កម្ពុជា-សង្ហិបុរីបណ្តាក់ទុនរួមគ្នាលើការថែទាំ និងបណ្តុះបណ្តាលជំនាញជួសជុលយន្តហោះនៅកម្ពុជា

0
680

ភ្នំពេញ ៖ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) និង ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារភាគហ៊ុនសិង្ហបុរី SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការគ្នា ដើម្បីបណ្តាក់ទុនរួមគ្នាលើសេវាកម្ម Line maintenance ពោលគឺការថែទាំ និងជួសជុលយន្តហោះនៅកម្ពុជា។ ផ្អែកលើកិច្ចព្រមព្រៀង ក្រុមហ៊ុន SIAEC នឹងកាន់កាប់ ៥១% នៃក្រុមហ៊ុនបណ្តាក់ទុននេះ ហើយក្រុមហ៊ុន CAIC នឹងកាន់កាប់ ៤៩%។

ក្នុងពិធីចុះកិច្ចព្រមព្រៀងសហការគ្នារវាងក្រុមហ៊ុន CAIC និងក្រុមហ៊ុន SIAEC អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន CAIC បានមានប្រសាសន៍ថា យើងមានជំនឿចិត្តយ៉ាងមុតមាំថា ការផ្តល់នូវជំនាញបចេ្ចកទេសថែទាំ និងជួសជុលយន្តហោះ និងការបំពេញការងារអនុលោមតាមគោលការណ៍របស់ SIAEC នឹងផ្តល់សារៈសំខាន់ដល់ភាពជោគជ័យយូរអង្វែង នៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាលទ្ធផលនឹងផ្តល់ឱកាសការងារសំខាន់ៗដល់ទីផ្សារពលកម្មយើងកាន់តែច្រើន ហើយយើងជឿជាក់ថា កិច្ចសហការជាដៃគូរយុទ្ធសាស្ត្រនេះ នឹងហុចផ្លែផ្កាលើសពីការរំពឹងទុក។

ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ចែកចេញជា ៣ដំណាក់កាល ដែលអាចទទួលអ្នកដំណើរបានដល់ ៥០លាននាក់ ដោយមានផ្លូវរត់សម្រាប់យន្តហោះបី និងអគារស្ថានីយ៍ផ្សេងៗគ្រប់ដណ្តប់លើផ្ទៃដីសរុប ២,៦០០ហិកតា។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាខាងលើនេះ នឹងចាប់ដំណើរការនៅខែមីនា ឆ្នាំ២០២៥ ស្របពេលនឹងការចាប់ផ្តើមដំណើរការរបស់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ៕ អត្ថបទ៖ ឈឹម ទីណា

Facebook Comments
Loading...