គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង បើកកិច្ចប្រជុំផ្តោតសំខាន់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២

0
401

ភ្នំពេញ ៖ កងកម្លាំងមានសមត្ថកិច្ចក្នុងខណ្ឌបឹងកេងកង ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹង ការ ការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន បន្ថែមទៀត ដើម្បីទប់ស្កាត់ឲ្យបាន នូវរាល់បទល្មើសផ្សេងៗក្នុងគោលដៅ ថែរក្សាសន្ដិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានកាន់តែប្រសើរ ពិសេសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះដែលនិងចូលកមកដល់នាឆាប់ៗខាងមុខនេះ។

គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង៧ ត្រូវអនុវត្តឲ្យបានជោគជ័យនូវ គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព និងបន្តប្រឹងប្រែងបំពេញតួនាទី ភារកិច្ច និងបេសកកម្ម ឲ្យកាន់តែសកម្មថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប នូវរាល់បទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ច សំដៅកសាងបាននូវទំនុកចិត្ត និងការជឿជាក់ពីបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង ក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខណ្ឌ កាលពីព្រឹកថ្ងៃទី២៧មេសាកន្លងមកនេះ។។

លោកអភិបាលខណ្ឌ បានលើកឡើងទៀតថាបញ្ហាសន្ដិសុខសុវត្ថិភាព គឺជាបញ្ហាសំខាន់បំផុតដែលអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ជាងគេ ដែលជាកត្តាដ៏សំខាន់ក្នុងការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្ម របស់ប្រជាពលរដ្ឋ បើគ្មាន សន្ដិសុខសុវត្ថិភាពទេ ការអភិវឌ្ឍន៍ក៏មិនអាច ទៅមុខរួចដែរ។ ដូចនេះយើងត្រូវតែប្រុងប្រយ័ត្ន ជាប់ជាប្រចាំ ត្រូវតែមានកម្លាំងត្រៀម ក្នុងករណីមានបទល្មើសកើតឡើង ត្រូវរិះរកវិធានការ ទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលាដើម្បីផ្ដល់នូវភាពសុខសាន្ដ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកបន្តថា ដោយឡែក លើបញ្ហាសណ្ដាប់ធ្នាប់តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន ត្រូវរៀបចំឲ្យមានរបៀបរៀបរយ ពិសេសការចតយានយន្ដគ្រប់ប្រភេទ ការទុកដាក់សម្រាម និង ការបញ្ចេញសម្រាម ព្រោះថាកន្លងមកនេះ តាមលំនៅដ្ឋាន និង ទីតាំងអាជីវកម្ម១ចំនួន ចតយានយន្ដគ្មានសណ្ដាប់ធ្នាប់ ចតលើទ្រូងផ្លូវ ធ្វើឲ្យផ្លូវតូចចង្អៀត ស្ទះចរាចរ បង្កឲ្យមានគ្រោះថ្នាក់ចរាចរ ។ ចំពោះបញ្ហាសម្រាមវិញ តាមលំនៅដ្ឋាន និង ទីតាំងអាជីវកម្ម ត្រូវមានអ្នកបោសសំអាត ធ្វើអនាម័យ និងមិនត្រូវបញ្ចេញសម្រាមមុនពេលរថយន្ដប្រមូលសម្រាមមកដល់នោះឡើយ។

លោក អភិបាលខណ្ឌបានណែនាំដល់មន្ដ្រីជំនាញ ត្រូវចុះធ្វើ កំណត់ហេតុ និងកិច្ចសន្យា បញ្ឈប់សកម្មភាព ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់នេះ ហើយបើថ្ងៃក្រោយនៅតែកើតមានទៀត រដ្ឋបាលខណ្ឌនឹងចាត់ វិធានការ ដោយមិនបណ្ដោយ ឲ្យរឿងដដែលៗនេះកើតមានតទៅទៀតឡើយ។

លោកបញ្ជាក់ថា យើងទាំងអស់គ្នាបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ប្តេជ្ញាចិត្តខ្ពស់ក្នុងការត្រៀមរៀបចំគ្រប់ផែនការសកម្មភាពទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឱ្យ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឲ្យទទួលបានជោគជ័យដ៏ធំធេងជូនជាតិ ដែល វាជាកំណត់ត្រា ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើង៕  

Facebook Comments
Loading...