ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង រួមនឹង មន្ដ្រីក្នុងសាលាខណ្ឌ និងសង្កាត់ បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ និងបាននាំមកនូវបច្ចយ័តំកល់ជើងបិណ្ឌ គ្រឿងឧបភោគ បរិភោគ មួយចំនួនដើម្បី ធ្វើពិធីកាន់បិណ្ឌ នៅវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ដើម្បីគោរពតាមទំនៀម ទម្លាប់ប្រពៃណីព្រះពុទ្ធសាសនានៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលកន្លៈខែ ដោយចាប់ផ្តើមពីថ្ងៃ១រោចខែភទ្របទរហូតដល់ថ្ងៃ១៥រោចនេះ ពុទ្ធបរិស័ទ្ធតែងតែនាំគ្នាធ្វើជារៀង រាល់ឆ្នាំ ដែលចំណុះជើងវត្តមួយចំនួន ក៏បានទៅកាន់វេននៅស្រុកកំណើតមួយចំនួនទៀត ក៏បានទៅកាន់វេននៅជិតផ្ទះរបស់ខ្លួនផងដែរ។
នេះគឺជាការប្រតិបត្តិ ទៅតាមទំនៀមទំលាប់ប្រពៃណីពីដូនតា ហើយការរៀបចំធ្វើពិធីបុណ្យនេះឡើងក្នុងគោលបំណង ដើម្បីនាំយកចង្ហាន់ មានបាយ សម្ល នំចំណី ផ្លែឈើ ទៀនធូប ផ្កាភ្ញី ថវិកានិងទេយ្យទានមួយចំនួន ថ្វាយព្រះរតនត្រ័យ និងដាក់បាត្រប្រគេនដល់ព្រះសង្ឃ បួងសួងឧទ្ទិសកុសលផលបុណ្យជូនដល់ មាតា បិតា ជីដូនជីតា កូនចៅ និងញាត្តិការទាំងប្រាំពីរសន្តាន ដែលបានចែកស្ថានទៅក្នុងលោកខាងមុខឲ្យចាកផុតពីទុក្ខទោស ហើយបានទៅកើតក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្ដែនៅ មានអត្ថនយ័សំខាន់មួយទៀត គឺ ការពិចារណានូវសង្សារវដ្ដ ដែលមនុស្សកើតមកតែងតែស្លាប់ទៅវិញ ជាធម្មតាដែលអាចជំរុញទឹកចិត្តអោយលះបង់អំពើបាបហើយខិតខំធ្វើតែអំពើល្អដើម្បីវៀរចាកពីអបាយភូមិទាំង ៤ មាន នរក ប្រេតជា តិរិច្ឆាន និង អសុរកាយដើម។
ហើយបុណ្យកាន់បិណ្ឌនេះក៏ទុកថា ជាឱកាសសម្រាប់មនុស្សធ្វើសេចក្តីល្អ គឺល្អទាំងកាយ ទាំងវាចា ទាំងចិត្ត បើទោះជាធ្វើល្អបានតែក្នុងរយៈពេលដ៏ខ្លីនេះក៏ដោយ ក៏ជាឧបនិស្ស័យមួយដែលប្រសើរជាងអត់សោះ ហើយក៏ជាការក្រើនរំលឹកដល់ចិត្តមនុស្សឱ្យគិតដល់សេចក្តីល្អ និងស្គាល់រសជាតិនៃសេចក្តីល្អផងដែរ។
បន្ទាប់ពីកម្មវិធីសូត្រមន្ត នមស្សការថ្វាយព្រះរតនត្រ័យសមាទានសីល និមន្ដព្រះសង្ឃចម្រើន ព្រះបរិត្ត សម្ដែងធម្មទេសនា រួចមកលោកសុខ សម្បត្តិ អភិបាល ណៃគណអភិបាលខណ្ឌបឹងកេងកង បានថ្លែងអំណរគុណដល់ បងប្អូន ប្រជាពុទ្ធបរិស័ទ ទាំងអស់ដែលបានចំណាយពេលវេលាដ៍មានតម្លៃ អញ្ជើញមកចូលរួមកាន់បិណ្ឌវេនទី៤នៅវត្តមហាមន្ត្រី ដើម្បីរួមចំណែកក្នុងការជួយ ទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងជួយថែរក្សាប្រពៃណី ទំនៀមទំលាប់កេរដំណែលរបស់ដូនតាយើងតរៀងរហូតមកផងដែរ៕