ក្រុមឱកាសនិយមប្រើប្រាស់លិខិតរបស់ក្រសួងដែនដី ប្រកាសលក់ដីជិតមួយម៉ឺនហិកតា នៅស្រុកគាស់ក្រឡ

0
389

បាត់ដំបង ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បាននិយាយថា មន្ត្រីយោធាម្នាក់ថ្នាក់ឧត្តមសេនីយ៍ទោ និងបក្ខពួកខិលខូច កំពុងយកលិខិតរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រើប្រាស់ជាឈ្នាន់ ដើម្បីបោកប្រាស់អ្នកដទៃ តាមរយៈការប្រកាសដី ដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន។ ហើយដីដែលបុគ្គលទុច្ចរិតប្រកាសលក់យ៉ាងព្រហើននេះ គឺស្ថិ​ត​នៅក្នុងភូមិសាស្ត្រនៃទឹកដីឃុំឆ្នាល់មាន់ និងឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរក្នុងខេត្តបាត់ដំបង ចាត់វិធានការទប់ស្កាត់បន្ទាប់ ដើម្បីចៀសវាងបង្កឲ្យមនុស្សរដ្ឋរងគ្រោះ ដោយសារការចាញ់បោកបុគ្គលខិលខូចទាំងនេះ តាមរយៈការលក់-ទិញដីព្រៃរបស់់រដ្ឋ ដីរបស់អ្នកដទៃ ឬដីកំពុងមានជម្លោះជាដើម ដែលនាំឲ្យកើតបញ្ហាស្មុកស្មាញកាន់តែច្រើន នៅក្នុងតំបន់នេះ។

អ្នកភូមិជាច្រើន នៅក្នុងឃុំដូនបា បានឲ្យដឹងថា បុរសកំហូចម្នាក់ ឈ្មោះ យ៉ុម យ៉ូម អាយុ៦២ឆ្នាំ ជាអ្នកស្នាក់នៅបណ្តោះអាសន្ន ម្តុំតំបន់ភ្នំតូច ភ្នំធំ ក្នុងទឹកដីឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងបក្ខពួក បានអួតក្អេងក្អាងថា ក្រុមខ្លួនមានមន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ បម្រើការនៅខុទ្ទកាល័យអគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ គឺជាអ្នកដើរប្រកាស់លក់ដី ដែលភាគច្រើនគឺជាដីពាក់ព័ន្ធជាមួយកម្មសិទ្ធិរបស់អ្នកដទៃ និងមាមទំហំជិត១០ ០០០ហិកតា ដោយបានអះអាងថា ដីទាំងអស់នេះ ពួកគេបានស្នើសុំពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រួចរាល់អស់ហើយ។

ប្រជាពលរដ្ឋបានបន្ថទៀតថា បុរសវ័យចំណាស់ឈ្មោះ យ៉ុម យ៉ូម បានដើរនិយាយអួតអាងថា ខ្លួនមានសិទ្ធគ្រប់គ្រាន់ក្នុងចាត់ចែងលើផ្ទៃដីទំហំសរុប ៩០៥៧ពាន់ហិកតា ដូច្នេះបើចង់លក់-ដូរ ត្រង់កន្លែងណា ក៏គ្មានបញ្ហាដែរ។ បុរសរូបនេះអះអាងថា «ព្រោះមេ (ផ្កាយ២) បានរត់ការសុំពីដីទាំងអស់ ដល់ថ្នាក់ក្រ​សួងដែនដី ដោយមានស៊ីញ៉េទទួលស្គាល់ប៉ុនៗណាណីតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម»។

ពលរដ្ឋបន្តទៀតថា «តាយួម ហ៊ានលក់ដីរបស់រដ្ឋ និងមួយផ្នែកទៀតជាដីពាក់ព័ន្ធជាមួយដីក្រុមហ៊ុនចិន ដោយគ្មានខ្លាចញញើតល្មើសច្បាប់ និងធានារត់ការធ្វើបណ្ណកម្មសិទ្ធិ (ប្លង់រឹង) ថែមទៀតផង»។

យោងតាមលិខិតចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដែលមានស្នាមមេដៃមនុស្សបួននាក់ រួមមាន៖ ទី១- ឈ្មោះ យ៉ូម យ៉ូម ភេទប្រុស អាយុ៦៣ឆ្នាំ កាន់អត្តសញ្ញាណបណ្ណលលេខ ១៧០១៤១៤៤២ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៨៨ ក្រុម១០ ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ទី២- ឈ្មោះ តុប នួង ភេទប្រុស អាយុ៦០ឆ្នាំ កាន់អត្តសញ្ញាណបណ្ណលលេខ ១៧០៨៦៨២៥៩ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ ទីលំនៅបច្ចុប្បន្ន ក្រុម១៨ ភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ទី៣- ឈ្មោះ សយ រ៉យ ភេទប្រុស អាយុ៤២ឆ្នាំ កាន់អត្តសញ្ញាណបណ្ណលេខ ១៧០១៤១៨៨០ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៨៨ ក្រុម១០ ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង និងទី៤- ឈ្មោះ ឆាយ ម៉ា ភេទប្រុស អាយុ៣៨ឆ្នាំ កាន់អត្តសញ្ញាណបណ្ណលេខ ១៧០១៤២២៨២ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៩គ ក្រុម៨ ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង គឺជាតំណាងម្ចាស់ដីទំហំ៩០៥៧ហិកតា។

ចំពោះបុគ្គលទាំងបួននាក់ខាងលើ បានអះអាងថា ខ្លួនជាតំណាងអ្នកភូមិ១១៩គ្រួសារ បានដាក់លិខិតទៅលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បី ស្នើសុំចុះបញ្ជីដីធ្លី (ធ្វើបណ្ណកម្មសិទ្ធ) លើផ្ទៃដីទំហំ ៩០៥៧ហិកតា មានទីតាំងស្ថិតក្នុងភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយអះអាងថា ពួកគាត់បានកាន់កាប់់អាស្រ័យផលតាំងពីឆ្នាំ១៩៨៣មកម្លេះ ដែលនៅពេលនោះ គឺជាព្រៃឈើក្រាសស្មឹក និងជាតំបន់ជម្រកទាហានខ្មែរក្រហម។

ក្រោយពីដាក់លិខិតទៅដល់ក្រសួងរួចមកអគ្គនាយករដ្ឋបាលរបស់ក្រសួង បានបញ្ជូនសំណើរខាងលើជូនលោករដ្ឋមន្ត្រី ដោយលើកយោបល់ថា «គួរជូនរដ្ឋបាលខេត្តបាត់ដំបង ពិនិត្យជាសមត្ថកិច្ច» ទើបមានចំណាឯកភាពពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឲ្យបញ្ជូនជាសមត្ថកិច្ចរបស់ខេត្តបាត់ដំបង ដែលមានលោក សុខ លូ ជាអភិបាលខេត្ត។

លិខិតរបស់អគ្គនាយកដ្ឋានរដ្ឋបាល ជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា គឺចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ គឺចុះហត្ថលេខាដោយលោក សេង ឡូត អគ្គនាយកដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី។

អមតាមចំណានេះ លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតមួយច្បាប់ លេខ៣២១៤ ដនស/អសដភ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានជម្រាបជូនលោក សុខ លូ អភិបាលខេត្តបាត់ដំបង អំពីសំណើបុរសបួននាក់ ដោយបញ្ជាក់ក្នុងលិខិតថា «ជូនលោកអភិបាលខេត្ត ពិនិត្យជាសមត្ថកិច្ច និងចាត់ចែតតាមការគួរ»។

បន្ទាប់ពីលិខិតខាងលើ ចូលដល់សាលាខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើដីកាអមបញ្ជូនទៅលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរយោដីខេត្ត និងលោក ញឹក សារ៉ែម អភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡ «ដើម្បីផ្តល់យោបល់ជូនរដ្ឋបាលខេត្ត» ប៉ុន្តែស្រាប់តែបុគ្គលជាមន្ត្រីយោធាពាក់ផ្កាយ២ និងបក្ខពួកបាននាំគ្នាយកលិខិតផ្នែករដ្ឋបាលរបស់ក្រសួងរៀបចំដេនដី នគរូបនីយកម្ម និងសំណង់ ធ្វើជាលិខិតប្រកាសលក់-ទិញដីរបស់អ្នកដទៃយ៉ាងព្រហើនទៅវិញ។

ជុំវិញបញ្ហាខាងលើ មហាជនបានចោទជាសំណួរថា តើលោកផ្កាយ២ ,ឈ្មោះយ៉ុន យ៉ូម និងបក្ខពួកដែលប្រកាសលក់ដីជិត១០ ០០០ហិកតា ស្ថិតនៅក្នុងឃុំឆ្នាល់មាន់ និងឃុំដូនបា ស្រុកគាស់ក្រឡ ដោយគ្មានញញើតច្បាប់បែបនេះ តើសំអាងលើអ្វី? ហេតុអ្វីអាជ្ញាធរស្រុកគាស់ក្រឡ និងអាជ្ញាធរខេត្តបាត់ដំបង បណ្តែតបណ្តោយឲ្យបុគ្គលទាំងនេះធ្វើសកម្មភាពបំពានច្បាប់តាមអំពើចិត្ត ដោយគ្មានការទប់ស្កាត់?

