ភ្នំពេញ ៖ ការថ្លែងបកស្រាយបំភ្លឺ និងប្រដៅចំៗធ្ងន់ៗទៅលើអ្នកកាសែតមានឈាមជ័រជាខ្មែរ ប៉ុន្តែមានគំនិតទុទ្ទិដ្ឋិនិយម លោក តាំង សារ៉ាដា នៅពេលនេះគឺក្រោយពេលកាសែត The Cambodia Daily នៅតែបន្តផ្សាយព័ត៌មានស្តីអំពីជីវិត និងមុខជំនួញរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលត្រូវបានមហាជន និងសាម៉ីខ្លួនផ្ទាល់អះអាងថា ជាការសរសេរព័ត៌មានចោទប្រកាន់ទាំងគឃ្លើនខុសការពិតខ្វះចំណេះដឹង ខ្វះការស្រាវជ្រាវដោយសរសេរនិងសង្ស័យ បង្កើតប្រភពព័ត៌មានប្រឌិតរឿងដើម្បីកេញចំណេញផលប្រយោជន៍បក្សពួកផ្ទាល់ខ្លួនមួយក្តាប់តូចរបស់លោក តាំង សារ៉ាដា។
នៅក្នុងខ្លិបវីដេអូប្រមាណ១២នាទីលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកឧកញ៉ា ក៏បានស្នើឲ្យលោក តាំង សារ៉ាដា និងលោក គីម សុខ ឲ្យហៅក្រុមហ៊ុនសវនកម្មមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មកកម្ពុជាឲ្យស្រូតជាបន្ទាន់មកស៊ើបសង្កេតក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប ជុំវិញការចោទប្រកាន់ដដែលចំពោះរឿងរ៉ាវមិនប្រក្រតីនៅពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
ទន្ទឹមនឹងការចោទប្រកាន់ទាំងគឃ្លើនពីលោក តាំង សារ៉ាដា អ្នកនិពន្ធព័ត៌មានប្រលោមលោកនៅកាសែត The Cambodia Daily ដែលតែងតែនិយាយសង្ស័យចោទប្រកាន់លើគេឯងខុសការពិតជារឿយៗនេះដែរ បុគ្គលិកជាច្រើននាក់របស់បុរី ឡេង ណាវ៉ាត្រា បានប្រតិកម្មទៅកាន់អ្នកកាសែតរត់ចោលស្រុករូបនេះ ដោយលើកឡើងស្រដៀងគ្នាសង្កត់ធ្ងន់ថា លោក តាំង សារ៉ាដា នៅកាសែត The Cambodia Daily សូមបញ្ឈប់ជាបន្ទាន់នូវគំនិតទុទ្ទិដ្ឋិនិយម ដែលអង្គុយនៅបន្ទប់ ១ម៉ែត្របួនជ្រុងហើយធ្វើការស្រាវជ្រាវចូលចិត្តបង្កើតព័ត៌មានក្នុងទ្រឹស្តីអាក្រក់ ដើរសង្ស័យចោទប្រកាន់មកលើកអ្នកកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ទាំងមូល។
ជុំវិញការចូលរួមបរិច្ចាគទ្រព្យធនធានថវិកា និងសម្ភាៈ ព្រមទាំងបញ្ញាស្មារតីពីថ្នាក់ដឹកនាំកំពូលរបស់ ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ជាមួយរាជរដ្ឋាភិបាលកម្ពុជាជារឿយ ហើយត្រូវរងការចោទប្រកាន់ពីលោក តាំង សារ៉ាដា ដដែលនៅពេលនេះគឺពួកគាត់បង្ហាញការឈឺចាប់ជាខ្លាំង និងស្នើឲ្យលោក សារ៉ាដា មកមើលនឹងភ្នែកដោយផ្ទាល់នៅបុរី ឡេង ណាវ៉ាត្រា និងគម្រោងផ្សេងៗទៀត តើដូចអ្វីលោក សារ៉ាដា បានសរសេរបំភ្លៃការពិតដើម្បីបង្ខូចកិត្តិសយកេរ្តិ៍ឈ្មោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខណៈលោកបានចូលរួមជួយដល់សង្គមជាតិច្រើនណាស់ពេលកន្លងទៅ។
យ៉ាងណា ទាក់ទឹងទង្វើនៃការសរសេរព័ត៌មានអធិប្បាយចោទប្រកាន់ទាំងងងឺពីលោក តាំង សារ៉ាដា ចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានក៏បានចេញមកប្រតិកម្ម និងណែនាំបង្ហាញផ្លូវឲ្យលោក សារ៉ាដា នៅកាសែត The Cambodia Daily កុំអធិប្បាយព័ត៌មានដែលយកត្រឹមតែការសង្ស័យធ្វើការចោទប្រកាន់លើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាកំពុងធ្វើសកម្មភាពអាជីវកម្មភ្ជាប់ការលាងលុយ។
រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកកាសែតជើងចាស់មួយរូប លោក ប៉ែន បូណា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហោះសារនៅលើហ្វេកបុកភ្ជាប់ជាមួយរូបភាពខ្លឹមសារព័ត៌មានរបស់សារព័ត៌មានក្រៅស្រុកThe Cambodia Daily លោក ប៉ែន បូណា បានលើកឡើងថា វិជ្ជាជីវៈសារព័ត៌មានមិនអនុញ្ញាតឲ្យយកការសង្ស័យមកធ្វើជាកម្មវត្ថុក្នុងការចោទប្រកាន់បុគ្គលណាម្នាក់ភ្ជាប់ទៅនឹងបទល្មើសអ្វីមួយឡើយ។ បើចង់ផ្សាយរឿងធំបែបនេះ គេត្រូវបើកការស៊ើបអង្កេតដ៏ធំមួយ ដើម្បីប្រមូលឯកសារ ភស្តុតាងឲ្យបានគ្រប់គ្រាន់និងរឹងមាំបំផុត ជាមុនសិន។