើ​មនុស្ស​ទ្រង់ទ្រាយ​ធំ នៅក្នុង​បណ្តា​ប្រទេស​ដែល​មាន​ចំណូល​ទាប​និង​មធ្យម កន្លែង​ដែល​ថ្នាំ​នេះ​គឺ​ត្រូវការ​បំផុត ដែល​នេះ​ជាការ​បន្ទ​រលើ​សំណួរ​ដដែល​អំពី​បញ្ហា​ប្រឈម​សម្រាប់​វ៉ាក់សាំង​ការពារ​គ្រុនឈាម ដែល WHO បាន​គាំទ្រ​កាលពីដើម​ខែ​នេះ​។​

​លោក​វ៉ាន់​លុក​បាន​និយាយថា “​យើង​កំពុង​ធ្វើកា​រលើ​វា​” ដោយ​បន្ថែម​ថា វា​ទើប​តែ​ជា​ថ្ងៃ​ដំបូងៗ​ប៉ុណ្ណោះ​៕

 

Facebook Comments
Loading...