រុស្សីប្រតិកម្មថា អាមេរិកប្រព្រឹត្ត​អំពើ​ដ៏ឆ្កួត​លីលាសាជា​ថ្មី ដែលសម្រេចដាក់បញ្ចូលគ្រាប់បែកចង្កោមផ្តល់ទៅអោយទីក្រុងកៀវ

0
348

បរទេស ៖ បន្ទាប់ពីអាមេរិក សម្រេចដាក់បញ្ចូលគ្រាប់បែកចង្កោមនៅក្នុងកញ្ចប់ជំនួយយោធាចុងក្រោយបំផុតរបស់ខ្លួន ដល់ទីក្រុងកៀវ លោក Antonov បានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តបង្កើនភាគហ៊ុននៅក្នុងជម្លោះនេះ ហើយហៅការញុះញង់របស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ថាពិតជាហួសកម្រិត ដែលនាំមនុស្សជាតិខិតទៅជិតសង្រ្គាមលោកថ្មីមួយ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយនៅថ្ងៃសៅរ៍ទី៨ខែកក្កដាថា សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការដាក់បញ្ចូលគ្រាប់បែកចង្កោមនៅក្នុងកញ្ចប់ជំនួយយោធាចុងក្រោយបំផុតរបស់ខ្លួន ដល់ទីក្រុងកៀវ គឺជាការទទួលស្គាល់បរាជ័យ និងជាការប៉ុនប៉ងអស់សង្ឃឹម ដើម្បីទប់ទល់បរាជ័យ។លោក Antonov បានប្រាប់អ្នកយកព័ត៌មានថា “គ្រាប់បែកចង្កោមគឺជាកាយវិការនៃភាពអស់សង្ឃឹម។ វិធានការបែបនេះ បង្ហាញពីការដឹងខ្លួនរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ថា ពួកគេអសមត្ថភាព។ យ៉ាងណាក្តី ពួកគេមិនចង់ទទួលស្គាល់ភាពបរាជ័យដោយផ្ទាល់នោះទេ ដូច្នេះ​ហើយ ពួក​គេទើបនាំគ្នា​ប្រព្រឹត្ត​អំពើ​ដ៏ឆ្កួត​លីលាសាជា​ថ្មី”។

ទន្ទឹមនោះ លោក Antonov បានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តបង្កើនភាគហ៊ុននៅក្នុងជម្លោះនេះ ហើយហៅការញុះញង់របស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ថាពិតជាហួសកម្រិត ដែលនាំមនុស្សជាតិខិតទៅជិតសង្រ្គាមលោកថ្មីមួយ។

គួរបញ្ជាក់ថា តាមសេចក្តីប្រកាសរបស់សេតវិមាននិងមន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រទី៧ខែកក្កដា សហរដ្ឋអាមេរិក នឹងបញ្ជូនកញ្ចប់សព្វាវុធថ្មីទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។

អនុរដ្ឋលេខាធិការក្រសួងការពារជាតិទទួលបន្ទុកផ្នែកគោលនយោបាយ លោក Colin Kahl បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណថា ការសម្រេចចិត្តនេះ ត្រូវបានជំរុញដោយភាពបន្ទាន់ និងបំណងប្រាថ្នាដើម្បីឲ្យអ៊ុយក្រែន​ បន្តការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី៕

 

Facebook Comments
Loading...