ចំណែកលោក ចិន សំអន មេឃុំដូនបា ស្រុកគាស់ក្រឡ បានប្រាប់នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ពាក់ករណីបុគ្គល យ៉ុម យ៉ូម និងបក្សពួក ដែលមានទាហានផ្កាយពីរ នៅពីក្រោយខ្នង ប្រើលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជាលិខិតប្រកាសលក់ដី គឺលោកមិនទាន់ទទួលបានព័ត៌មានទេ។

លោក ចិន សំអន បានបកស្រាយថា «ប្រសិនគាត់ដើរធ្វើរអញ្ចឹងមែន គឺខុសហើយ មិនត្រូវទេ ធ្វើអញ្ចឹងមិនបានទេ»។ លោកមេឃុំបានបន្តទៀតថា នៅថ្ងៃទី០៧ ខែមីនា ស្អែកនេះ សាលាស្រុកគាស់កករឡា បានកោះហៅ ឈ្មោះ យ៉ុន យ៉ូម និងអ្នកពាក់ព័ន្ធ ទៅចូលរួមប្រជុំឯសាលាស្រុក ដូច្នេះរងចាំំមើលសិន ប្រហែលគេហៅសួរនាំរឿងនឹងទេដឹង។

លោក ចិន សំអន មេឃុំដូន បានបញ្ជាក់យ៉ាងច្បាស់ថា បើសកម្មភាពរបស់ឈ្មោះ យ៉ុន យ៉ូម និងបក្ខពូកគាត់ យកឯកសាររបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំំណង់ ធ្វើជាលិខិតប្រកាសលក់ដីបែបនេះមែននោះ «វាជាទង្វើមិនត្រឹមត្រូវទេ ព្រោះមិនចេះតែយកដីដើរលក់ផ្តេសផ្តាសបានឡើយ»។

រីឯលោក ញឹក សារ៉េន អភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលធ្លាប់ដឹងរឿងបញ្ហាដីធ្លីក្នុងឃុំឆ្នាល់មាន់ និងឃុំដូនបា នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានប្រាប់ឲ្យដឹងថា រឿងពាក់ព័ន្ធឈ្មោះ យ៉ុន យ៉ូម យកដីក្នុងតំបន់ខាងលើប្រកាសលក់ដោយសំអាងលិខិតរបស់ក្រសួងនោញនោះ លោកបានឆ្លើយថា «ខ្ញុំមិនទាន់ទទួលព័ត៌មាននឹងទេ»។

នៅពេលសួរថា ប្រសិនបើបុគ្គល យ៉ុម យ៉ូម ធ្វើសកម្មភាពបែបហ្នឹង តើអាចចាត់ទុកថា ស្របតាមច្បាប់ដែរឬទេ? ព្រោះឯកសារដែលគាត់ស្នើសុំទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺដើម្បីស្នើសុំចុះបញ្ជីដីតែប៉ុណ្ណោះ ហើយក្រសួងមិនបានឯកភាពផង លោកអភិបាលស្រុកគាស់ក្រឡ ញឹក សារ៉េន  បានឆ្លើយថា «យើងមិនទាន់ដឹងថា ឯកសារនឹងវាយ៉ាងម៉េច អីយ៉ាងម៉េចទេ វាមានលក្ខណ្ឌរឹងផ្លូវច្បាប់យ៉ាងម៉េច ខ្ញុំមិនទាន់ដែលបានឃើញដែរ។ អញ្ជឹង! ខ្ញុំអត់ហ៊ានថា យ៉ាងម៉េចដែរ»។

ពេលសួរអំពីឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលរដ្ឋបាលខេត្តបាត់ដំបង ចេញដីកាបញ្ជូនទៅឲ្យលោកនោះ លោកអភិបាលស្រុក ញឹក សារ៉ែន បានឆ្លើយថា «បាទៗ ប្រហែលជាអត់ទាន់ចូលដល់ខ្ញុំយ៉ាងម៉េចមិនដឹង ព្រោះអីពាក់ព័ន្ធនិតិវិធីដីធ្លី វាត្រូវសិក្សាការងារបច្ចេកទេសច្រើន មុននឹងធ្វើការចារ»៕

Facebook Comments
Loading...