ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ស្នើឲ្យរដ្ឋបាលខណ្ឌបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន

0
290

ភ្នំពេញ ៖ កន្លងមក ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងខណ្ឌបឹងកេងកង មានលក្ខណៈល្អប្រសើរ តែក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨ អណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានស្នើឲ្យរដ្ឋបាលខណ្ឌបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត លើបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ពិសេសក្នុងឱកាសនៃការប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងធ្វើឡើង នៅរាជធានីភ្នំពេញ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនាខាងមុខនេះ។

ក្នុងឱកាសនោះ លោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ បឹងកេងកង តំណាងលោក សុខ សម្បត្តិ អភិបាលខណ្ឌ នៃគណអភិបាលខណ្ឌ បានលើកឡើងថាបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់ អនាម័យក្នុងមូលដ្ឋាន ដូចយើងដឹងហើយថា ការទុកដាក់ និងប្រមូលសម្រាមមិនទាន់បានល្អមួយរយភាគរយនៅឡើយនោះទេ ដូចនេះមន្ត្រី ជាពិសេសចៅសង្កាត់ និងមេភូមិ ពេលភ្លៀងសុំចុះមើលមាត់លូផងក្រែងមានការកកស្ទះនៅសម្រាមដែលធ្វើឲ្យស្ទះលូទឹកហូមិនទាន់បណ្តាលឲ្យលិចតាមបណ្តាផ្លូវមួយចំនួន។

លោកបន្តថា កន្លងមក រដ្ឋបាលខណ្ឌ បឹងកេងកង បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈបរិស្ថានអនាម័យ ក្នុងមូលដ្ឋាន ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបានរួមចំណែកយ៉ាងសកម្ម ថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការកីឡាស៊ីហ្គេមដែលទើបបញ្ចប់ទៅថ្មីៗនេះ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ធ្វើឲ្យ ភ្ញៀវជាតិនិង អន្ដរជាតិមានការកោតសរសើរ។

លោក អភិបាលរងខណ្ឌ បានបន្ដថា ទោះជាយ៉ាងនេះក្ដី លើបញ្ហាសន្ដិសុខ ក៏នៅមានការខ្វះចន្លោះ១ចំនួនផងដែរដែលត្រូវ បន្ដ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ បទល្មើសផ្សេងៗ ដូចជាបទល្មើស លួច ឆក់តាមដងផ្លូវសាធារណៈជាដើម។ ជាមួយនេះ លោក បានជម្រុញ ឲ្យកងកម្លាំងក្រោមឱវាទ ព្រមទាំង គណៈបញ្ជាការឯកភាពសង្កាត់ ត្រូវយកចិត្តទុកដាក់ ថែរក្សាសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋាន ដោយចាត់ចែងកម្លាំង យាមកាម ប្រចាំការ នៅតាមទីតាំង គោលដៅ ឲ្យបានជាប់ជាប្រចាំ។ អនុវត្តការងារល្បាត នៅតាមតំបន់ដែលមានបញ្ហាប្រឈម ជម្រុញការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព ឲ្យបានខ្លាំងក្លា ព្រោះការងារនេះ គឺមានការប្រលងប្រណាំងដែលមានក្រុមការងារក្រសួងមហាផ្ទៃ ជាអ្នកត្រួតពិនិត្យនិងវាយតម្លៃទៀតផង។

លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានកោតសរសើរ គណៈអភិបាលខណ្ឌ និងគ្រប់បណ្ដា អង្គភាពពាក់ព័ន្ធទាំងអស់ ដែលកន្លងមកនេះ បានយកចិត្តទុក ដាក់រួមសហការគ្នាក្នុងការ ការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អ ។ជាបន្ដសូមលើកម្ពស់ស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីធ្វើឲ្យមូលដ្ឋាន មានសន្ដិសុខ សុវត្ថិភាពកាន់តែល្អប្រសើរ។

ក្រៅពី បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានលោកប្រធានក្រុមប្រឹក្សាខណ្ឌ ក៏បានស្នើដល់រដ្ឋបាលខណ្ឌ ក៏ដូចជាអាជ្ញាធរសង្កាត់ ភូមិ សូមធ្វើការផ្សព្វផ្សាយពីបណ្ណ ព៌តមានអ្នកបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់ទទួលបានព៌តមានច្បាស់លាស់ និងទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោត នឹងមកដល់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះហើយ ដើម្បី ចូលរួមឲ្យបានច្រើនកុះករ ក្នុងការ អនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

Facebook Comments
Loading...