ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង ស្នើឲ្យរដ្ឋបាលខណ្ឌ ជម្រុញការផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ ចូលរួមឲ្យបានពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម

0
373

ភ្នំពេញ ៖ លោក គឹម ឈុនអ៊ូ  ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង ​បានលើកឡើង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ខណ្ឌបឹងកេងកង លើកទី៤៧ អណត្តិទី៣ នាព្រឹថ្ងៃទី២៨ ខែមេសា នេះថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលធ្វើឡើង នៅកម្ពុជា កាន់តែខិតជិតមកដល់ហើយ ប៉ុន្ដែប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហាក់ដូចជាពុំសូវខ្វល់ខ្វាយនឹងព្រឹត្តិការណ៍នេះសោះ។ ដូចនេះលោក បានស្នើដល់រដ្ឋបាល ខណ្ឌ សូមជួយជម្រុញការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ចូលរួមឲ្យបានពេញលេញ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងជាប្រវត្តិសាស្ដ្ររបស់កម្ពុជា។

ក្នុងឱកាសនោះ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកងបានលើកឡើងថា នៅសល់តែ៧ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងមកដល់នៅលើទឹកដីកម្ពុជា ដូចនេះលោកសូមអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងខណ្ឌបឹងកេងកង ទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងដែនកម្ពុជាទាំងមូល សូមចូលរួមទាំងអស់គ្នា ព្រោះយើងជាម្ចាស់ផ្ទះទាំងអស់គ្នា បើមិនចូលរួមទាំងអស់គ្នាទេ ការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក៏មិនទទួលបានជោគជ័យដែរ។

លោក អភិបាលខណ្ឌបានបន្ដថា ការងារនេះមិនមែនទើបតែនឹកឃើញធ្វើនោះទេ គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះនេះជាយូរមកហើយ ព្រមទាំងរៀបចំនូវគម្រោងផែនការ និង បានដាក់ចេញនូវយន្ដការច្បាស់លាស់ ជាមួយក្រសួងនិងស្ថាប័ន្ធពាក់ព័ន្ធ ដើម្បីអនុវត្តផងដែរ។ លោកបន្ដទៀតថា តាមការពិនិត្យជាក់ស្ដែង ក្នុងក្របខណ្ឌនៃស៊ីហ្គេម នៅថ្នាក់ក្រោមជាតិ គឺនៅមិនទាន់ត្រៀមខ្លួនចូលរួមពេញលេញ នៅឡើយ ដោយសង្កេតឃើញថាទិដ្ឋភាពទូទៅ ហាក់ដូចជានៅធម្មតា នៅតាមលំនៅដ្ឋាន ពុំមានការ  តុបតែងលំអឲ្យបានសមរម្យ ដូចជាមិនទាន់ផ្ទុះសោះ។ ការចូលរួមរបស់ប្រជាពលរដ្ឋគឺចង់ឲ្យគាត់សំអាតផ្ទះសម្បែង តុបតែលំអរភ្លើងព៌ណ ទង់ជាតិ ទង់ជ្វាលា សំអាត បរិស្ថានតាមដងផ្លូវ ព្រមទាំងធ្វើបដិសណ្ឋារកិច្ច ពេលជួបភ្ញៀវ គឺត្រូវ បង្ហាញនូវស្នាមញញឹមចំពោះភ្ញៀវផងដែរ។

លោក អភិបាលខណ្ឌ បានណែនាំដល់សង្កាត់ដែលមានភូមិសាស្ដ្រជាប់ដងផ្លូវធំៗ ត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ ផ្សព្វផ្សាយ បំផុសឲ្យប្រជាពលរដ្ឋចូលរួម ឲ្យគាត់ចូលរួមដោយផុសចេញពីបេះដូង ព្រោះនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលក្នុងរយៈពេល៦៤ឆ្នាំ កម្ពុជាទើបតែធ្វើបានម្ដងគត់។ សូមយកបញ្ហានេះ ជាកិច្ចការស្នូលធ្វើយ៉ាងណាយើងខិតខំប្រឹងប្រែង ជាមួយរាជរដ្ឋាភិបាលដើម្បីឲ្យការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរបស់យើងទទួលបានជោគជ័យប្រកបដោយកិត្តិយស។ ពាក់ព័ន្ធ និងបញ្ហាសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ បរិស្ថាន អនាម័យ ការទុកដាក់សម្រាមនៅក្នុងមូលដ្ឋាន លោកបានជម្រុញឲ្យសង្កាត់យកចិត្តទុកដាក់រៀបចំសំអាតឲ្យបានល្អ បញ្ហាអ្នកសុំទាន តាមស្ដុប រទេះអេតចាយជាដើមត្រូវ រៀបចំរុញ ចូលក្នុងឲ្យផុតពីផ្លូវធំ មិនត្រូវសំដែងឲ្យភ្ញៀវគេឃើញនោះឡើយ។

លោក គឹម ឈុនអ៊ូ  ដាក់ក្ដីរំពឹងថាបើមានការចូលរួមពេញលេញ និងផុលផុសពីប្រជាពលរដ្ឋ ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា នឹង ទទួលបានលទ្ធផលធំធេងជាប្រវត្តិសាស្ដ្រ សម្រាប់ជាតិ និងប្រជាជន ៕

 

Facebook Comments
Loading...