សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌ ជួយស្កាត់សម្លេងម៉ាស៊ីនបូមខ្សាច់ ដែល រំខានដល់ការសិក្សារបស់សិស្ស នៅសាលាបឋមសិក្សាព្រែកព្នៅ

0
405

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៨ ខែតុលា នេះ លោក ឡេង ហួត សមាជិកក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅបានស្នើដល់រដ្ឋបាលខណ្ឌ សូមជួយអន្ដរាគមន៍ទប់ស្កាត់សម្លេង លាន់ឮ ពីម៉ាស៊ីនរបស់ក្រុមហ៊ុនបូមខ្សាច់ នៅក្នុងទន្លេ ខាងក្រោយសាលាបឋមសិក្សាព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលធ្វើឲ្យ រំខានដល់កាសិក្សារបស់សិស្ស។

លោក បន្ដថាមានសាឡង់ខ្សាច់ពី៤ទៅ៥គ្រឿង ជារៀងរាល់ថ្ងៃ បានបូមខ្សាច់ចេញពីសាឡង់ ដែលបង្កជាសម្លេងរំខានដល់ការសិក្សារបស់សិស្ស។ បើបូមតែ១សាឡង់ ពុំសូវមានសម្លេងរំខានប៉ុន្មានទេ តែបើ បូមពី៤ទៅ៥សាឡង់ដំណាលគ្នា គឺបង្កជាសម្លេងខ្លាំង ធ្វើឲ្យខូចបរិយាកាសសិក្សារបស់សិស្សតែម្ដង។ ដូចនេះសូមឲ្យរដ្ឋបាលខណ្ឌ ជួយអន្ដរាគមន៍ ទៅក្រុមហ៊ុនបូមខ្សាច់ សុំពេលម៉ោងដែលសិស្សកំពុងសិក្សា សូមកុំប្រើម៉ាស៊ីនបូមច្រើនគ្រឿងដំណាលគ្នា ព្រោះវា ធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស។

ក្នុងឱកាសនោះ តំណាង អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ហួរ ហួត ដែលជាអភិបាលរងមានប្រសាសាសន៍ថា លោកនឹងយកសំណើរនេះ ទៅជូនលោកអភិបាលខណ្ឌ ដើម្បីចាត់ក្រុមការងារចុះទៅពិនិត្យជាក់ស្ដែង និងអន្ដរាគមន៍ ទប់ស្កាត់សម្លេងរំខានទាំងនោះ ដើម្បីធ្វើឲ្យបរិយាកាសសិក្សារបស់នៅសាលាបឋមសិក្សា ព្រែកព្នៅ មានភាពល្អប្រសើរ ឡើងវិញ។

ជាធម្មតាសាលារៀន គឺជាទីកន្លែង ស្អាតមានសោភ័នភាព និងស្ងប់ស្ងាត់ ទើបសិស្សមានទឹកចិត្ត និងអារម្មណ៍សិក្សារៀនសូត្រ។ តែបើសាលា គគ្រិច គ្មានអនាម័យ ឬមានសម្លេងរំខាន ជាប្រចាំនោះ នឹងធ្វើឲ្យបរិយាកាសអប់អួរ ហើយសិស្សរៀនមិនចូល ទោះជាគ្រូខិតខំបង្រៀនយ៉ាងណា ក៏សិស្សមិនអាចទទួលយកចំណេះដឹងពីគ្រូបានដែរ។

ក្រៅពីបញ្ហាខាងលើ នៅមានបញ្ហាប្រឈម១ចំនួនទៀតដែលកំពុងកើតមាននៅតាមសាលារៀន១ចំនួនក្នុងខណ្ឌព្រែកព្នៅ ក្នុងនោះ មានការលិចទឹក ដោយសារទីធ្លាសាលានៅទាប ដែលត្រូវការចាក់ដីបំពេញបន្ថែម ការខ្វះប្រព័ន្ធលូនិងខ្វះរបងព័ទ្ធជុំវិញ ដែលត្រូវការ ការចូលរួមពី សប្បុរសជន ពីអាជ្ញាធរ និង ពីស្ថាប័នពាក់ព័ន្ធផងដែរ។ នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍ប្រចាំខែតុលាស្ដីពីការអនុវត្តន៍ ការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ។

លោក ហេម ភក្ដី អនុប្រធានការិយាល័យ អប់រំយុវជន និងកីឡាបានបញ្ជាក់ថា ថវិកាចំណាយ ប្រចាំឆ្នាំ ដែលក្រសួងទម្លាក់ឲ្យគឺមិនគ្រប់គ្រាន់ទេ ទាល់តែសាលាចេះលើកឆ្វេងដាក់ស្ដាំ និងលើកស្ដាំដាក់ឆ្វេងទើប សាលាអាចដំណើរការទៅមុខបាន។

ចំណែកលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា តែទោះជាសាលាខ្វះ ខាតយ៉ាងណា សាលាមិនអាចរាយលុយពីសិស្ស សម្រាប់ធ្វើការចំណាយក្នុងសាលានោះឡើយ គឺជារឿងខុសឆ្គង តែបើមានការចូលរួមពី គណៈកម្មការទ្រទ្រង់សាលា មាតាបិតា អាណាព្យា នោះជារឿងប្រសើរបំផុត៕

Facebook Comments
Loading...