ណេតបង្កប់ល្បែងស៊ីសងមួយកន្លែង នៅតែបន្តបើកលេងយ៉ាងរលូន រឺមួយអាចសែនត្រូវរ៉ូវជាមួយមូលដ្ឋានខណ្ឌហើយមើលទៅ!!

0
315

ភ្នំពេញ ៖ បើទោះបីជាគណៈអភិបាលរាជធានីភ្នំពេញដាក់កំហិតអោយអភិបាលខណ្ឌទាំង១៤ ទប់ស្កាត់ទីតាំងបើកល្បែងស៊ីសងយ៉ាងណាក៏ដោយ ក៏ផ្ទះ២ល្វែងស្ថិតតាមបណ្តោយផ្លូវ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា នៅតែអាចបើកដំណើរការយ៉ាងរលូន ហាក់គ្មានញញើតនិងបទបញ្ជារបស់អភិបាលរាជធានីអ្វីបន្តិចសោះ រឺមួយអាចសែនត្រូវរ៉ូវជាមួយមូលដ្ឋានខណ្ឌហើយមើលទៅ។

សូមបញ្ជាក់ថា ទីតាំងបើកល្បែងស៊ីសងខាងលើនេះ ត្រូវបានគេប្រាប់អោយដឹងថា បើកជាលក្ខណៈដូចកាស៊ីណូអញ្ចឹង មានល្បែងគ្រប់ប្រភេទ ហើយក៏មានមនុស្សចេញចូលគគ្រឹកគគ្រេងទាំងថ្ងៃ ទាំងយប់ យ៉ាងអណាធិបតេយ្យ តែងាកមកមើលអាជ្ញាធរសង្កាត់ ក៏ដូចជាខណ្ឌ៧មករា ហាក់គ្មានវិធានការក្នុងការបង្ក្រាបសោះ។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោកថេង សុថុល អភិបាលខណ្ឌ៧មករា និងលោកនេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា គួរមានវិធានការចំពោះទីតាំងនេះផង។

សូមរំលឹកថា កន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។

ប្រជាពលរដ្ឋដែលស្អប់ល្បែងស៊ីសង នឹងរង់ចាំមើលលោក អភិបាលខណ្ឌ៧មករា ដែលទើបឡើងថ្មី លោក ថេង សុថល និងលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌ៧មករា អាចមានវិធានការចំពោះទីតាំងខាងលើនេះបានរឺយ៉ាងណា៕

Facebook Comments
Loading...