គណបក្សប្រឆាំង​ថៃ២​ដណ្តើម​បាន​ជ័យជម្នះច្រើនជាងគេ ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ

0
296

បរទេស ៖ គណបក្សប្រឆាំង​ថៃ២​ដណ្តើម​បាន​ជ័យជម្នះច្រើនជាងគេ ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​ផ្ចាញ់​រាល់​គណបក្ស​ដែល​ស្និទ្ធ​នឹង​យោធា តែ​មិន​មាន​គណបក្សប្រឆាំង​ណា​​មួយ​ទទួលបាន​សម្លេង​គាំទ្រ​ដាច់​សំរាប់​បង្កើត​រដ្ឋាភិបាល​តែឯងបាន​ទេ ដោយ​វា​កំពុង​បង្កើត​ដំណាក់កាល​ស្វែងរក​ដៃគូ​ដើម្បី​ចរចា​បង្កើត​រដ្ឋាភិបាលចំរុះ​មួយ​ក្នុង​បំណង​បញ្ចប់​ការដឹកនាំ​ប្រទេស​បែប​​អភិរក្ស​ក្រោម​ការគាំទ្រ​ដោយ​យោធា​។​

​គណបក្ស​បោះជំហាន​ទៅមុខ​(MFP)​នៃ​ក្រុម​មនុស្ស​វ័យក្មេង​ជំនាន់​ថ្មី​និង​គណបក្ស​ប្រជា​និយម​«​ភឿ​ថៃ​»​បាន​នាំមុខ​គេ​ខណៈ​សន្លឹកឆ្នោត​ប្រមាណ​៩៩​ភាគរយ​បាន​រាប់​ហើយ តែ​មិន​មាន​គណបក្ស​ណាមួយ​​ទទួលបាន​អាសនៈ​សភា​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​តែឯង​បានទេ​។​ដើម្បី​អាច​ដឹកនាំ​ប្រទេស​បាន បក្សប្រឆាំង​ទាំងពីរ​នឹង​ត្រូវ​តែ​រួមដៃគ្នា និង​ស្វះស្វែង​រក​ការគាំទ្រ​ពី​ក្រុម​តូចៗ​ដទៃទៀត រួមទាំង​​ព្រឹទ្ធសភា​ដែល​តែងតាំងឡើង​ដោយ​របប​យោធា ដែល​ត្រូវ​គេ​ដឹង​ថា​ឈរ​ខាង​គណបក្ស​យោធានិយម ដូច្នេះ​ការបោះឆ្នោត​គាំទ្រ​នរណាម្នាក់​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​ក៏​នៅ​ជា​ឧបសគ្គ​។​

​តាមពិត​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ជា​ការតស៊ូ​អំណាច​រវាង​គណបក្ស​ភឿ​ថៃ​របស់​ក្រុម​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត និង​ក្រុម​ស្ថាប័ន​អភិរក្ស​ជាន់​លើ​អស់​ពេល​ប្រមាណ​២០​ឆ្នាំ តែ​រលក​គាំទ្រ​​ពី​ក្រុម​អ្នកបោះឆ្នោត​វ័យក្មេង​ចំពោះ​គណបក្ស​MFP​កំពុង​ធ្វើអោយ​គណបក្ស​កាន់​អំណាច​និង​ស្ថាប័ន​អភិរក្ស​ថៃ​បើក​ភ្នែក​ធំៗ​។​គណបក្ស​ដែល​ចង់​កែ​ទំរង់​របប​រាជានិយម​និង​លុបបំបាត់​ភាពផ្តាច់មុខ​នេះ​​បាន​ឈ្នះឆ្នោត​ដាច់​ក្នុង​ទីក្រុង​បាងកក​។​

​គណបក្ស​MFP​នាំមុខគេ បន្ទាប់​មក​បក្ស​ភឿ​ថៃ នេះ​បើ​តាម​លទ្ធផល​ឆ្នោត​នៅ​ជំហាន​ដំបូង ។​យោង​តាម​ការប៉ាន់ស្មាន​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ គណបក្ស​ទាំង​ពីរ​ទំនងជា​ទទួល​បាន​កៅអី​សភា​​លើស​គណបក្សកាន់អំណាច​ផា​ឡាង​ប្រា​ចា​រ៉ា​ត​និង​គណបក្ស​UTN​របស់​នាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ដល់ទី​ជាង​បី​ដង​។​

​មេដឹកនាំ​គណបក្ស​MFP​លោក ភិ​តា លីម​ចារឺ​នរ៉ា​ត​(Pita Limjaroenrat) អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វ័យ​៤២​ឆ្នាំ បាន​ពណ៌នា​លទ្ធផល​ឆ្នោត​នេះ​ថា​«​រំភើព​»​និង​បាន​ប្តេជ្ញា​រក្សា​តំលៃ​គណបក្ស​​របស់​លោក​នៅពេល​បង្កើត​រដ្ឋាភិបាល​ណា​មួយ​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​វា​នៅតែ​ជា​គណបក្សប្រឆាំង​គណបក្ស​ផ្តាច់ការ ប្រឆាំង​គណបក្ស​គាំទ្រ​យោធា ។​ធានា​ថា​រដ្ឋាភិបាល​បង្កើត​ឡើង​ដោយ​ក្រុម​សម្លេង​ភាគតិច​នឹង​លែង​អាច​ធ្វើទៅបាន​​ទៀត​ហើយ​នៅ​ថៃ​»​។​

​លោក​បាន​បន្តថា លោក​នៅតែ​បើកទ្វារ​បង្កើត​សម្ពន្ធភាព​មួយ​ជាមួយ​បក្ស​ភឿ​ថៃ តែ​បាន​កំណត់​ថា​លោក​នឹង​កាន់តំណែង​នាយករដ្ឋមន្ត្រី​៕

 

Facebook Comments
Loading...