លោកសុខ សម្បត្តិ ! ចាប់ពីពេលនេះទៅកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកត្រូវលុបបំបាត់ឲ្យអស់ការដាក់តាំងលក់សាំងដប ក្នុងខណ្ឌបឹងកេងកង

0
330

ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិ៣ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីទទួលស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ានដែលនិងមកដល់នាពេលខាងមុខនេះ កម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកត្រូវលុបបំបាត់ឲ្យអស់ការដាក់តាំងលក់សាំងដប ហើយការឈប់ឲ្យលក់សាំងដបក្នុងខណ្ឌបឹងកេងកងនេះ គឺលុបបំបាត់រហូតតែម្តងមិនឲ្យកើតមានទៀតនោះទេ។

លោកបន្តថា ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នេះផងដែរកម្លាំងរបស់យើង ត្រូវមើលឲ្យមែនទែននៅតំបន់ផ្សារដែលមានរថយន្តចតគ្មានសណ្តាប់ធ្នាប់ បានធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពផ្សារ និងមានការកស្ទះ ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ម្យាងទៀតតាមសាលារៀនឯកជនក៍បានបង្កឲ្យមានការកកស្ទះចរាចរផងដែរ ក្នុងពេលដែលសិស្សសាលាចេញពីរៀន ដោយសារតែយាន្តជំនិះរបស់អាណាព្យាបាលមកយកនោះ។

លោកបញ្ជាក់ថា ដើម្បីសុវត្ថិភាពរបស់ក្មេងៗកម្លាំងប៉ូលិស និងកម្លាំងកងរាជអាវុធហត្ថ ត្រូវជួយសម្រួលក្នុងការធ្វើចរាចរសិស្សសាលាបឋមរបស់សាលារដ្ឋ ឲ្យបានគ្រប់ពេលដែលសិស្សសាលាចេញទៅផ្ទះ ក៍ដូចជាសម្រួលចរាចរក្នុងការកស្ទះផងដែរ។

ដោយឡែកលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា កន្លងមកការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខណ្ឌយើង ដែលមានឯកឧត្តមអភិបាលខណ្ឌ ជាប្រធានគណបញ្ជាការឯកភាពខណ្ឌ បានដឹកនាំបញ្ជាចាត់ចែងនៅក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ដោយមានការចូលរួមចំណែកពីលោក លោកស្រីអភិបាលរង អស់លោក លោកស្រីជាចៅសង្កាត់ ប្រធានការិយាល័យអង្គភាពជាដើម ប្រកបការងារទៅបានដោយជោគជ័យ។

គួរបញ្ជាក់ថារបៀបវារៈក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិ៣ នេះមានចំនួន៤ ទី១.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្ដិទី៣។ ទី២. សេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌបឹងកេងកង។ ទី៣. បែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក របស់រដ្ឋបាលខណ្ឌបឹងកេងកង ប្រចាំខែតុលា ឆ្នាំ២០២២ ។ និងទី៤.បញ្ហាផ្សេងៗ ៕  

Facebook Comments
Loading...