អង្គការសហប្រជាជាតិព្រមានថា ហ្កាហ្សាកំពុងស្ថិតក្នុងស្ថានភាពមនុស្សធម៌ដ៏អស់សង្ឃឹមមួយ ដូច្នេះពិភពលោកត្រូវតែជួយបន្ថែមទៀត

0
318

បរទេស ៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ៥ បានបញ្ជាក់ថា នៅស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សាស្ទ្រីប កំពុងជួបមហន្តរាយ និងបានអំពាវនាវឱ្យមានជំនួយអន្តរជាតិបន្ថែមទៀត។

សេចក្តីថ្លែងការណ៍ពីទីភ្នាក់ងារចំនួន ៥ របស់អង្គការសហប្រជាជាតិ រួមទាំងអង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វ បានបញ្ជាក់ថា មនុស្សជាង ១.៦លាននាក់នៅក្នុងតំបន់ហ្កាហ្សាកំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។

ក្នុងនោះ កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់ គឺជាជនងាយរងគ្រោះបំផុត ហើយជិតពាក់កណ្តាលនៃចំនួនប្រជាជននៅហ្កាហ្សា គឺជាកុមារ។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ហ្កាហ្សាកំពុងស្ថិតក្នុងស្ថានភាពមនុស្សធម៌ដ៏អស់សង្ឃឹមមួយ នៅមុនពេលមានអរិភាពថ្មីៗ ហើយឥឡូវនេះវាក្លាយជាមហន្តរាយ ដូច្នេះពិភពលោកត្រូវតែជួយបន្ថែមទៀត។ ប្រភព៖ AFP

Facebook Comments
Loading...