ក្បួនយុទ្ធនាការឃោសបោះឆ្នោតទ្រុងទ្រាយធំលើកទី៣ ដឹកនាំដោយ ឯកឧត្តម អ៊ិត សំហេង ក្នុងខណ្ឌ បឹងកេងកង និង ចំការមន មានអ្នកចូលរួមនិងអ្នកសាទរយ៉ាងច្រើនកុះករ

0
355

ភ្នំពេញ ៖ ក្បួនហែរយុទ្ធនាការឃោសនាបោះឆ្នោតទ្រុងទ្រាយធំលើកទី៣ នៅខណ្ឌ បឹងកេងកង និង ចំការមន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលដឹកនាំ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌបឹងកេងកង និងចំការមន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ មានសមាជិក/សមាជិកាបក្សប្រជាជនកម្ពុជានិងប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមអបអរសាទរយ៉ាងច្រើនកុះករ។

នៅមុនពេលចេញដំណើរដង្ហែក្បួនឃោសនាពីមហោស្រពកោះពេជ្រទៅកាន់គោលដៅរៀងៗខ្លួន ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានផ្តល់នូវការផ្តាំផ្ញើមួយចំនួន ដល់សមាជិក សមាជិកា ត្រូវរក្សានូវសេចក្តីថ្លៃថ្នូ របៀបរាបរយ យោគយល់ អធ្យាស្រ័យ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជា  សេចក្តីណែនាំ ឬ បញ្ញត្តិទាំងឡាយដែលស្ថិតនៅក្រោមច្បាប់បោះឆ្នោត ក្នុងនាមជាបក្សនយោបាយដ៏ជំជាងជាពិសេសគោរពឱ្យបាននូវក្រមសីលធម៌ រក្សាវិន័យ របស់គណបក្ស និងត្រូវគោរពច្បាប់ចរាចរណ៍ ក្នុងពេលធ្វើដំណើរឃោសនានោះ។

ជាមួយនឹងសំឡេងជ័យឃោសដ៏ក្លៀវក្លា ឯកឧត្តម បណ្ឌិតអ៊ិត សំហេង ព្រមទាំងសមាជិក/សមាជិកាបក្សរាប់ពាន់នាក់ បានប្រកាសពីការប្ដេជ្ញាចិត្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ដើម្បីបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ។

តាមទិដ្ឋភាពជាក់ស្ដែងនៅក្នុងពិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី៣នេះ មានប្រជាជននៅតាមដងផ្លូវយ៉ាងច្រើនបង្ហាញនូវការអបអរសាទរ ស្វាគមន៍ និងជូនពរឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះជាថ្មីនៅអាណត្តិទី៧ជាបន្តទៀត ដើម្បីមានលទ្ធភាពបានបំរើប្រជាពលរដ្ឋ។

បន្ទាប់ពីបំបែកក្បួនទៅតាមមូលដ្ឋានរៀងខ្លួនទៅ គេឃើញក្បួនឃោសនារបស់ខណ្ឌបឹងកេងកង ដែលដឹកនាំដោយ លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកងបានបន្តសកម្មភាពឃោសនារបស់ខ្លួននៅតាមគោលដៅសំខាន់ៗមួយចំនួន ពិសេសនៅស្ថានីយ៍ប្រេងឥន្ទនៈ ភីធីធី បូកគោ បន្តសកម្មភាពឃោសនាយ៉ាងកងរំពង ស្និតស្នាល និងសប្បាយរីករាយ ដោយមានការចូលរួមពីសមាជិក សមាជិក និងមហាជនដែលធ្វើដំណើរតាមដងផ្លូវនោះផងដែរ។

សូមជម្រាបថា យុទ្ធនាការឃោសបោះឆ្នោតនេះ បានឈានដល់ថ្ងៃទី១៦ហើយ គឺនៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងឈានមកដល់ហើយ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣  ខណៈដែល គ.ជ.ប បានកំណត់អនុញ្ញាតឱ្យយុទ្ធនាការឃោសនាបោះឆ្នោតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣៕

Facebook Comments
Loading...