ឯកឧត្តម អ៊ិត សំហេង សុំឱ្យសមាជិកបក្សបន្តយកចិត្តទុកដាក់ធ្វើសកម្មភាពឃោសនាបោះឆ្នោតផ្តល់ភាពជឿជាក់ដល់ពលរដ្ឋក្នុងមូលដ្ឋាន ធ្វើយ៉ាងណាយកជ័យជម្នះជូនបក្សឱ្យបាន

0
295

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះជួយ ខណ្ឌបឹងកេងកង និងចំការមន បានជម្រុញឱ្យ ថ្នាក់ដឹកនាំមូលដ្ឋានគ្រប់ជាន់ថ្នាក់ សកម្មជនបក្ស និង សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាទាំងអស់ ក្នុងខណ្ឌបឹងកេងកង និង ខណ្ឌចំការមន ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ត្រូវប្រើប្រាស់នូវសកម្មភាពឃោសនា ដោយតម្លាភាពនិងយុត្តិធម៌ ផ្តល់ភាពជឿទុកចិត្តដល់ពលរដ្ឋក្នុងមូលដ្ឋាន ធ្វើយ៉ាងណាដណ្តើមយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៧នេះ ជូនបក្សប្រជាជនកម្ពុជាឱ្យបានជាដាច់ខាត។

ការជម្រុញ និង លើកទឹកចិត្តនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម បណ្ឌិត និងថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុកសមាជិក សមាជិការ ប្រមាណជាង៦៧៣នាក់មកពីខណ្ឌបឹងកេងកង និង ចំការមន នៅអគារសាកលវិទ្យាល័យប៊ែលធីក្នុងខណ្ឌបឹងកេងកង។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគណបក្សគ្រប់ផ្នែកគ្រប់ផែននៅក្នុងខណ្ឌទាំងពីរ ដែលតែងតែរក្សានិងពង្រឹងសាមគ្គីភាព ឯកភាព និងរួមគ្នាជាធ្លុងមួយគាំទ្រគណបក្សប្រជាជនកម្ពុជារហូតមក។ កត្តាទាំងនេះហើយដែលជួយឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតគ្រប់អាណត្តិ ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាដើម។

ឯកឧត្តមបណ្ឌិតបានណែនាំដល់ក្រុមប្រឹក្សាខណ្ឌទាំង២ ទោះបីអំឡុងពេលនេះយើងរវល់នឹងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងណាក៏ដោយប៉ុន្តែចំពោះសេវាកម្មដែលត្រូវបម្រើជូនប្រជាពលរដ្ឋ គឺត្រូវតែបំពេញជូនប្រជាពលរដ្ឋឱ្យបានល្អ។ កម្មវិធីនយោបាយត្រូវបានរៀបចំបានយ៉ាងត្រឹមត្រូវ ហើយក៏ឃោសនាជូនប្រជាពលរដ្ឋក្នុងយុទ្ធនាការឃោសបោះឆ្នោតនេះក៏កាន់តែទូលំទូលាយដែរ ប៉ុន្តែក៏ទាមទារឱ្យការអនុវត្តនៅមូលដ្ឋានប្រព្រឹត្តទៅបានគ្រប់ជ្រុងជ្រោយជូនប្រជាពលរដ្ឋដែរ ដូច្នេះគ្រប់មន្ត្រីរាជការដែលបម្រើសេវាសាធារណៈត្រូវតែបំពេញកិច្ចកនេះឱ្យបានជាប់ជាប្រចាំ កុំឱ្យមានការថ្នាំងថ្នាក់ចំពោះប្រជាពលរដ្ឋឱ្យសោះ ហើយក៏សុំផ្ដាំផ្ញើឱ្យសមាជិក សមាជិកាគណបក្សត្រៀមជាស្រេចនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬបើមិនទាន់មានទេ ឬបាត់ ឬខូច ត្រូវទៅស្នើសុំឯកសារបញ្ជាក់បម្រើឱ្យការបោះឆ្នោត (ឯ.អ) ឱ្យបានទាន់ពេលវេលាដើម្បីប្រើប្រាស់ក្នុងពេលទៅបោះឆ្នោត។

ជាមួយគ្នានោះ លោក គឹម ឈុនអ៊ូ អនុប្រធានប្រចាំការគណបក្សខណ្ឌបឹងកេងកង បានជម្រាបជូនថា មន្ត្រីគណបក្សទាំងអស់សុទ្ធតែមានភារៈកិច្ចសំខាន់ក្នុងការរួមចំណែកធ្វើអោយកិច្ចដំណើរការនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោតប្រព្រឹត្តិទៅប្រកបដោយភាពរលូនត្រឹមត្រូវ តម្លាភាព យុត្តិធម៌ ដែលអាចទទួលយកបានសម្រាប់គណបក្សប្រជាជនកម្ពុជា សមាជិកបក្ស ដែលមានវត្តមាននាថ្ងៃនេះ ក្រៅពីតួនាទីដែលត្រូវបំពេញ ជាអ្នកផ្តល់សន្លឹកឆ្នោតមួយសន្លឹកជូន គណបក្សនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅមានភារៈកិច្ចជាច្រើនទៀត ដែលត្រូវចូលរួមការពារគ្រប់ដំណើរការនៃការបោះឆ្នោតនិងរាប់សន្លឹកឆ្នោត ត្រួតពិនិត្យសមាជិកបក្សនៅតាមអង្គភាពនីមួយៗនិងជម្រុញក្រុមគ្រួសារសាច់ញាតិ មិត្តភ័ក្ត្រទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា៕

Facebook Comments
Loading...