បំបែករឿងក្តី រាំជាន់ជើងគ្នា ក្លាយជាហឹង្សា ចាក់សម្លាប់ យុវជនម្នាក់ នៅកោះកុង ពេលនេះឃាត់ខ្លួន ជនសង្ស័យ៣នាក់

0
474

កោះកុង ៖ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលមន្ត្រីនគរបាលស្រុកបូទុមសាគរ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត តាមចាប់ជាបន្តបន្ទាប់រហូតដល់ស្រុកលើកដែក ខេត្តកណ្តាល ក្នុងករណីឃាតកម្មចាក់សម្លាប់យុវជនម្នាក់ទៀត ក្នុងវង់រាំកម្សាន្ត (រឿងរំាជាន់គ្នាសោះ) នៅកោះកុង។
សមត្ថកិច្ចនគរបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានឲ្យដឹងថាក្រោយពីកើតហេតុសមត្ថកិច្ចបានឃាត់ ជនដៃដល់ម្នាក់ ឈ្មោះ ផន ចាន់រ៉ា ហៅ លៀន មុខរបរជាកម្មករសំណង់ផ្ទះត្រចៀកកាំ និងមានស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង រួមទាំងបក្ខពួក២នាក់ផងដែរ។ ជនសង្ស័យបានធ្វើសកម្មភាពដោយយកកាំបិតចុងស្រួចវែងចាក់ទៅលើយុវជនម្នាក់ឈ្មោះ ឡាយ សុធារិទ្ធ អាយុ១៨ឆ្នាំ បណ្ដាលឱ្យស្លាប់។ យុវជនរងគ្រោះរស់នៅភូមិជីមាល ឃុំអណ្តូងទឹក បណ្តាលឱ្យស្លាប់ភ្លាមៗនៅវង់រាំកម្សាន្តប្រគុំតន្រ្តី និងតាំងពិព័រណ៍ កាលពីយប់ម៉ោង ១០និង៣០នាទី ថ្ងៃទី២៧ ខែមករា កន្លងទៅ។
លោក យេន ទូច អធិការនគរបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះថា មូលហេតុដែលបង្កឱ្យជម្លោះឈានដល់ចាក់សម្លាប់គ្នានៅពេលនេះ ដោយសារតែការរាំជាន់ជើងគ្នា ទោះបីជាភាគីជនរងគ្រោះបានសុំទោសក៏ដោយកម្លាំងនគរបាលស្រុកបូទុមសាគរ បានសុំកិច្ចសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការនគរបាលខេត្ត កណ្តាល និងស្នងការនគរបាលខេត្តព្រៃវែង ទំរាំបង្រ្កាបជនសង្ស័យបាន ដោយសមត្ថកិច្ចបញ្ចូនមកកាន់អធិការស្រុកបូទុមសាគរ និងបន្តកសាងសំណុំរឿងទៅស្នងការនគរបាលខេត្តកោះកុង អនុវត្តនីតិវិធីច្បាប់។
ករណីឃាតកម្មដំបូងគេហើយ ដែលកើតមាននៅក្នុងមូលដ្ឋានរបស់លោក ចាប់តាំងពីលោកឡើងកាន់តែតំណែងជាអធិការនគរបាលស្រុក។ ទោះបីជាសមត្ថកិច្ចបង្កើនការទប់ស្កាត់ និងល្បាតរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋយ៉ាងណាក្តី។ លោកអធិការនគរបាលស្រុក សង្កត់ធ្ងន់ដែរថា លោកនឹងបន្តអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដាក់វេនប្រចាំការចុះល្បាតនៅតាមគោលដៅសំខាន់ៗ និងផ្សព្វផ្សាយអប់រំគោលនយោបាយភូមិឃុំមានសុវត្ថិភាពកាន់តែខ្លាំងក្លាបន្ថែមទៀត៕

Facebook Comments
Loading...