សម្ដេចក្រឡាហោម ស ខេង ស្នើឱ្យសិក្សាស្រាវជ្រាវច្បាប់មួយ ដើម្បីដាក់បន្ទុកដល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អនីតិជន

0
376

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានស្នើឱ្យមន្ដ្រីក្រោមឱវាទសិក្សាស្រាវជ្រាវច្បាប់មួយ ដើម្បីដាក់បន្ទុកដល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អនីតិជន និងត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់រក្សារហូតដល់អាយុ១៨ឆ្នាំ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា៖ «ខ្ញុំមើលព័ត៌មាននៅសហរដ្ឋអាមេរិក អ្នកបើកបរបង្កគ្រោះថ្នាក់ ទៅដល់រងទុក្ខជាអ្នកអនីតិជន អ្នកនោះឯង ត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់ថែរក្សា រហូតដល់អាយុ ១៨ឆ្នាំ សូមឱ្យឯកឧត្តម-លោកជំទាវ ត្រូវស្រាវជ្រាវករណីនេះ ហើយក៏ជាជំនួយស្មារតីមួយដែរ ដើម្បីដាក់ទោស ឬក៏ដាស់តឿន ទៅដល់អ្នកបើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់»។
សម្ដេចក្រឡាហោមបានឱ្យដឹងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២២ បានតម្រូវឱ្យធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីដកពិសោធន៍ និង ដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា សំដៅកែលម្អ និងបង្កើនប្រសិទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមក៏បានអំពាវនាវដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន កុំដឹកលើសទម្ងន់ នាំឱ្យផ្លូវថ្នល់ឆាប់ខូច ឬបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម។
គួរឱ្យដឹងដែរថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ បានកើតឡើងចំនួន ២ ៩៧៦លើក បណ្តាលឱ្យស្លាប់ចំនួន ១ ៧០៩នាក់ និងរបួសចំនួន ៤ ០២៦នាក់ (របួសធ្ងន់ ២ ៥៧៩នាក់)៕

Facebook Comments
Loading...