៣ថ្ងៃទៀត! រដ្ឋបាលខណ្ឌឫស្សីកែវ នឹងរុះរើសំណង់ស័ង្កសី៣ខ្នង នឹងសម្ភារផ្សេងៗចេញបើមិនរុះរើខ្លួនឯងនៃបុគ្គលតាំងទីលំនៅរំលោភលើដីឡូត៌ប្រជាពលរដ្ឋស្របច្បាប់ នៅតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ខាងលិចវត្តទួល

0
553

(ភ្នំពេញ)៖ បើគ្មានការប្រែប្រួលទេ ៣ថ្ងៃទៀត ពោលគឺនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ, រដ្ឋបាលខណ្ឌឫស្សីកែវ នឹងចាត់វិធានការក្ដៅ ក្នុងការចុះរុះរើសំណង់ឈើស័ង្កសី និងសម្ភារផ្សេងៗចេញទាំងអស់ ចំនួន៣ខ្នង ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឫបាត់បង់ប្រយោជន៍ឡើយ ប្រសិនបុគ្គលឈ្មោះ សន សុខម មិនរុះរើសំណង់ចេញដោយខ្លួនឯង ដែលបានសាងសង់តាំងទីលំនៅលើដីឡូត៌ប្រជាពលរដ្ឋស្របច្បាប់ ក្នុងតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយគិតចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។

នេះបើតាមសេចក្ដីជូនដំណឹង (សជណ) ដោយបោះត្រា និងចុះហត្ថលេខាផ្លូវការ ពីសំណាក់លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដែលអ្នកសារព័ត៌មានទទួលបាន នឹងមានកម្មវត្ថុ: ស្ដីពីការតម្រូវឱ្យរុះរើសំណង់ឈើស័ង្កសីចំនួន៣ខ្នង និងសម្ភារផ្សេងៗចេញពីលើដីឡូត៌ របស់ប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ដែលទើបទទួលបានគោលនយោបាយដីធ្លីពីរដ្ឋ ដោយយោង: ស្មារតីអង្គប្រជុំ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅសាលាខណ្ឌ និងលិខិតលេខ ០៤០/២២ របក ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌ។

សេចក្ដីជូនដំណឹង (សជណ) របស់រដ្ឋបាលខណ្ឌឫស្សីកែវ ដែលតបតាមកម្មវត្ថុ និងយោងខាងលើ បានជម្រាបលោក សន សុខម ឱ្យបានជ្រាបថា សំណង់ឈើស័ង្កសីចំនួន៣ខ្នងរបស់លោក ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានតាំងទីលើដីឡូត៌ របស់ប្រជាពលរដ្ឋ ដែលទើបទទួលបានការដោះស្រាយគោលនយោបាយដីធ្លី ពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងតំបន់អភិវឌ្ឍន៍ព្រែកអូរវែង តាមរយៈការចាប់ឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

ក្នុងសេចក្ដីជូនដំណឹង (សជណ) មានខ្លឹមសារថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ កន្លងទៅ, រដ្ឋបាលខណ្ឌ បានអញ្ជើញលោក សន សុខម មកប្រជុំសម្របសម្រួល និងណែនាំឱ្យរុះរើសំណង់ឈើស័ង្កសីចេញពីលើពោះព្រែកអូរវែង។ តែលោក សន សុខម បានស្នើសុំដោះស្រាយគោលនយោបាយដីចំនួន១ឡូត៌ នៅតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានឯកភាពផ្ដល់ជូនទៅតាមការស្នើសុំរបស់បុគ្គលម្នាក់នេះ រួចហើយដែរ។ ប៉ុន្តែបច្ចុប្បន្ន បុគ្គល សន សុខម បានលួចសាងសង់រោងឈើស័ង្កសីចំនួន២បន្ថែមទៀត រំលោភលើដីប្រជាពលរដ្ឋស្របច្បាប់ ដែលសកម្មភាពនេះ រដ្ឋបាលខណ្ឌ ចាត់ទុកថាជាអំពើល្មើសច្បាប់ ដែលអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។

នៅក្នុងសេចក្ដីជូនដំណឹង (សជណ) ដដែលមានខ្លឹមសារទៀតថា ដើម្បីជៀសវាងបាតុភាពផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ហើយប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់កើតឡើងដោយសារការរំលោភលើដីប្រជាពលរដ្ឋស្របច្បាប់ ក៏ដូចជារក្សាបាននូវសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ, រដ្ឋបាលខណ្ឌ តម្រូវឱ្យបុគ្គល សន សុខម រុះរើសំណង់ឈើស័ង្កសី និងសម្ភារផ្សេងៗចេញពីលើដីឡូត៌របស់ប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍ព្រែកអូរវែង រយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយអញ្ជើញមកទទួលយកគោលនយោបាយដីចំនួន១ឡូត៌ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់ជូន។

បើក្នុងករណីលោក សន សុខម មិនអនុវត្តតាមការណែនាំខាងលើ, រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាលចុះរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត និងបាត់បង់ប្រយោជន៌អ្វីឡើយ។ អាស្រ័យហេតុនេះ, សូមលោក សន សុខម ជ្រាប និងអនុវត្តតាមខ្លឹមសារខាងលើ៕

Facebook Comments
Loading...