ជនសង្ស័យ៤នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ តាមបង្ក្រាប ដល់ខេត្តសៀមរាប និងខេត្តព្រៃវែង ពាក់ព័ន្ធករណីហិង្សាដោយចេតនា

0
474

ភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវពីរាជធានីភ្នំពេញ រហូតដល់ខេត្តសៀមរាប និងខេត្តព្រៃវែង ដើម្បីបង្ក្រាប និងឈានដល់ឃាត់ខ្លួនបានក្រុមជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ដែលពាក់ព័ន្ធប្រើអំពើហិង្សាដោយចេតនាលើជនរងគ្រោះ (ព្រួតគ្នាប្រើដៃជើងទាត់ធាក់ និងយកដបស្រាបៀរហនុមានវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែករយះហូរឈាមរងរបួសជាទម្ងន់សន្លប់បាត់បង់ស្មារតី)។

នេះបើតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញក្រុមអ្នកសារព័ត៏មានទទួលបាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទៅកាន់លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលការងារដឹកនាំការិយាល័យ សហការជាមួយកម្លាំងសមត្ថកិច្ចអធិការដ្ឋានខណ្ឌដូនពេញ, អធិការដ្ឋានស្រុកជីក្រែង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងអធិការដ្ឋានស្រុកកំចាយមារ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមការសម្របសម្រួលផ្នែកច្បាប់ដោយតំណាងអយ្យការ។

កិច្ចសហប្រតិបត្តិការតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានក្រុមជនសង្ស័យទាំង៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាប្រើដៃជើងទាត់ធាក់ និងយកដបស្រាបៀរហនុមានវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែករយះហូរឈាមរងរបួសជាទម្ងន់សន្លប់បាត់បង់ស្មារតី) របស់កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ នេះបានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់រយះពេល២ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី៣-៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅ៣ទីតាំងផ្សេងគ្នា ត្រង់ចំណុចមុខក្លឹបកំសាន្តមួយកន្លែង (នឹក-EX) តាមបណ្ដោយផ្លូវលេខ៥៥ កែងផ្លូវលេខ២៤២ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅចំណុចស្ពានកំពង់ក្ដី ក្នុងស្រុកជីក្រែង ខេត្តសៀមរាប និងនៅស្រុកបំចាយមារ ខេត្តព្រៃវែង។

លោកវរសេនីយ៍ទោ ម៉ម សាវន បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំង៤នាក់ ពាក់ព័ន្ធប្រើអំពើហិង្សាដោយចេតនាលើជនរងគ្រោះ (ព្រួតគ្នាប្រើដៃជើងទាត់ធាក់ និងយកដបស្រាបៀរហនុមានវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែករយះហូរឈាមរងរបួសជាទម្ងន់សន្លប់បាត់បង់ស្មារតី) ទី១-ឈ្មោះ ហៀង ប៊ុនហេង (ហៅឡាក់គី) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសាក់រូប ២-ឈ្មោះ ពឿន ជីវ៉ា (ហៅទីង) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ៣-ឈ្មោះ ម៉េង លាងហេង (ហៅហ្គាន់) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ៤-ឈ្មោះ សាន់ គីមហុង (ហៅហុង) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករៀបចំតម្លើងឆាកតន្ត្រី។ ជនសង្ស័យទាំង៤នាក់ ស្នាក់នៅផ្ទះជួល ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ រីឯជនរងគ្រោះឈ្មោះ ម៉ៅ ម៉េងហុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករៀបរោងការ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៥៧ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។

លោកវរសេនីយ៍ទោ ម៉ម សាវន បានឲ្យដឹងទៀតថា ដោយយោងតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យទាំង៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាប្រើដៃជើងទាត់ធាក់ និងយកដបស្រាបៀរហនុមាណវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែករយះហូរឈាមរងរបួសជាទម្ងន់សន្លប់បាត់បង់ស្មារតី) បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ គឺពួកគេ (ក្រុមជនសង្ស័យ) ទាំង៤នាក់មានឈ្មោះ ប៊ុនហេង ហៅឡាក់គី ឈ្មោះ វ៉ា ហៅទីង ឈ្មោះ ហេង (ហៅហ្គាន់) និងឈ្មោះ ហុង ដែលជាមិត្តភ័ក្ត្រនិងគ្នា បានទៅផឹកស៊ីនៅក្លឺបកំសាន្ដ (នឹក-EX) ស្ថិតនៅតាមបណ្ដាយផ្លូវលេខ៥៥ កែងផ្លូវលេខ២៤២ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ខណៈនោះជនរងគ្រោះឈ្មោះ ម៉ៅ ម៉េងហុង (ហៅហុង) និងមិត្តភ័ក្ត្រស្រី២នាក់ទៀត ក៍បានទៅផឹកស៊ីនៅក្លឹបកំសាន្ដ (នឹក-EX) នេះផងដែរដោយអង្គុយតុផ្សេងគ្នាពីក្រុមជនសង្ស័យ។

