ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្នើរឲ្យការិយាល័យប្រជាពលរដ្ឋ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមករកសេវាដោយខ្លួនឯង

0
344

ភ្នំពេញ ៖ លោកវ៉ែន ស៊ីនួន ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅអាណត្តិទី៣ ក្រោមអធិបតីភាព លោកសៅ គុនឆុន ប្រធានក្រុមប្រឹក្សាខណ្ឌស្ដីទី និងលោកជា វីរៈ អភិបាលរងខណ្ឌព្រែកព្នៅ តំណាងលោក ធឹម សំអាន អភិបាល នៃគណ:អភិបាលខណ្ឌព្រែកព្នៅ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្នើរឲ្យការិយាល័យប្រជាពលរដ្ឋ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋឲ្យមករកសេវានៅការិយាល័យច្រកដោយខ្លួនឯង ព្រោះចំណេញពេលវេលា និងថវិកាទៀតផង កុំខ្លាចហើយជឿទៅលើអ្នករត់ការបំប៉ោងទិន្ន័យឲ្យសោះ។
លោកបន្តថា កាលកកន្លងមកប្រជាពលរដ្ឋខ្លះមិនស្គាល់ទាំងការិយាល័យប្រជាពលរដ្ឋ និងការិយាល័យច្រកផង ដូចនេះមានអ្នករត់ការបានបំប៉ោងទិន្ន័យ ខុសពីការពិតដោយនិយាយអាក្រក់ពីសាលាខណ្ឌ សង្កាត់ និងភូមិ ថាយកថ្លៃសេវាប៉ុណ្ណេះ ឬយកប៉ូណ្ណោះ ធ្វើឲ្យពួកគាត់ខ្លាចមិនហ៊ានមកទទួលយកសេវាដោយខ្លួនឯង ពឹងលើអ្នករត់ការចំណាយពេលវេលាហើយអស់ថវិកាច្រើនទៀត។
ឆ្លើយតបនិងបញ្ហានេះលោកប៉ែន វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋបានមានប្រសាសន៍ថា ការផ្សព្វផ្សាយគឺយើងធ្លាប់បានធ្វើហើយដោយចែកខិតប័ណ្ណ និងចាក់មេក្រូទៅតាមបណ្តាសង្កាត់ និងទីប្រជុំជន ហើយជារៀងរាល់ពេលដែលលោកចុះទៅតាមសង្កាត់ លោកបានផ្សព្វផ្សាយជារឿយៗដល់ក្រុមប្រឹក្សាសង្កាត់ និងប្រធានភូមិ និងសហគមន៍ ដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឲ្យពួកគាត់មកទទួលសេវាដោយខ្លួនឯង ព្រោះចំណេញពេលវេលា និងថវិកាទៀតផង។
ក្នុងនោះផងដែរលោកក្រូច កណ្នី ក្រុមប្រឹក្សាខណ្ឌបានលើកសសើរដល់សាលាខណ្ឌក្នុងរយៈពេលពេញមួយឆ្នាំមកនេះតាំងពីការដឹកនាំរបស់លោកសុខ សម្បត្តិ អភិបាលខណ្ឌមុន និងលោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបច្ចប្បន្ន ដែលបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ និងមានការអភិវឌ្ឍន៍ជាច្រើនក្នុងមូលដ្ឋាន។
ចំណែកលោកជា វិរៈអភិបាលរងខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ការសូមណូមពររបស់ក្រុមប្រឹក្សាខណ្ឌក្នុងកិច្ចប្រជុំនេះ លោកនិងរាយការជូនលោកអភិបាលខណ្ឌដើម្បីដោះស្រាយតាមដែលអាចធ្វើទៅបាន ហើយលោកក៍សូមអរគុណដល់ក្រុមប្រឹក្សាដែលបានលើកឡើងពីអំពើរល្អៗរបស់សាលាខណ្ឌដែលបានធ្វើរយៈពេលពេញមួយឆ្នាំមកនេះ ហើយសាលាខណ្ធនិងខិតខំបន្តទៀតដើម្បីប្រជាពលរដ្ឋរស់នៅបានសុខ និងរីកចម្រើនក្នុងខណ្ឌព្រែកព្នៅយើងទាំងមូល។
គួរបញ្ជាក់ថា របៀបវារៈ រួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៤២ អាណត្តិ៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយករណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ
៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(ឆ្នាំ២០២៣-២០២៥)របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ
៤-ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពប្រធាន អនុប្រធាន និងសមាជិក សមាជិកាគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមាររបស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ
៥-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ ប្រចាំខែធ្នូ និងយន្តការរបស់ការិយាល័យច្រកចេញ-ចូលតែមួយ
៦-ផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពថវិកាមូលនិធិសង្គហធម៌ និងមរណៈសង្គ្រោះ ប្រចាំខែធ្នូ ឆ្នាំ២០២២
៧-បញ្ហាផ្សេងៗ៕

Facebook Comments
Loading...