ភ្នំពេញ ៖ លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សខណ្ឌបឹងកេងកង កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ បានដឹកនាំ ក្រុមការងារ គណៈកម្មាធិការបក្សខណ្ឌ និង សង្កាត់ ប្រមាណជា៤០០នាក់ ធ្វើដំណើរកំសាន្ត ទៅខេត្តព្រះស៊ីហនុ ដើម្បីអបអរសាទរជ័យជម្នះ នៃបោះឆ្នោតសកលឆ្នាំ២០២៣ និងជាការលើកទឹកចិត្ត ចំពោះសមាជិកសកម្មទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ខិតខំបំពេញការងារ ក្នុងពេលយុទ្ឋនាការឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជោគជ័យដ៏ត្រះចះត្រចង់នេះ។
ថ្លែងនៅក្នុងឱកាសនោះ លោក សុខ សម្បត្តិ បានលើកឡើងថា តមតាមការសន្យារបស់លោក កាលមុនពេលបោះឆ្នោត នៅពេលដែលគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ នឹងលើកទឹកចិត្តដល់សមាជិកសកម្មទាំងអស់ ធ្វើដំណើរកំសាន្តទៅកាន់ខេត្តព្រះសីហនុ។
ជាមួយគ្នានោះ លោក សុខ សម្បត្តិ បានបញ្ជាក់ផងដែរថា ជោគជ័យទាំងអស់នេះ កើតឡើងបានដោយសារកិច្ចខិតខំប្រឹងប្រែង លះបង់គ្រប់បែបយ៉ាង ពីថ្នាក់ដឹកនាំរបស់យើងផង និង ការខិតខំចូលរួមយ៉ាងសកម្មពីបងប្អូនដែលជាសកមាជិកនៅតាមមូលដ្ឋាន បានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី បំពេញការងារ ដោយពេញចិត្តពេញថ្លើម ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីឱ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពបន្តនៅបំរើប្រទេសជាតិឱ្យមានសុខសន្តិភាព មានការកសាង និងអភិវឌ្ឍន៍កាន់តែរីកចម្រើនតទៅទៀត។
លោកប្រធានគណៈកម្មាធិការបក្សខណ្ឌបឹងកេងកង សុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សាជំហរដ៏រឹងមាំ និងស្មោះត្រង់ ក្នុងការចូលរួមការពារ សុខសន្តិភាពដែលយើងមានដោយលំបាកជាដាច់ខាត បន្តការការពារស្ថាបនិកសន្តិភាព នឹងរួមដំណើរជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងពេលបច្ចុប្បន្ននិងពេលអនាគត។
សូមបញ្ជាក់ថា ដំណើរកំសាន្តនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក គណៈអចិន្រ្តៃយ៍ មន្ត្រីនៃគណៈបក្សខណ្ឌព្រមទាំងប្រធាន អនុប្រធានគណបក្សសង្កាត់ សាខាបក្សភូមិ (ប្រធាន-អនុប្រធាន-សមាជិក) ក្រុមបក្សដែលជាសមាជិកសកម្ម នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងមូល៕