រដ្ឋសភាបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ

0
407

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើក សម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ ដោយមានវត្តមានរបស់ឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧នៃរដ្ឋសភា ទាំង១២៥ រូប។

ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានយាងជាព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជ ទានថតរូបអនុស្សាវរីយ៍ជាមួយ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧នៃរដ្ឋសភាទាំង១២៥រូប មុនពេលព្រះអង្គស្ដេចយាងនិវត្តទៅកាន់ព្រះ បរមរាជវាំងវិញ។

បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ រួចមក នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ដដែលនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាព្រឹទ្ធសមាជិករដ្ឋសភា ជាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧នៃរដ្ឋសភាដែលមានអាយុច្រើនជាងគេ ដោយមានបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រដែលមានអាយុតិចជាងគេចំនួន៥រូបជាជំនួយ ការ ក៏បានបន្តដឹកនាំបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដោយបានធ្វើការអនុម័តលើរបៀបវារៈចំនួន២ គឺ

ទី១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងទី២-ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី៧ ៕

Facebook Comments
Loading...