សង្កាត់៤ ក្នុងខណ្ឌព្រែកព្នៅ ធ្វើការដេញថ្លៃ ជួសជុលផ្លូវចាក់បេតុង និងប្រព័ន្ធលូ លើគម្រោង មូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០២២

0
555

ភ្នំពេញ ៖ សង្កាត់ ៤ ក្នុងខណ្ឌព្រែកព្នៅ ព្រឹកថ្ងៃទី១២ ខែតុលា នេះ បានអញ្ជើញ ក្រុមហ៊ុនម៉ៅការសំណង់ចំនួន៧ ក្រុមហ៊ុន មកចូលរួមដេញថ្លៃគម្រោងជួសជុល ផ្លូវចាក់បេតុងអាម៉េ បេតុងគ្មានសរសៃដែក និង ប្រព័ន្ធលូនៅក្នុងមូលដ្ឋានរបស់ខ្លួន។

គម្រោងជួសជុល ផ្លូវចាក់បេតុង និង ប្រព័ន្ធលូ ដែលដាក់ឲ្យដេញថ្លៃនាពេលនេះ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០២២ មានផ្លូវចំនួន២ខ្សែ សរុប ប្រវែង ៤៣០ម៉ែត្រ ក្នុងនោះ ផ្លូវបេតុងគ្មានឆ្អឹងដែកប្រវែង ៣៦១ ម៉ែត្រ និងផ្លូវចាក់បេតុងអាម៉េ ប្រវែង១៦៩ម៉ែត្រ ជាមួយនឹងប្រព័ន្ធលូ២ខ្សែ មុខកាត់៦តឹក ប្រវែង៩៧៧ម៉ែត្រ។

នេះជាគម្រោងអភិវឌ្ឍន៍ថ្មីទៀតបន្ថែមលើគម្រោងក្នុងឆ្នាំចាស់ដែលសម្រេចបាន។គួររំលឹកថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលខណ្ឌព្រែកព្នៅ និង សង្កាត់ទាំង៤ បានខិតខំកែប្រែសោភណ័ភាព កសាង ហេដ្ឋារចនាសម្ព័ន្ធដោយជួសជុលផ្លូវបេតុងបានចំនួន៥ខ្សែ  ប្រវែង ១៣៣៦ម៉ែត្រ និងបានដាក់ប្រព័ន្ធលូរំដោះទឹក១ខ្សែ ប្រវែង៤០០ម៉ែត្រ។

លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា លើការងារ កសាង កែលំអហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនេះដែរ សម្រាប់រដ្ឋបាលខណ្ឌព្រែកព្នៅវិញ ក្នុងរយៈពេល១ឆ្នាំកន្លងទៅ ដោយសារពេលនោះយើង ទទួលរង វិប្បត្តនៃជម្ងឺកូវីដ១៩នៅឡើយ រដ្ឋបាលខណ្ឌ បានជួសជុលផ្លូវបេតុង ០១ខ្សែ ៧៣០ម៉ែត្រនិង ជួសជុលដាក់ប្រព័ន្ធលូមុខកាត់ ៦តឹក ប្រវែង៤០០ម៉ែត្រ ខណៈដែលសង្កាត់ទាំង៤ធ្វើការជួសជុលផ្លូវបេតុង៤ខ្សែ ប្រវែង៦០៦ម៉ែត្រ។ លោក អភិបាលខណ្ឌបានលើកឡើងថាការកសាងហេដ្ឋារចនាសម្ព័ន្ធគឺជាកត្តាចាំបាច់បំផុតសម្រាប់មូលដ្ឋាន ដែលបានរួមចំណែកកាត់បន្ថយភាពក្រីក្រយ៉ាងពិតប្រាកដ ដល់ប្រជាពលរដ្ឋក្នុងខណ្ឌទាំងមូល។

ក្នុងឱកាសនោះឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានណែនាំក្រុមហ៊ុនអ្នកទទួលម៉ៅការ ដែលបានដេញថ្លៃឈ្នះនាពេលនេះ ត្រូវរួសរាន់ចុះកិច្ចសន្យា ជាមួយសង្កាត់ និងបន្ទាប់ពីចុះកិច្ចសន្យា ត្រូវ អនុវត្ត តាមផែនការសកម្មភាពការងារឲ្យបានច្បាស់លាស់។ហើយគម្រោងនិមួយៗត្រូវមានមេការប្រចាំការ  មានសៀវភៅតាមដានការដ្ឋាន ជាពិសេសក្នុងការអនុវត្តគម្រោងត្រូវធានា ឲ្យបាននូវគុណភាព បទដ្ឋានបច្ចេកទេស សោភ័ណភាព អនុវត្តគម្រោងឲ្យ ទាន់ពេលវេលាកំណត់ និង រក្សាបាននូវសណ្ដាប់ធ្នាប់សុវត្ថិភាពក្នុងការដ្ឋាន។ ចំពោះ សាលាខណ្ឌ សង្កាត់និង គណៈ កម្មាការគ្រប់គ្រងគម្រោងសង្កាត់ ត្រូវជូនដំណឹងដល់បណ្ដាអង្គភាពពាក់ព័ន្ធពីផលប៉ះពាល់ក្នុងការអនុវត្តគម្រោងដើម្បីចូលរួមសហការនិងត្រូវតាមដានត្រួតពិនិត្យ ការអនុវត្តគម្រោងរបស់អ្នកទទួលការឲ្យបានជាប្រចាំ ដើម្បីឲ្យគម្រោងសង្កាត់ សម្រេចបានលទ្ធផលល្អ ប្រសើរ ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និង នីតិវិធីណែនាំដែលបានកំណត់៕

Facebook Comments
Loading...