ក្រសួងមហាផ្ទៃ និងកោះហៅលោកស្រី ស៊ីម សុខុន មកសាក សួររឿងយកលុយពីប្រជាពលរដ្ឋជាង ៩ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ

0
319

ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវកក្រើកពេញបណ្តាញសង្គម អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួង មហាផ្ទៃ និងកោះហៅលោកស្រី ស៊ីម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបង មកសាក សួររឿងយកលុយពីប្រជាពលរដ្ឋជាង ៩ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។ ការគ្រោងនឹងកោះហៅមកសាកសួរនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋប្តឹងទៅសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយអន្តរាគមន៍និងរកយុត្តិធម៌។

អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នឹងកោះហៅលោកស្រី ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបងមកធ្វើការសាកសួរ និងបំភ្លឺលើករណីដែលប្រជាពលរដ្ឋប្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រឿងយកលុយពីប្រជាពលរដ្ឋជាងប្រាំបួនម៉ឺនដុល្លារជាថ្នូររត់ការចូល ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិតែមិនបានសម្រេច។ ករណីនេះ កំពុងតែកក្រើកនៅលើបណ្តាញសង្គមនិងរងការរិះគន់ យ៉ាងខ្លាំងទៅលើលោកស្រី ស៊ឹម សុខុន និងសុំឲ្យក្រសួងមហាផ្ទៃស្រាវជ្រាវរកមន្ត្រីដែលពាក់ព័ន្ធដើម្បីចាត់វិធានការ តាមច្បាប់។

ប្រភពគួរឱ្យទុកចិត្តបានប្រាប់រស្មីកម្ពុជានៅយប់ថ្ងៃទី១០ ខែឧសភា នេះថា ករណីនេះ សម្តេចក្រឡាហោម ស ខេង បានជ្រាបហើយ និងបានឱ្យខាងអគ្គនាយដ្ឋានពន្ធនាគារស្រាវជ្រាវលើករណីនេះឱ្យបានច្បាស់លាស់និងរកអ្នកដែល ពាក់ព័ន្ធនៅពីក្រោយរឿងនេះ ពោលគឺអ្នកដែលឃុបឃិតជាមួយលោកស្រី ស៊ឹម សុខុនអនុប្រធានពន្ធនាគារ ខេត្តបាត់ដំបង។

ចំណែកមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានប្រាប់រស្មីកម្ពុជាថា អគ្គនាយកដ្ឋានពន្ធនាគារនឹងកោះអញ្ជើញលោកស្រី ស៊ឹម សុខុនមកធ្វើការសាកសួរបំភ្លឺលើករណីនេះ។ បន្ទាប់ពីស្តាប់ចម្លើយរួចនឹងធ្វើរបាយការណ៍គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេច។

លោកស្រី ស៊ឹម សុខុន មន្ដ្រីពន្ធនាគារខេត្តបាត់ដំបង ត្រូវបានប្រជាពលរដ្ឋ ១១គ្រួសារ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងរួមគ្នា ប្តឹងទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រឿងបោកលុយជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។

នៅក្នុងពាក្យបណ្តឹង រៀបរាប់ជូនសម្ដេចក្រឡាហោម ស ខេង ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១យើងខ្ញុំទាំង ១១នាក់ បានយកថវិកាទៅប្រគល់ជូនលោកស្រី ស៊ឹម សុខុន នៅគេហដ្ឋានរបស់លោកស្រីផ្ទាល់ ដោយមាន លោក ម៉ៅ ណាត លោកប្រាជ្ញ សុវណ្ណមន្នី និងលោក ម៉ៅ សំរេច ជាអ្នកបានឃើញយើងខ្ញុំទាំង១១នាក់ជួបប្រគល់ថវិកាទៅ
លោកស្រីពិតប្រាកដមែន ដោយគាត់សន្យា និងជួយរត់ការប្រឡងចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ប្រសិនបើមិនបាន គាត់និងប្រគល់ថវិកាជូនវិញគ្រប់ចំនួន ។គាត់អះអាងថាគេ នឹងរើសចេញពីជួរយុវជនគណបក្សប្រជាជនកម្ពុជា។

ក្រោយពេល ដល់ថ្ងៃកំណត់ប្រឡងរួចតែលទ្ធផល មិនបានជាប់ដូចការសន្យា ទើបយើងខ្ញុំទាំងអស់គ្នាសម្រេចចិត្ត សុំដកយកថវិកាមកវិញ តែរយ:ពេលមួយឆ្នាំហើយមិនព្រមឱ្យ យើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសាលាខេត្ត បាត់ដំបង ហើយអភិបាលរងនៃគណៈអភិបាលខេត្ត បានព្យាយាមដោះស្រាយចំនួនបីលើក តែមិនបានថវិកាមកវិញទើប យើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដោះស្រាយ និងរកយុត្តិធម៌ ជូនយើងខ្ញុំឲ្យបានថវិកាគ្រប់ចំនួន៩៤.៧០០ដុល្លាអាម៉េរិក មកវិញផងតាមឈ្មោះ និងចំនួនថវិកាដូចតារាងជូនភ្ជាប់។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើសូម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងសម្រេចដោយសេចក្ដីអនុគ្រោះ។

ទាក់ទងករណីនេះ លោកស្រីឧត្តមសេនីយ៍ត្រី ស៊ឹម សុខុន មន្ដ្រីពន្ធនាគារខេត្តបាត់ដំបងមិនអាចសុំការអត្ថាធិប្បាយ បានទេ៕

 

Facebook Comments
Loading...