ក្រុមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចទៀតថា ពួកគេបានផឹកស្រាបៀរហនុមាណអស់ចំនួន២៤ដប រួចហើយក៏នាំគ្នាចេញមកខាងក្រៅក្លឹបដើម្បីជក់បារី ដោយឈ្មោះ វ៉ា និងឈ្មោះ ហេង (ហៅហ្គាន់) បានកាន់ដបស្រាបៀរហនុមាណម្នាក់១ដប (ដបទទេ) ចំណែកឈ្មោះ ហៀង ប៊ុនហេង (ហៅឡាក់គី) ឈ្មោះ ហុង និងឈ្មោះ ដា ៣នាក់ផ្សេងទៀតមិនមានកាន់អ្វីនោះទេ។ ខណៈពេលកំពុងជក់បារី ក្រុមជនសង្ស័យបានឃើញស្រីៗមួយក្រុមកំពុងឈ្លោះវាយតប់គ្នា ស្រាប់តែជនរងគ្រោះឈ្មោះ ម៉ៅ ម៉េងហុង (ហៅហុង) ក៍បានដើរចេញពីក្នុងក្លឹបមកដែរ និងឋិតនៅខាងមុខជនសង្ស័យឈ្មោះ វ៉ា ដោយដៃមានកាន់ដបស្រាបៀរហនុមាណផងនោះ បានវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែកដបស្រាបៀរ ហើយជនរងគ្រោះក៏បានដួលទៅលើថ្នល់ ហើយភ្លាមៗនោះបក្ខពួកជនសង្ស័យឈ្មោះ ហេង (ហៅហ្គាន់) បានស្ទុះចូលទៅជួយវាយជនរងគ្រោះនិងដបស្រាបៀរបន្ថែមទៀត ហើយបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ហៀង ប៊ុនហេង (ហៅឡាក់គី) ក៍បានដោះខ្សែក្រវ៉ាត់ពីចង្កេះ និងរត់ចូលទៅរើសអំបែងដបស្រាបៀរដែលបែក ដើម្បីវាយហើយវាយបន្ថែមទៀតទៅលើជនរងគ្រោះ រហូតបណ្ដាលឲ្យជនរងគ្រោះឈ្មោះ ម៉ៅ ម៉េងហុង (ហៅហុង) រងរបួសយ៉ាងធ្ងន់ធ្ងរ និងសន្លប់លែងដឹងខ្លួន។ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ដា មិនបានចូលរួមធ្វើសកម្មភាពវាយលើជនរងគ្រោះឡើយ។ បន្ទាប់ពីធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបណ្តាលឲ្យបែកក្បាលសន្លប់បាត់ស្មារតីរួចហើយ ក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះ ត្រូវបានគេជួយសង្គ្រោះដោយបញ្ជូនទៅមន្ទីរពេទ្យ។

លោកវរសេនីយ៍ទោ ម៉ម សាវន បានឲ្យដឹងបន្ថែមទៀតថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំង៤នាក់ ដើម្បីសាកសួរតាមជុំនាញ រហូតដឹងពីមូលហេតុ នៃករណីពាក់ព័ន្ធប្រើអំពើហិង្សាដោយចេតនាលើជនរងគ្រោះ (ព្រួតគ្នាប្រើដៃជើងទាត់ធាក់ និងយកដបស្រាបៀរហនុមានវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែករយះហូរឈាមរងរបួសជាទម្ងន់សន្លប់បាត់បង់ស្មារតី) ខាងការិយាល័យជុំនាញ បាននិងកំពុងយកចិត្តទុកដាក់រៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕

Facebook Comments
Loading...