កាន់តែក្តៅហើយរុស្សី ធ្វើសមយុទ្ធយន្តហោះវាយប្រហារនុយក្លេអ៊ែរ ដ៏គួរឲ្យភ័យខ្លាច គំរាមលោកខាងលិច

0
439

បរទេស ៖ កាលពីថ្ងៃអង្គារទី១៨ខែមេសា លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ Tu-95MS ចំនួន២គ្រឿងទៅកាន់សមុទ្រ Bering និង Okhotsk ក្នុងការបង្ហាញកម្លាំងថ្មីដ៏គួរឲ្យភ័យខ្លាច គំរាមលោកខាងលិច។

សមយុទ្ធដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ក្នុងអំឡុងការល្បាតដែនអាកាសរយៈពេលវែង គេបានឃើញយន្តហោះដឹកប្រេង Il-78 ចាក់ប្រេងឲ្យយន្តហោះវាយប្រហារនុយក្លេអ៊ែរ។

កងយន្តហោះ Tu-95 គឺជាផ្នែកមួយដ៏សំខាន់នៃកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី ប៉ុន្តែយន្តហោះទាំងនោះ ក៏ត្រូវបានគេប្រើ ដើម្បីបាញ់មីស៊ីលមិនបំពាក់ក្បាលគ្រាប់បរមាណូ ដែលបណ្តាលឲ្យមានការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ុយក្រែន ផងដែរ។ ក្រៅពីសមយុទ្ធដែនអាកាសនេះ សមយុទ្ធមួយទៀតក៏កំពុងដំណើរការនៅភាគខាងកើតប្រទេសរុស្ស៊ីផងដែរ ដែលមានការចូលរួមពីនាវាមុជទឹក និងសមយុទ្ធបាញ់គ្រាប់ពិត។

លើសពីនេះ យន្តហោះវាយប្រហារនុយក្លេអ៊ែររបស់លោក ពូទីន ត្រូវបានគេរំពឹងថានឹង ធ្វើសមយុទ្ធបន្ថែមទៀត នាពេលថ្មីៗនេះ។

គួរបញ្ជាក់ថា សមយុទ្ធនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្តហោះព្យុះទីហ្វុងរបស់កងទ័ពអាកាសអង់គ្លេស បានស្ទាក់ចាប់យន្តហោះស៊ើបការណ៍រុស្ស៊ី និងយន្តហោះចម្បាំង២គ្រឿង ដែលហោះនៅជិតដែនអាកាស ណាតូ លើសមុទ្របាល់ទិក៕

Facebook Comments
Loading...