សមាជិកក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅស្នើឲ្យកម្លាំងមានសមត្ថកិច្ចពង្រឹងសន្តិសុខក្នុងមូលដ្ឋាន ព្រោះកន្លងមកថ្មីៗនេះមានចោរឆក់ប្រជាពលរដ្ឋនៅតាមដងផ្លូវជាញឹកញ៉ាប់

0
598

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមាជិកក្រុមប្រឹក្សាខណ្ឌបានស្នើឲ្យរដ្ឋបាលខណ្ឌក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខណ្ឌបន្ថែមទៀត ព្រោះកន្លងមកថ្មីៗនេះមានចោរឆក់និងលួចសម្ភារៈមានតម្លៃរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។
ជាការឆ្លើយតបលោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានបានថ្លែងកោតសរសើរដល់សមាជិកក្រុមប្រឹក្សាខណ្ឌដែលបានផ្តល់ព័ត៌មាននូវភាពអសកម្មមួយចំនួនដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខណ្ឌ។ លោកក៏បានលើកទឹកចិត្តឲ្យសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌទាំងអស់ផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ មករដ្ឋបាលខណ្ឌជាបន្តទៀត។ ជាមួយនោះលោកអភិបាលខណ្ឌក៏បានក្រើនរំលឹកទាំងកម្លាំងអធិការនគរបាលខណ្ឌកងរាជអាវុធហត្ថខណ្ឌនគរបាលប៉ុស្តិ៍កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌត្រូវបែងចែកកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅតាមគោលដៅដែលបានកំណត់ក្នុងនោះត្រូវអនុវត្តឲ្យខាងតែបាននូវ ប្រាំបីចំណុចរបស់ក្រសួងមហាផ្ទៃស្ដីពីវិធានការដើម្បីបង្កើនការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពតាមមូលដ្ឋានហើយត្រូវនាំណែនាំដល់មេបញ្ជាការកងកម្លាំងមានសមត្ថកិច្ចនានាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យត្រួតពិនិត្យវត្តមានកម្លាំងក្រោមឱវាទនិង គ្រោងចាត់ចែងប្រើប្រាស់កម្លាំងស្របតាមផែនការដែលបានកំណត់។
លោកអភិបាលខណ្ឌក៏បានណែនាំឲ្យកម្លាំងមានសមត្ថកិច្ចត្រូវមានវិធានការទប់ស្កាត់និងបង្ក្រាបឲ្យខាងតែបាននូវអំពើអសកម្មផ្សេងផ្សេងដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិទាំងមូលដូចជាល្បែងស៊ីសងគ្រប់ប្រភេទនិងការប្រើប្រាស់ ចែកចាយគ្រឿងញៀនគ្រប់ប្រភេទដែលសង្គមជាតិស្អប់ខ្ពើមបំផុតធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនាទាំងផ្លូវកាយនិផ្លូវចិត្ត។ គួរបញ្ជាក់ផងដែរថាក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២អាណត្តិទីបីរបស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌបាន ដំណើរការកិច្ចប្រជុំទៅតាមរបៀបវារៈដែលបានគ្រោងទុក ព្រមទាំងបានអនុម័តនូវរបៀបវារៈ ដោយការទទួលខុសត្រូវខ្ពស់៕

Facebook Comments
Loading...