ប្រធានក្រុមការងារចុះជួយសង្កាត់សំរោង ជម្រុញឱ្យថ្នាក់ដឹកនាំភូមិ សង្កាត់ បន្តយកចិត្តទុកដាក់បំរើពលរដ្ឋឱ្យបានល្អ និងបន្តគោលការណ៍ថែរក្សាសមាជិកចាស់ នឹងគៀងគរសមាជិកថ្មីឱ្យបានកាន់តែច្រើន

0
306

ភ្នំពេញ ៖ លោក ហួត ហៃ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានជម្រុញឱ្យថ្នាក់ដឹកនាំមូលដ្ឋាន ជាពិសេសមេក្រុម មេភូមិ និងចៅសង្កាត់ ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ តាមរយៈការផ្តល់ជូននូវសេវានានា ប្រកបដោយភាពទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់បំផុត ធ្វើយ៉ាងណាឆ្លើយតបនឹងសេចក្តីត្រូវការចាំបាច់របស់ពួកគាត់ឱ្យបានទាន់ពេលវេលា និងមិនប្រកាន់និន្នការនយោបាយនោះឡើយ។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្បាលម៉ាស៊ីគណបក្សសង្កាត់សំរោង លោក ហួត ហៃ បានស្នើឱ្យមេក្រុម មេភូមិនិងចៅសង្កាត់ ត្រូវចុះសួរនាំ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជួនប្រជាពលរដ្ឋដែលគ្រប់អាយុ ត្រូវបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវជម្រុញឱ្យប្រជាពលរដ្ឋទៅពិនិត្យឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះ លោកក៏បានជម្រុញឱ្យបន្តថែរក្សាសមាជិកចាស់របស់ខ្លួនឱ្យបានល្អ និងគៀងគរសមាជិកថ្មីឱ្យបានកាន់តែច្រើន ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតនាពេលខាងនេះថែមទៀត។

ក្នុងនោះផងដែរលោកស្រី សក់ ស៊ីថា សមាជិកអចិតន្ត្រៃយ៍គណបក្សខណ្ឌព្រែកព្នៅ និង ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង ក៏បានលើទឹកចិត្តឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នាការពារសន្តិភាពដែលយើងមាន ជាពិសេសត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញប្រគល់ឱ្យគឺគៀងគរសមាជិកថ្មីឱ្យបានច្រើតាមតែអាចធ្វើទៅបាន ដើម្បីភាពជោគជ័យក្នុងការបោះឆ្នោតព្រឹទ្ធសភា ក៏ដូចជាការបោះឆ្នោតតំណាងរាស្រ្តនៅពេលខាងមុខជាដាច់ខាត។

ចំណែកលោក យិន អ៊ីម ចៅសង្កាត់សំរោងវិញក៏បានប្តេជ្ញាធ្វើយ៉ាងណារួមសហការជាមួយប្រធានក្រុម ប្រធានភូមិ និងអ្នកពាក់ពា័ន្ធក្នុងមូលដ្ឋាន បំពេញការងារភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារជូនបក្សឱ្យបានកាន់តែប្រសើរថែមទៀត ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំខណ្ឌ ក៏ដូចជាប្រធានក្រុមការងារចុះជួយសង្កាត់សំរោងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕

Facebook Comments
Loading...