ប្រជាពលរដ្ឋ២០គ្រួសារថែមទៀតហើយ ព្រមរុះរើពីសំណង់មិនរៀបរយ ដោយព្រមទទួលយកគោលនយោបាយពីអាជ្ញាធររាជធានីភ្នំពេញ

0
539

ភ្នំពេញ ៖ ប្រជាពលរដ្ឋ២០គ្រួសារថែមទៀតហើយ ព្រមរុះរើពីសំណង់មិនរៀបរយ ដោយព្រមទទួលយកគោលនយោបាយពីអាជ្ញាធររាជធានីភ្នំពេញ ដែលមានដីឡូត៍មានផ្ទះ មានទឹក មានផ្លូវ មានភ្លើងមានកម្មសិទ្ធដែលសមស្រប ហើយប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង នៅសល់ប្រមាណគ្រួសារទៀត គួរឈប់ដើរតវ៉ាតាមផ្លូវសាធារណៈដែលនាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ និងពិចារណាទទួលយកគោលនយោបាយដ៍សមស្របទាំងនេះ។
បើតាមការអំពាវនាវពីមន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ កាលពីពេលថ្មីៗកន្លងមកនេះបានឲ្យដឹងថា ប្រជាពលរដ្ឋ រស់នៅសំណង់មិនរៀបរយនៅលើចំណីផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ មានប្រមាណ១០០ខ្នងផ្ទះដែលប៉ះពាល់ ដល់គម្រោងពង្រីកផ្លូវ១៥១ អោយបានធំទូលាយ ដើម្បីដោះស្រាយការកកស្ទះចរាចរជូនប្រជាពលរដ្ឋ ស្របតាមការរីកចំរើនរបស់រាជធានីភ្នំពេញ។ បើទោះជាបងប្អូនបាននិងកំពុងរស់នៅមិនស្របច្បាប់លើចំណីផ្លូវសាធារណៈណាក្តី ក៏អាជ្ញាធរបានគិតគួររៀបចំដីឡូត៌មានផ្ទះ មានទឹក មានផ្លូវ មានភ្លើងមានកម្មសិទ្ធដែលសមស្រប ហើយនៅមិនឆ្ងាយពីទីតាំងចាស់ នោះឡើយ។
មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅបានបញ្ជាក់ផងដែរថា ចំពោះការផ្តល់ជូននេះ ប្រជាពលរដ្ឋ២០ខ្នងផ្ទះបន្ថែមទៀតបានយល់ដឹងនិងឯកភាពទទួលយកដីគោលនយោបាយខាងលើ និងបានចាកចេញពីទីតាំងចាស់ ចូលទៅកាន់កាប់លើទីតាំងដីថ្មីនេះហើយ ដោយមិនមានការបង្ខិតបង្ខំនោះទេ។ ទោះជាយ៉ាងនេះក្តីក៏នៅមានប្រជាពលរដ្ឋមួយចំនួនទៀត បានស្តាប់តាមការញុះញ៉ុងពីអង្គការ សង្គមស៊ីវិលមួយចំនួន ទើបបន្តការតវ៉ាជារឿយៗ ដោយមិនព្រមទទួលយកគោលនយោបាយរបស់រដ្ឋបាលរាជធានីភ្នំពេញនេះឡើយ។ ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅសូមអំពាវនាវអោយប្រជាពលរដ្ឋពិចារណាឡើងវិញ កុំជឿលើការញុះញ៉ុងរបស់គេ ដែលនាំអោយខាតបង់ពេលវេលានិងផលប្រយោជន៍របស់បងប្អូនតែប៉ុណ្ណោះ គួរយកតម្រាប់តាមប្រជាពលរដ្ឋដែលបានឯកភាពខាងលើ៕

Facebook Comments
Loading...