មេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ត្រូវតុលាការផ្តន្ទាទោស ៣ឆ្នាំ៦ខែ លើសំណុំរឿងចំនួន២

0
520

ភ្នំពេញ ៖ មេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រម ជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនិងលោក វង្ស សាវ៉ាត ជាតំណាងអយ្យការបានប្រកាសសាលក្រមផ្តន្ទាទោសសំណុំរឿងទី១ ដាក់ពន្ធនាគារចំនួន១៨ខែ សងសំណងទៅបណ្តឹង៦៥០០ដុល្លារ ជំងឺចិត្ត១០លានរៀល និងសំណុំរឿងទី២ ដាក់ពន្ធនាគារចំនួន២ឆ្នាំសងសំណងទៅបណ្តឹង៣០ ម៉ឺនដុល្លារ ជំងឺចិត្ត២០លានរៀល ពីបទ មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) នៅរសៀលថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៣ ។

គួរំលឹកថា កាលពីល្ងាចថ្ងៃទី១៨ខែធ្នូឆ្នាំ ២០២២ ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារព្រៃស ម២ ជាបណ្ដោះអាសន្ន  ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) ៧០ម៉ឺនដុល្លារប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

យោងតាមដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្នរបស់ លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ  បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជា អ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ”  តាម មាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូរទាត់ប្រាក់។

ជនជាប់ចោទឈ្មោះ អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ ២០២២ តាមដីការរបស់តុលាការ ៕

Facebook Comments
Loading...