មន្ត្រីមន្ទីរបញ្ចកោណម្នាក់ ថាទាហានអាមេរិក បាននិងកំពុងឈរជើងនៅក្នុងទឹកដីអ៊ុយក្រែនហើយ

0
789

បរទេស ៖ ទាហានអាមេរិក កំពុងឈរជើងនៅក្នុងទឹកដីអ៊ុយក្រែន ជាកន្លែងដែលពួកគេកំពុងតាមដានការបញ្ជូនអាវុធរបស់អង្គការណាតូទៅកាន់ប្រទេសនេះ នេះបើតាមមន្ត្រីមន្ទីរបញ្ចកោណម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើន កាលពីថ្ងៃអង្គារទី០១ខែវិច្ឆិកា កន្លងមកនេះ។

ថ្លែងទៅកាន់សារព័ត៌មាន Associated Press, NBC News និងអង្គភាពសារព័ត៌មានមន្ទីរបញ្ចកោណផ្សេងទៀត មន្ត្រីរូបនេះបាននិយាយថា ទាហានដែលឈរជើងទាំងនោះ គឺដឹកនាំដោយឧត្តមសេនីយ៍ត្រី Garrick Harmon ដែលជាអនុព័ន្ធការពារជាតិអាមេរិកប្រចាំទីក្រុងកៀវ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ទេថាតើទាហានអាមេរិក មានប៉ុន្មាននាក់ ឬឈរជើងនៅទីណា។

មន្ត្រីដដែលបានប្រាប់អ្នកយកព័ត៌មានថា “មានការចុះត្រួតពិនិត្យជាច្រើនដង។ ការ​ត្រួតពិនិត្យ​មិន​បាន​កើត​ឡើង​នៅ​ជិតសមរភូមិ​ជួរ​មុខទេ​ ប៉ុន្តែ​ជា​កន្លែង​ដែល​លក្ខខណ្ឌ​សន្តិសុខត្រូវបាន​អនុញ្ញាត”។សហរដ្ឋអាមេរិក បានត្រួតពិនិត្យការដឹកជញ្ជូនអាវុធរបស់ខ្លួនទៅកាន់អ៊ុយក្រែន មុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនក្នុងខែកុម្ភៈ ប៉ុន្តែបានដកបុគ្គលិកចេញពីប្រទេសអ៊ុយក្រែនវិញ ប៉ុន្មានថ្ងៃមុនពេលផ្ទុះជម្លោះ។ យ៉ាងណាក្តី គេក៏មិនច្បាស់ដែរថា មានទាហានប៉ុន្មាននាក់ដែលបានវិលត្រលប់មកវិញ ឬពេលណាដែលការត្រួតពិនិត្យ ចាប់ផ្តើមសាជាថ្មី។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងបែងចែក បុគ្គលិកដើម្បីទៅជួយដល់រដ្ឋាភិបាលអ៊ុយក្រែនក្នុងការដោះស្រាយ ជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិក។ ផែនការនេះត្រូវបានប្រកាស បន្ទាប់ពីមានរបាយការណ៍ពីចារកម្មអាមេរិកថា ទីក្រុងវ៉ាស៊ីនតោនមិនអាចតាមដានអាវុធដែលខ្លួនបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន បាននោះទេ៕

ប្រភព៖ RT

Facebook Comments
Loading...