អណ្តើកហ្លួងជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ ត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា

0
491

ភ្នំពេញ ៖ អណ្តើកហ្លួង ឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា តាមរយៈនៃការទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ នេះជាការលើកឡើងពីសំណាក់ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ លោកនេត្រ ភក្រ្តាបានលើកឡើង អំពីអណ្តើកហ្លួង ដែលជាអណ្តើកកម្រ ហើយកំពុងមានវត្តមាននៅកម្ពុជា ដោយបានបញ្ជាក់ថា៖”ការដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជាដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពីមរតកធម្មជាតិដ៏មាន តម្លៃ និងលើកតម្កើងនូវមោទកភាពជាតិផងដែរ”។

លោក នេត្រ ភក្រ្តាបានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកនេះដែរថា ៖តាមរបាយការណ៍ឆ្នាំ២០១៩ អណ្តើកហ្លួង គឺមានវត្តមានតែក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម ហើយចំនួនរបស់ពួកវានៅលើសកលលោក មានប្រមាណតែ ៥០០ ទៅ ៧០០ក្បាល ប៉ុណ្ណោះ ដោយឡែកនៅប្រទេសកម្ពុជាយើងវិញ គឺមានចំនួនប្រហែល ៤៥០ក្បាល៕

Facebook Comments
Loading...