ស្ត្រីគ្រូទាយម្នាក់ ត្រូវបានចាប់ឃុំខ្លួន ពីបទ.ឆបោក ពាក់ពន្ធលក់ដីខ្យល់ជាង៥០ហិកតានៅខេត្តកំពង់ស្ពឺ

0
443

ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ដែលគេស្គាល់គាត់ ជាគ្រូទាយមើលជោគជីតារាសី នៅប្លុកបុរីពិភពថ្មីកំបូល២ និងបុរីពិភពថ្មីកំពូល៣ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ « ឆបោក » ពាក់ពន្ធទឹកប្រាក់ប្រមាណ៥១ ម៉ឺនដុល្លារអាមេរិក រឿងលក់ដីខ្យល់ជាង៥០ ហិកតា នៅខេត្តកំពង់ស្ពឺ។

ស្ត្រីវ័យចំណាស់រូបនោះឈ្មោះ ប៉ុក សៅខាន អាយុ៦៣ ឆ្នាំ មានទីលំនៅផ្ទះលេខ៧ ០អា ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូ ខ័ណ្ឌទួលគោក រាជធានីភ្នំ ពេញ សព្វថ្ងៃរស់នៅជាមួយកូនក្នុងបុរីពិភពថ្មីកំបូល៣ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ការចាប់ខ្លួនជនជាប់សង្ស័យខាងលើនេះ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ ដីកាចាប់ខ្លួនបានបញ្ជាក់ថា ឈ្មោះ ប៊ុក សៅខាន ភេទស្រី អាយុ៦៣ ឆ្នាំ ត្រូវចោទប្រកាន់ពីបទ.ឆបោក និងបទ.រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ និង២០១៦ តាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ដែលជាបទល្មើសមជ្ឍឹមមានកំណត់ទោសលើសពី១ឡើងទៅ។

តាមរយៈដីកាដីកាបញ្ជាឲ្យចូលខ្លួនលេខ៣០៧ អ.យ.ងចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ របស់តំណាងអយ្យការ និងដីកាឲ្យចូលខ្លួនលេខ ៥៤៤ ញ ព្រ.ទចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ជនត្រូវចោទមិនបានចូលខ្លួនតាមការកំណ ត់ឡើយ ដោយបានគេចខ្លួនមិនដឹងទៅទីណា ។ ដើម្បីធានាដល់កិច្ចការស៊ើបសួរ គប្បីបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ប៉ុក សៅខាន យកមកប្រគល់ជូនតុលាការចាត់ការតាមផ្លូវច្បាប់ ។ ទើបរសៀលថ្ងៃទី២៥ ខែតុលា សមត្តកិច្ចនគរបាលព្រហ្មទណ្ឌ បាននាំខ្លួនស្ត្រីវ័យចំណាស់ឈ្មោះ ប៉ុក សៅខាន ប្រគល់ជូនចៅក្រមស៊ើបសួរ តាមដីកាចាប់ខ្លួននោះ ។ បើតាមអង្គហេតុពីការចាប់ខ្លួនជនសង្ស័យខាងលើ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា គឺផ្តើមចេញកិច្ចសន្យាទិញលក់ដីធ្លីមួយកន្លែងនៅខេត្តកំពង់ ស្ពឺ កាលពីអំឡុងឆ្នាំ២០១៥ និង ឆ្នាំ២០១៦ ឈ្មោះ ប៉ុក សៅខាន និង សាន សុខា ជាអ្នកលក់ដី ហៅថាភាគី.ក ឲ្យទៅឈ្មោះ ជា សុខចិន្តា និងឈ្មោះ ខុង ស៊ាងហ៊ី ជាអ្នកទិញដីហៅថា ភាគី.ខ ។ ភាគី.ក យល់ព្រមលក់ដីចំនួន៤៥ហិកតា ដែលមានទីតាំងស្ថិតនៅភូមសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តម្លៃសរុប ៤៥០ ០០០ ដុល្លារអាមេរិក ដោយភាគី.ខ បានប្រគល់ប្រាក់ឲ្យភាគី.ក គ្រប់ចំនួន ហើយភាគី.ក បានធានារត់ការផ្ទេរសិទ្ធិកាន់កាប់ដីនោះឲ្យទៅភាគី.ខ ត្រឹមត្រូវតាមផ្លូវច្បាប់ ។ ក្រោយពេលប្រគល់លុយគ្រប់ចំនួនរួចហើយ ភាគីទាំងពីបានព្រមព្រៀងគ្នាបោះបង្គោលព្រុំលើផ្ទៃដី៤៥ ហិកតា ឲ្យទៅភាគី.ខ ។ ក្រោយមកទៀតគឺភាគី.ក បានកាត់ដីចំនួន១០ ហិកតា ឲ្យទៅភាគី.ខ ដែលសរុបដីនោះមានចំនួន៥៥ ហិកតា ។ បន្ទាប់មកភាគី.ខ តែងតែសួរនាំភាគី.ក អំពីលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី តែភាគី.ក ព្យាយាមគេចវេស លុះដល់ឆ្នាំ២០១៩ ភាគី.ខ បានទទូចឲ្យភាគី.ក ផ្តល់ប័ណកម្មសិទ្ធិស្របច្បាប់ ស្រាប់តែដីនោះបានធ្លាក់ទៅលើឈ្មោះអ្នកដ៏ទៃកាន់កាប់ទៅវិញ ។ ដោយពិនិត្យឃើញថា  ឈ្មោះ ប៉ុក សៅខាន និងមនុស្ស២ នាក់ទៀត ពិតជាប្រព្រឹត្តបទ ល្មើស ឆបោក លក់ដីខ្យល់ ទើបឈ្មោះ ខុង ស៊ាងហ៊ី ដែលខំចំ ណាយប្រាក់ទិញដីអស់រាប់សែនដុល្លារ ដាក់ពាក្យប្តឹងស្ត្រីឈ្មោះ ប៉ុក សៅខាន និងបក្ខពួកដែលឃុបឃិតគ្នាលក់ដីខ្យល់ទៅតុលា ការដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ទីបំផុតនាល្ងាចថ្ងៃទី ២៦តុលា ឆ្នាំ២០២២ ស្ត្រីវ័យចំណាស់ដែលគេស្គាល់ ជាគ្រូទាយមើលពីជោគជីតារាសីម្នាក់នោះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រឿងលក់ដីខ្យល់នេះ៕

Facebook Comments
Loading...